សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ភ្នំពេញ៖ ករណីលោកប៉ូលិសផ្កាយ៣ឈ្មោះ ហ៊ាង ហ្វខាយ ជាអភិបាលក្រុមហ៊ុន ជីន លីស៊ុន រងការចោទពាក់ព័ន្ធបទល្មើ.ស ដីធ្លី គឺជារឿងបុគ្គល ហើយបុគ្គលនេះត្រូវចេញមុខទទួលខុសត្រូវដោយខ្លួនឯង។
នេះបើតាមឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២០នេះ ៖ «ករណីនេះជារឿងបុគ្គល។ ក្រសួងមហាផ្ទៃមិនមានសមត្ថកិច្ចលូកដៃចូលរឿងបុគ្គលឡើយ ហើយក្រសួងមហាផ្ទៃ សុំឲ្យសាមីខ្លូនចេញបំភ្លឺដោយខ្លួនឯងជាសាធារណៈ និងចំពោះមុខច្បាប់»។
លោកបានបញ្ជាក់ទៀតថា ក្នុងនាមមន្ត្រីរាជការសាធារណៈទទួលប្រាក់ខែរដ្ឋ ទៅធ្វើការឯកជន និងប្រព្រឹត្តទង្វើមិនគប្បីណាមួយ នោះក្រសួងមហាផ្ទៃនឹងឈានទៅពិនិត្យវិធានការតាមច្បាប់ក្នុងករណីចាំបាច់។
ទាក់ទងនឹង ប៉ូលិសផ្កាយ៣ដដែលនេះ បើតាម ឯកឧត្តម ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្នាននគរបាលជាតិ ក៏បានបញ្ជាក់ផងដែរថា៖ គាត់ (ឧត្តមសេនីយ៍ឯក ហ៊ាង ហ្វខាយ) ជាប៉ូលិសមែន តែមិនស្ថិតក្រោមអគ្គស្នងការដ្ឋាននគរបាលជាតិទេ។ បុគ្គលនេះនៅក្នុងអង្គភាពអគារធិការដ្ឋានរបស់ក្រសួងមហាផ្ទៃ។
បើតាមប្រភពផ្លូវការឲ្យដឹងថា បុគ្គលឧត្តមសេនីយ៍ឯក ហ៊ាង ហ្វខាយ គឺជាជនជាតិចិន ហើយបានចូលសញ្ជាតិជាជនជាតិខ្មែរ និងក្រោយមកបានទទួលស័ក្តិជាមន្ត្រីក្នុងជួរនគរបាល។
សូមជម្រាបថា យោងតាមដីការបស់តុលាការបានសរសេរថា ឈ្មោះ ហ៊ាង ហ្វខាយ ជនជាតិចិន មុខរបរ អភិបាលក្រុមហ៊ុន ជីន លីស៊ុន Cambodia Co.Ltd និងជនជាតិចិន៥នាក់ និងគូកនជាច្រើនាក់ទៀត ត្រូវបានចោទប្រកាន់ពីបទ «មិនអនុវត្តសេចក្តីសម្រេចរបស់តុលាការ បទក្លែងបន្លំឯកសារសាធារណៈ និងបទបំភាន់មន្ត្រីសុរិយោដីអោយចុះបញ្ជី» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ តាមមាត្រា៥២៣ និង មាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ និង មាត្រា២៥២នៃច្បាប់ភូមិបាល។
នៅក្នុងដីការរបស់តុលាការ បានស្នើឲ្យឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទទាំងអស់ ដើម្បីបញ្ចប់បទល្មើ។ស ឬបង្ការបទល្មើ.សកុំឲ្យកើតជាថ្មី, ដើម្បីរារាំងកុំឲ្យមានការគាបសង្កត់លើសាក្សី ឬ ជនរងគ្រោះ ឬរារាំងកុំឲ្យមានការត្រូវរ៉ូវគ្នារវាងជនត្រូវចោទ និងអ្នកសមគំនិត ,ដើម្បីធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី និងដើម្បីធានារក្សាសណ្តាប់ធ្នាប់សាធារណៈ កុំឲ្យមានការច្របូកច្របល់ដែលបណ្តាលមកពីបទល្មើ។ស។