header ads

Sponsor

ទេសចរណ៍

អាម៉ាប៉ាប៉ាញ៉ូស

ទឹកធ្លាក់ចំការក្រូច ស្ថិតនៅតំបន់ជ្រាវ ដែលស្ថិតនៅព្រំប្រទល់ខេត្តកំពង់ស្ពឺ និង ខេត្តកំពង់ឆ្នាំង ជាតំប់ទេសចរណ៍បែបធម្មជាតិដ៏ស្រស់ត្រកាលមួយ ដែលហ៊ុំព័ទ្ធទៅដោយជួរភ្នំធំៗ ខៀវស្រងាត់ ប្លែកភ្នែក ស្រស់ស្រាយអារម្មណ៍! បើនិយាយពីភូមិសាស្ត្រវិញ តំបន់ភ្នំជ្រៀវនេះ គឺស្ថិតនៅតំបន់ប្រជុំភ្នំជាមួយភ្នំឱរ៉ាល់ដែរ! បើនិយាយពីទេសភាពវិញគឺ ស្អាតប្លែកណាស់ ត្រឹមតែចំងាយប្រមាណ 115 គីឡូម៉ែត ប៉ុន្តែទេសភាព និង បរិយាកាសហាក់ដូចជាខុសគ្នាដូចឋាន 2 ផ្សេងគ្នា! ចាប់ពីចេញដំណើរពីទីក្រុងទិដ្ឋាភាព នឹងផ្លាស់ប្តូរបន្តិចម្តងៗ ចាប់ផ្តើមពីទីក្រុងដ៏មមាញឹក និង អ៊ូរអរ មកកាន់ស្រុក ភូមិដែលមានភាពអ៊ូរអរកាន់តែតិចទៅៗ រហូតពេលមកដល់តំបន់ជ្រាវនេះ គឺកាន់តែស្ងប់ស្ងាត់ កាន់តែខិតជិតជាប់ទៅនឹងធម្មជាតិតែម្តង។

ទៅតាមណា? អាចជិះតាមផ្លូវជាតិលេខ 4 ក៏បាន ផ្លូវជាតិលេខ 5 ក៏បាន ប៉ុន្តែដៀវ ណែនាំអោយជិះតាមផ្លូវជាតិលេខ 5 វិញ មានលក្ខណៈងាយស្រួលជាង ! ជិះតាមផ្លូវជាតិលេខ 5 រហូតដល់ ផ្សារឧត្តុង្គ បត់ឆ្វេង ជិះត្រង់រហូតតាមផ្លូវជាតិ 132 រហូតដល់ ច្រមុះជ្រូកផ្សារអមលាំង កាច់ស្តាំ ហើយទៅត្រង់រហូតដល់ផ្លាកសញ្ញា ទៅទឹកជ្រោះ ! ផ្លូវធ្វើដំណើរគឺមានភាពអាយស្រួល ដោយសារជាតិផ្លូវកៅស៊ូ ហើយចាប់ពីផ្លូវបត់ផ្សារ​ឧដុង្គ​ ទៅគឺផ្លូវស្ងាត់ ស្រួលជិះមែនទេ ! ដោយឡែក ផ្លូវប្រមាណជា 15 គីឡូម៉ែត (ទៅទឹកធ្លាក់)ជាប្រភេទផ្លូវដី ប៉ុន្តែមិនលំបាកទេ (អាចហុយបន្តិចបើគ្មានភ្លៀង)។ និយាយរួមជិះម៉ូតូបែបណា ឡានបែបណាក៏អាចទៅដល់ដែរ។

