កំពង់ឆ្នាំ៖ កម្លាំងនគរបាលបានឃាត់ខ្លួនហើយ បុរសដែលសម្ញែងកាំភ្លើង AK និងគំរាមបុកអ្នកជិះម៉ូតូ សង្ស័យផ្តើមចេញពីការទាស់ចិត្តរឿងបើកបរលើដងវិថីនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង តាំងពីយប់មិញ និងកំពុងសួរនាំ ដេីម្បីចាត់វិធានការតាមនីតិវិធី។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ មានជម្លោះពាក្យសម្តីព្រោះតែការបើកបរមួយរវាងអ្នកជិះរថយន្ត និងអ្នកជិះម៉ូតូ នៅភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

តាមរយៈវីដេអូថតដោយបុរសអ្នកជិះម៉ូតូ ហើយបង្ហោះ និងចែកចាយយ៉ាងព្រោងព្រាតលើបណ្តាញសង្គមនោះ គេបានឃើញបុរសភាគីអ្នកជិះរថយន្ត បាននិយាយគំរាមឱ្យបុរសជិះម៉ូតូបើកបរឱ្យបានត្រឹមត្រូវ ហើយថែមទាំងបានគំរាមបុកអ្នកជិះម៉ូតូផងដែរ។ មិនត្រឹមតែគំរាមបុក និងប្រើសម្តីធ្ងន់ៗដាក់ទៅបុរសជិះម៉ូតូនោះទេ បុរសជាអ្នកជិះរថយន្តនេះថែមទាំងបានទាញយកកាំភ្លើង AK៤៧ ចេញពីក្នុងរថយន្តមកកាន់សម្ញែងដាក់ភាគីជម្លោះថែមទៀតផង។

គេមិនទាន់ដឹងអត្តសញ្ញាណភាគីជម្លោះនេះនៅឡើយទេ ទាំងខាងអ្នកជិះរថយន្ត និងជិះម៉ូតូ។ បើតាមស្លាកលេខរថយន្ត «ភ្នំពេញ. 2AD-0819» ដែលបុរសគំរាមបុកគេជិះ បានបញ្ជាក់ថា រថយន្តនេះមានម្ចាស់ឈ្មោះ «ញឹក ផន»។

ប្រភពព័ត៌មានក៏បានបញ្ជាក់ដែរថា បុរសជាអ្នកជិះរថយន្តនេះ ជាកូនប្រុសរបស់ឧកញ៉ា ញឹក ផន ដែលជាម្ចាស់កម្មសិទ្ធិកររថយន្ត។

គេក៏នៅមិនទាន់ដឹងថា ជម្លោះនេះផ្តើមចេញពីអ្វីនោះទេ។ តែទោះបីជាយ៉ាងណា ក្រោយឃើញហេតុការណ៍នេះ គេបានសម្តែងការហួសចិត្តចំពោះការមិនចេះយោគយល់ និងអធ្យាស្រ័យគ្នាលើការបើកបរលើដងវិថី ហើយឈានទៅដល់ទំនាស់មួយដែលមិនគួរកើត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor