សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូស
ដោយមើលឃើញពីស្ថានភាពជាក់ស្ដែងរបស់ក្រសួងអភិវឌ្ឍន៍ជនបទសព្វថ្ងៃដែលមានទីតាំងតូចចង្អៀតស្ថិតនៅជាប់ទីស្តីការគណៈរដ្ឋមន្ត្រី មានផ្លូវតូចចង្អៀតខ្វះទីចំណតយានយន្ត និងបង្កមានការកកស្ទះរាល់ថ្ងៃនោះរដ្ឋាភិបាលបានសម្រេចផ្តល់ផ្ទៃដីបឹងតាមោកទំហំជាង១៥ហិកតាសម្រាប់សាងសង់អគារទីស្តីការថ្មីស្ថិនៅតាមបណ្តោតមហាវិថីឈ្នះឈ្នះក្នុងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។
បើយោងតាមលិខិត ៧៩០ សជណ. មយ ចុះថ្ងៃទី ១ កញ្ញា កន្លងមកនេះ ទីស្តីការគណៈរដ្ឋមន្ត្រី យល់ព្រមជាគោលការណ៍កាត់ដីបឹងតាមោក (កប់ស្រូវ) ទំហំ ១៥ហិកតា ឱ្យទៅក្រសួងអភិវឌ្ឍន៍ជនបទសាងសង់ទីស្តីការក្រសួងថ្មី។
លិខិតមួយច្បាប់នេះ ត្រូវផ្ញើទៅស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដំណើរការសំណើជាបន្ត។
លិខិតបានចែងថា៖ រដ្ឋាភិបាលយល់ព្រមជាគោលការណ៍កំណត់យកទីតាំងផ្ទៃដីបឹងតាមោកបឹង (កប់ស្រូវ)ទំហំ ១៥,០៣ហិកតា ស្ថិតនៅតាមបណ្តោយ មហាវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ សម្រាប់រៀបចំសាងសង់ អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។
លើសពីនេះ លិខិតនេះក៏បានសម្រេចធ្វើប្រទានកម្មផ្ទៃដីបឹងតាមោកជាង ៨ ហិកតា នៅក្នុងសង្កាត់គោករកា ជូនលោក សេង វុទ្ធី គ្រប់គ្រងជាកម្មសិទ្ធិ ផងដែរ។