សេចក្តីបំភ្លឺជូនសាធារណជន ចំពោះបញ្ហាមិនបានអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលទៅក្នុងសាលប្រារព្ធពិធីទាំងចំនួនជាង១០០នាក់ ៖
-ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជនពិសេស អ្នកសារព័ត៌មាននិងបងប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីព្រឹកថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ២០២០ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរៀបចំពិធីប្រកាសតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ។
វត្តមានឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ មានភ្ញៀវកិត្តិយស និងសមាជិក សមាជិការចូលរួមយ៉ាងច្រើនកុះករ ។
ជាមួយនេះក៏មានអ្នកសារព័ត៌មានរហូតដល់ចំនួន១១០នាក់ដែលលោកបានអញ្ជើញមកកាន់ទីនេះដែរ ។
ដោយសារការរៀបចំទីកន្លែងប្រារព្វពិធីសម្រាប់អ្នកចូលរួមមានចំនួន កំណត់ ហើយបញ្ហាដែលត្រូវយកចិត្តទុកដាក់បំផុតនាពេលនោះគឺ ការរក្សាឱ្យបាន នូវគម្លាតសុវត្ថិភាពបុគ្គល ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលទាក់ទងនឹងករណីឆ្លងជម្ងឺCovid-19 និងម៉្យាងដើម្បីរក្សាបាន នូវសណ្តាប់ធ្នាប់ របៀបរៀបរយល្អប្រសើរក្នុងពេលដំណើរការកម្មវិធីនេះ ទើបក្រុមការងាររៀបចំកម្មវិធី បានអនុញ្ញាតដល់អ្នកសារព័ត៌មានលោកចូលទៅក្នុងសាលប្រារព្វពិធីមានចំនួនសមល្មមតែប៉ុណ្ណោះ ។
ពិធីប្រកាសតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដំណើរការជាចំហរនិងជាប្រក្រតី តាមរៀបវរៈក្រោមវត្តមានភ្ញៀវកិត្តិយស សមជិក សមាជិការ ចូលរួមដែលលោកជាសាក្សីក្នុងពិធីនេះ ដោយមិនមានការលាក់កំបាំងធ្វីទេ ហើយខ្លឹមសារនៃអង្គពិធីក៏ត្រូវបានផ្សព្វផ្សាយជាសាធារណៈក្រោយពេលប្រារព្វពិធីរួចភ្លាមៗតាមរយៈប្រពន័្ធផ្សព្វផ្សាយនានានិងតាមរយៈបណ្តាញសង្គម។
ជាមួយនេះក៏សូមការអធ្យាស្រ័យចំពោះអ្នកសារព័ត៌មានមួយចំនួនធំដែលមិនបានអនុញ្ញាតឱ្យចូលទៅខាងក្នុងសាលប្រារព្វពិធីតាមបំណង ។
ខ្លឹមសារដូចបានជម្រាបជូនខាងលើ សូមសាធារណជនទូទៅ ពិសេសអ្នកសារព័ត៌មាន និងអ្នកនិយមប្រើ ប្រាស់បណ្តាញសង្គមមេត្តាជ្រាប សូមអរគុណ៕