(ព្រៃវែង)៖ បុរសវ័យចំណាស់ម្នាក់ មានអាការៈក្ដៅខ្លួនចុកពោះឈឺក្រពះ ហើយប្រពន្ធឌុបតាមម៉ូតូ ទៅពិនិត្យ និងពិគ្រោះជំងឺនៅ «គ្លីនិក និងសម្ភព ឈី សម្ភ័ស» នៅផ្លូវជាតិលេខ៨ ខាងកើតវង្វង់មូលស្វាយអន្ទរ ប្រហែល២៥០ម៉ែត្រ ស្ថិតនៅភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយគ្រូពេទ្យបានឲ្យសម្រាក ព្យាបាលចាក់ថ្នាំ ដាក់សេរ៉ូមបានរយៈពេល១ថ្ងៃកន្លះ ស្រាប់តែអ្នកជំងឺប្រតិកម្មថ្នាំស្លាប់ ។

ក្រោយឃើញសភាពលែងដឹងខ្លួន ទើបគ្រូពេទ្យដឹកបញ្ជូនអ្នកជំងឺក្នុងទៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង លុះដល់ទីនោះក្រុមគ្រូពេទ្យប្រាប់មកគ្រួសារសពវិញថា៖ អ្នកជំងឺស្លាប់បាត់ហើយ ទើបដឹកសពមកធ្វើបុណ្យតែម្ដងទៅ។

បើតាមអ្នកស្រី សឿ ភាព អាយុ៤៥ឆ្នាំរស់នៅភូមិស្វាយគន់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានអះអាងប្រាប់ សារព័ត៌មាន នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២០ថា ប្ដីរបស់គាត់ឈ្មោះ មួង ពុំ អាយុ៧២ឆ្នាំនៅផ្ទះជាមួយគ្នា (ស្លាប់) នៅមុនពេលទៅព្យាបាល គឺប្ដីគាត់ គ្រាន់តែមានអាការៈក្ដៅខ្លួន ចុកពោះឈឺក្រពះបន្តិចបន្ទួចប៉ុណ្ណោះ។

ដល់ព្រឹកថ្ងៃទី០១ កញ្ញា ឆ្នាំ ២០២០ អ្នកស្រី និងប្ដីបានជិះម៉ូតូឌុបគ្នាទៅពិគ្រោះ និងព្យាបាលជំងឺនៅ «គ្លីនិក និងសម្ភព ឈី សម្ភ័ស» ត្រង់ចំណុចខាងលើ ។

ពេលទៅដល់គ្រូពេទ្យបានពិនិត្យថតអេកូ រួចវិនិច្ឆ័យថា៖ ប្ដីអ្នកស្រីរលាក ក្រពះ និងរលាក ទងប្រម៉ាត់  ក្នុងនោះ គ្រូពេទ្យបានឲ្យប្ដីអ្នកស្រីសម្រាកនៅគ្លីនិក ហើយបានវ៉ៃថ្នាំ ចាក់ផង លេបផង និងដាក់សេរ៉ូមផង ជាបន្តបន្ទាប់បណ្ដាលឲ្យអាការៈអ្នកជំងឺធ្វើទុក្ខធ្ងន់ទៅ រហូតល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២០ ដោយឃើញអាការៈ អ្នកជំងឺធ្វើទុក្ខខ្លាំងធ្ងន់ធ្ងរលែងដឹងខ្លួន សន្លប់បាត់បង់ស្មារតី(ស្លាប់) ទើបក្រុមគ្រូពេទ្យសម្រេចដឹកអ្នកជំងឺចេញពីគ្លីនិក ដើម្បីគេចពីការទទួលខុសត្រូវ…!។

លុះដល់ខេត្តព្រៃវែងគ្រូពេទ្យនៅទីនោះប្រាប់ថា ជួយមិនបានទេអ្នកជំងឺស្លាប់បាត់ហើយ ទើបក្រុមគ្រួសារដឹកសពមកធ្វើបុណ្យនៅផ្ទះតែម្ដង។

អ្នកស្រីបន្ថែមថា៖ ក្រោយពេលប្ដីអ្នកស្រីស្លាប់ខាង «គ្លីនិក និងសម្ភព ឈី សម្ភ័ស»បានប្រគល់លុយជូនអ្នកស្រីចំនួន
១,០០០,០០០រៀលដើម្បីលើកទឹកចិត្តនឹងចូលបុណ្យសព ដោយមិនយកថ្លៃព្យាបាល។

ជាឆ្លើយតបនឹងការលើកឡើងខាងលើ «គ្លីនិក និងសម្ភព ឈី សម្ភ័ស» បានថ្លែងប្រាប់ សារព័ត៌មានដើមរាំង នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២០ថា៖លោកបានព្យាបាល តាមបច្ចេកទេសហើយ រីឯអ្នកជំងឺស្លាប់ គឺដោយសារអួលចំណី (ប្រពន្ធបញ្ចុកបបរ)។

រីឯលោក ហួរ ដា ប្រធានការិយាល័យសុខាភិបាលប្រតិបត្តស្រុកស្វាយអន្ទរ បានថ្លែងថា៖ រឿងនេះលោកពុំទាន់បានដឹងទេ សូមសួរទៅមន្ទីរសុខាភិបាលខេត្តទៅ។

ចំណែកលោក សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង មិនអាចសុំការបំភ្លឺបានទេ! ព្រោះទូរស័ព្ទលោកឲ្យអ្នកផ្សេងលើកជំនួសដោយថាច្រឡំលេខហើយ៕

ប្រភពដើមរាំង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor