header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

នៅថ្ងៃទី១០កញ្ញា លោកស្រី ឱ វណ្ណឌីន មន្ត្រីនាំពាក្យក្រសួងសុខាភិបាល បានបដិសេធ​សារ​ព័ត៌មានវៀតណាម ដែល​បានផ្សព្វផ្សាយថា អ្នកដំណើរចេញពីកម្ពុជាចូល​ទៅ​ដល់​ទឹក​ដី​វៀតណាមចំនួន៣នាក់ ត្រូវបាន​ធ្វើ​តេស្ដ​វិជ្ជ​មាន​ជំងឺ​កូវីដ១៩។ ប៉ុន្តែលោកស្រីថា ការ​ផ្សាយនេះគឺជាព័ត៌មានមិនពិត ហើយអ្នកទាំង៣​គឺបាន​ឆ្លង​កូវីដ​នៅ​វៀត​ណាម​ប៉ុណ្ណោះ។

ការបដិសេធពីមន្រ្តីកម្ពុជានេះ គឺបន្ទាប់ពីសារព័ត៌មានVNEXPRESS បានចុះផ្សាយ​កាល​ពី​ថ្ងៃទី៨កញ្ញាថា អ្នក​ដំណើរ​ចំនួន៣នាក់ ដែលពីរនាក់ធ្វើដំណើរចេញ​ពីកម្ពុជា​ទៅ​ដល់​វៀត​ណាមកាលពីថ្ងៃទី២៦សីហា និងម្នាក់ទៀត​ចេញ​ពីកម្ពុជាទៅដល់វៀត​ណាម​កាល​ពី​ថ្ងៃទី២៥សីហា ត្រូវបានធ្វើតេស្ដវិជ្ជមានកាលពីថ្ងៃចន្ទទី៧កញ្ញានេះ។

នេះគឺជាលើកទី៣ហើយ ដែលវៀតណាមបានចុះផ្សាយថា មានអ្នកធ្វើតេស្ដវិជ្ជមានកូវីដ បន្ទាប់​ពីធ្វើ​ដំណើរ​ចេញ​ពី​កម្ពុជា​ទៅដល់ប្រទេសវៀតណាម។

កាលពី​ថ្ងៃ​ទី​ ១៦ ​ឧសភា សារព័ត៌មាន​វៀតណាម VNexpress ក៏ធ្លាប់បាន​ចុះផ្សាយ​ថា ពល​រដ្ឋ​វៀតណាម​ចំនួន​ ៤ ​នាក់​ដែល​ធ្វើ​ដំណើរ​​ត្រឡប់​ពី​បរទេស​វិញ ត្រូវ​បាន​ធ្វើតេស្ដ​វិជ្ជមាន​ជាមួយ​ជំងឺ​កូវីដ​ ១៩ ហើយក្នុង​ចំណោម​អ្នកជំងឺ​ថ្មី​ទាំង​ ៤ ​នាក់ គឺ​ម្នាក់​ជា​បុរស​អាយុ​ ៣៩ ​ឆ្នាំ​ ដែល​បានធ្វើដំណើរចេញពី​ខេត្ត​សៀមរាប​ទៅ​ដល់​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់​វិញ​នៅ​ថ្ងៃទី​ ២ ខែ​ឧសភា។

កាលណោះ សារព័ត៌មាននេះបន្តថា បុរស​នោះគឺ​បាន​ជិះ​ម៉ូតូឌុប​របស់​ជនជាតិ​ខ្មែរ​ម្នាក់​ចេញពី​ព្រំដែន​ចូលទៅ​លេង​ផ្ទះ​ម្ដាយ​នៅ​សង្កាត់​តាន់កូវ ហើយ​បន្ទាប់មក​បាន​រាយ​ការណ៍​​ទៅកាន់​ប៉ុស្ដិ៍​ប៉ូលិស​ដែល​នៅ​ជិត​នោះ អំពី​ការធ្វើ​ដំណើរ​ត្រឡប់​ពី​កម្ពុជា​វិញ និង​ត្រូវ​បាន​ដាក់​ឱ្យនៅ​ដាច់​ដោយ​ឡែក​កាលពី​ថ្ងៃទី​ ៣ ​ឧសភា​ មុនពេល​ត្រូវ​បាន​ធ្វើ​តេស្ដ​វិជ្ជមាន។

កាលពី​ថ្ងៃទី​ ៨ មិថុនា សារព័ត៌មានវៀតណាមដដែលនេះ ក៏បាន​ចុះផ្សាយ​ដោយ​ដក​ស្រង់​ប្រភព​ពី​ក្រសួង​សុខាភិបាល​វៀតណាម​ថា យុវជន​វៀតណាម​ម្នាក់​អាយុ​ ១៨ ​ឆ្នាំ​ ដែល​មាន​លំនៅ​ឋាន​ក្នុង​ឃុំ Thuong Phuoc ស្រុក Hong Ngu ខេត្ត Dong Thap ជា​ខេត្ត​ដែល​មាន​ព្រំប្រទល់​ជាប់​ខេត្ត​ព្រៃវែង​ ត្រូវ​បាន​ធ្វើតេស្ដ​វិជ្ជមាន​ជំងឺ​កូវីដ ​១៩ កាលពី​ថ្ងៃអាទិត្យ​ទី​ ៧ មិថុនា​។

សារព័ត៌មាន​នេះ​បន្ត​ថា យុវជន​​នេះ​ត្រូវ​បាន​ដាក់​ឱ្យនៅ​ដាច់​ដោយ​ឡែក​ភ្លាមៗ​នៅ​មណ្ឌល​​សុខភាព បន្ទាប់ពី​ធ្វើ​ដំណើរ​មកដល់​ច្រក​ទ្វារ​ព្រំដែន Thuong Phuoc ចេញពី​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​ ២៥ ​ឧសភា​។ ​យុវជន​​នេះ​ត្រូវ​បាន​ធ្វើតេស្ដ​លើក​ទី​ ២ ដោយសារ​ជិត​ផុតកំណត់​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក ដើម្បី​អនុញ្ញាត​ឱ្យ​វិល​ទៅផ្ទះ​វិញ ប៉ុន្តែ​បែរ​ជា​ចេញ​លទ្ធផល​វិជ្ជមាន​។

ទោះជាយ៉ាងណា ក្រសួង​សុខាភិបាល​កម្ពុជា ធ្លាប់​បាន​ស្នើជាបន្តបន្ទាប់ឱ្យ​ភាគី​វៀត​ណាម​​​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​​ និង​គោលការណ៍​និយតកម្ម​អន្តរជាតិ​មុននឹង​ធ្វើការ​សន្និដ្ឋាន ឬ​ចុះផ្សាយ​ចៀសវាង​ធ្វើឱ្យ​ប៉ះពាល់​ដល់​កម្ពុជា​ទៀត​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post