រូបភាពទី១
រូបភាពទី២
រូបភាពទី៣

មានអីលេងខ្លះ? បើនិយាយពីកន្លែងលេង នៅតំបន់ហ្នឹងមានច្រើនដែរ ដែលអាចលេងបាន ដូចជា ចំការអំពៅនៅអមលាំង ទឹកធ្លាក់ជ្រាវ ទឹកធ្លាក់ចន្លុះ និង ទឹកធ្លាក់ចំការក្រូចនេះតែម្តង ។ កន្លែងទាំងនេះគឺស្ថិតនៅតាមផ្លូវតែមួយ ។បើនិយាយពីទឹកធ្លាក់ចំការក្រូចនេះ គឺជាកន្លែងសំរាប់ភ្ញៀវទេសចរណ៍ ទៅលេងទឹក កំសាន្តបែបពិកនិក អីជាដើម ។ នៅទីនោះមានទឹកធ្លាក់ល្មមសំរាប់លេង ហើយសំរាប់ខ្ញុំ បរិយាកាស ល្អជាងទឹកធ្លាក់ជ្រាវ (ដែលជាទឹកធ្លាក់ធំជាងនេះ ហួសទឹកធ្លាក់ចំការក្រូចបន្តិច) ដោយសារមនុស្សតិចជាង កន្លែងអង្គុយក៏ដាច់ៗពីគ្នាជាង ។ នៅទីនេះមានអ្នកលក់អាហារ និង ភេសជ្ជៈ ដូចនេះកុំបារម្ភបើអត់បានរៀបចំ ។ ហើយចង់និយាយថាម្ហូបនៅទៅនេះគឺឆ្ងាញ់ រសជាតិគឺអេម។ បើនិយាយពីតំលៃអាចនឹង លើសខាងក្រៅតិចតួចតែ ទៅសូញសាញអីជួយទិញគាត់ទៅហ្ន ដើម្បីអោយគាត់មានចំណូល ។ សំរាប់កន្លែងអង្គុយមានជា កញ្ចុះ ដែលមួយតំលៃ 15000 រៀល បើមិនចង់ជួលអាចក្រាលកន្ទេលអង្គុយនៅទីណាក៏បាន តែសូមចិត្តណា សូមរក្សាសំរាម បោះចោលអោយបានត្រឹមត្រូវផង។ លើសពីនេះ កន្លែងនេះក៏ជាកន្លែងអាចបោះតង់បានផងដែរ (ប៉ុន្តែត្រូវមានតង់ខ្លួនឯង) ដោយការបោះតង់មួយ ត្រូវបង់ថ្លៃ 15000 រៀល ប៉ុន្តែនឹងមានពូៗប្រជាការពារនៅយាមផងដែរ ដូចនេះក៏ជាសុវត្ថិភាពមួយផងដែរ ។ សំរាប់ខ្ញុំទីតាំងនៅទីនេះពិតជាអំណោយផលណាស់ ព្រោះស្ងាប់ស្ងាត់ល្អ ទេសភាពក៏ស្អាត ហើយមានប្រភពទឹក នៅជិតស្រាប់សំរាប់ប្រាស់។ សំរាប់អ្នកចង់ឡើងទឹកធ្លាក់ចន្លោះ (ទឹកធ្លាក់ធំ កំពស់ 100 ម៉ែត) គួរស្នាក់នៅទីនេះមួយយប់ក៏បាន រឺស្នាក់នៅផ្ទះស្នាក់ នៅអមលាំង ជិតចំការអំពៅវិញក៏បាន ព្រោះការឡើងទៅទឹកជ្រោះត្រូវចំនាយពេល មួយថ្ងៃពេញ (3-5 ម៉ោងសំរាប់ការឡើង អាស្រ័យតាមបទពិសោធរបស់អ្នកឡើង)។ អូ ដៀវ សូមផ្តាំបន្តិច បើទៅលេងទឹកជ្រោះ សូមប្រយ័ត្នតិច ព្រោះថ្មរអិល ហើយបើមេឃភ្លៀងអី គួរសួរនាំពូប្រជាការពារនៅហ្នឹង ព្រោះខ្លាចទឹកបុកមកខ្លាំងដោយយើងមិនបានដឹង ដោយសារវាមានប្រភពមកពីភ្នំ ។ និយាយរួមកន្លែងហ្នឹង សំរាប់ដៀវ គឺចូលចិត្តខ្លាំង ដោយសារតែនៅជិត តែស្អាត ប្លែកអារម្មណ៍ ហើយមានកន្លែងលេងច្រើន។

ចាយអស់ប៉ុន្មានទៅ? ខ្ទង់ចំណាយ ធម្មតា វាប្រែប្រួលទៅតាមយើងម្នាក់ៗ ។ ពេលដៀវទៅ ជិះម៉ូតូ ចាក់សាំង អស់ម្នាក់ 10000រៀល (ស៊ែរជាមួយមិត្តភក្តិ) បង់ថ្លៃចូល 2000 រៀលក្នុងមួយម៉ូតូ ទិញទឹក ញ៉ាំបាយ នៅទឹកជ្រោះហ្នឹងអស់ម្នាក់ 26000 រៀលទៀត ហើយចំណាយចិបចុប តិចតួចទៀត ថា 50000រៀលចុះបើសរុប។ ដូចសព្វដងចឹង នេះជាអ្វីដែល ដៀវ សុំ បើអ្នកទាំងអស់គ្នាទៅលេង : 1. សូមចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ! រៀបចំទុកដាក់សំរាម និង បោះចោលអោយបានត្រឹមត្រូវ ជាពិសេសសំរាមផ្លាស្ទិច សូមកុំបោះចូលទឹក ! ថែរក្សាទាំងអស់គ្នា កន្លែងស្អាតបានរហូត យើងមកលេងបានរហូតណា! 2. សូមកុំបំពុលបរិយាកាសដ៏ស្ងប់ស្ងាត់់ ដែលយើងគ្រប់គ្នាខំទៅស្វែងរកនៅទីនោះ ដោយការចាក់ធុងបាស់ ច្រៀងខារ៉ាអូខេលឺៗ គួររៀនប្រើប្រាស់ថាមពលដែលធម្មជាតិផ្តល់អោយ (ភាពស្ងប់ស្ងាត់ ភាពស្រសស្រាយ) ដើម្បីជាប្រយោជន៍ផ្លូវសតិអារម្មណ៍សំរាប់ខ្លួន ។ ម៉្យាងទៀត វាក៏ជាការគោរពដល់ម្ចាស់ទឹកដី ព្រៃព្រឹក្សា និង អ្នកទេសចរណ៍ដ៏ទៃផងដែរ ។ 3. សូម កុំទិញ និង ពិសារសត្វព្រៃអី ។ វាអាចនឹង ប្លែកតែមិនប្រាកដថាវាមានប្រយោជន៍ទាំងអស់ទេ ។ ទីមួយ បើគ្រប់គ្នានៅតែពិសារ សត្វព្រៃមួយចំនួននឹងរងការផុតពូជ ។ ម្យ៉ាងទៀត សត្វព្រៃ មិនដូចសត្វស្រុកយើងទេ វាមិនត្រឹមតែមិនមែនជាថ្នាំព្យាបាលជំងឺ តែអាចផ្តល់ជំងឺមកវិញក៏ថាបាន បើយើងបរិភោគដោយមិនបានប្រយ័ត្ន ។ ចឹងសូមចុះណា ! ពេលដែលយើងឈប់ទិញ អ្នកលក់ក៏គាត់ឈប់បរបាញ់ដូចគ្នា ហើយរឿងនេះ គឺត្រូវចាប់ផ្តើមពីខ្លួនយើងផ្ទាល់ ។

រូបភាពទី៤
រូបភាពទី៥
រូបភាពទី៦

និយាយរួម បើថាមិនមានពេលវេលាច្រើន មិនចង់ទៅណាឆ្ងាយ មិនចង់ចំណាយច្រើន តែចង់បានអារម្មណ៍ស្រស់ស្រាយ ជាមួយធម្មជាតិ កន្លែងនេះពិតជាសាកសម ។ អ្នកណាខ្លះធ្លាប់បានទៅលេង? ជួយប្រាប់ផង ថាស្អាតដូចរូប និង អ្វីដែលដៀវបានពណ៌នាមែនអត់? ហើយអ្នកអត់ទាន់បានទៅ គំរោងទៅថ្ងៃណា? សួរនាំ មិត្តភក្តិ រឺក្រុមគ្រួសារអោយហើយទៅណា! សំរាប់អ្នកដែលចង់ទៅបោះតង់ អាចទាក់ទងទៅពូអ៊ិត ដែលជាប្រជាការពារនៅទីនោះបានតាមលេខនេះ 095 515 9997! សូមទៅលេងដោយរីករាយ និង សុវត្ថិភាពណា! អរគុណប្អូនៗបងៗអ្នកថតរូប

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post