សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានចេញបញ្ជាមួយនៅថ្ងៃសុក្រនេះ ដើម្បីហាមឃាត់ពលរដ្ឋក្នុងប្រទេសខ្លួន ក្នុងការទាញយកឬហៅថា downloads កម្មវិធីផ្ញើសារWeChat និងកម្មវិធីចែកចាយវីដេអូតាមរយៈTikTok របស់ប្រទេសចិនចាប់ពីថ្ងៃអាទិត្យទី២០កញ្ញានេះទៅ ដរាបណាមានការសម្រេចជាថ្មីពីប្រធានាធិបតីលោក ដូណាល់ ត្រាំ។
រដ្ឋបាលលោក ត្រាំ បាននិយាយថា កម្មវិធីរបស់ក្រុមហ៊ុនទាំងពីររបស់ចិននេះ គំរាមកំហែងដល់សន្តិសុខជាតិអាមេរិក ហើយអាចបញ្ជូនទិន្នន័យអ្នកប្រើប្រាស់ទៅរដ្ឋាភិបាលចិន។ ប៉ុន្តែរដ្ឋអំណាចចិននិងក្រុមហ៊ុនរបស់ខ្លួនទាំងពីរ បានបដិសេធការអះអាងរបស់ភាគីអាមេរិកនេះ។
ស្របពេលដែលរដ្ឋាភិបាលអាមេរិកនិយាយថា នេះជាបញ្ហាសន្តិសុខជាតិ ក្រុមហ៊ុន TikTok ក៏បានអះអាងថា បទបញ្ជារបស់រដ្ឋាភិបាលអាមេរិនៅពេលនេះ គឺធ្វើឡើងដោយសាររឿងនយោបាយ។
WeChat នឹងត្រូវបិទលែងប្រើប្រាស់បាននៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃអាទិត្យនេះ ប៉ុន្តែពលរដ្ឋរស់នៅអាមេរិកនៅតែអាចប្រើ TikTok ដូចធម្មតារហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា រហូតដល់ពេលត្រូវហាមឃាត់ទាំងស្រុង។
ប្រសិនបើភាពជាដៃគូដែលបានគ្រោងទុករវាងក្រុមហ៊ុនអាមេរិក Oracle និងក្រុមហ៊ុន TikTok ByteDance របស់ចិនព្រមព្រៀងគ្នា ហើយទទួលបានការយល់ព្រមពីប្រធានាធិបតី ត្រាំ នោះកម្មវិធីTikTokនឹងមិនត្រូវបានហាមឃាត់ឡើយ។
ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថា តើលោក ត្រាំ នឹងទទួលយកកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុនទាំងពីរនេះឬទេ ដោយគេគ្រាន់តែរំពឹងថា គាត់នឹងពិនិត្យមើលវាឡើងវិញមុនថ្ងៃផុតកំណត់គឺថ្ងៃអាទិត្យនេះ។
កម្មវិធី TikTok មានអ្នកប្រើប្រាស់រាប់លាននាក់នៅអាមេរិក ប៉ុន្តែ WeChat វិញដែលអះអាងថាមានអ្នកប្រើប្រាស់រាប់ពាន់នាក់ គឺមិនទាន់ដឹងថា មានអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកប៉ុន្មាននាក់ឡើយ។
រដ្ឋាភិបាលឥណ្ឌាក៏បានហាមឃាត់ការប្រើប្រាស់ TikTok និង WeChat រួចហើយរួមទាំងកម្មវិធីរបស់ប្រទេសចិនរាប់សិបទៀត។ រដ្ឋាភិបាលនៅក្នុងទីក្រុងដេលីបាននិយាយថា កម្មវិធីទាំងនេះ បានធ្វើឱ្យប៉ះពាល់អធិបតេយ្យភាព បុរណភាពទឹកដីការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈរបស់ប្រទេសឥណ្ឌា៕