សង្គម
អាម៉ាប៉ាប៉ាញ៉ូស(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់បន្ថយឋានន្តរស័ក្ត លោកឧត្តមសេនីយ៍ឯក សៀន សុវណ្ណា ចំនួន២ថ្នាក់ មកត្រឹមជា ឧត្តមសេនីយ៍ត្រី (ផ្កាយ១) វិញ នៅក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។
ការចេញព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក សៀន សុវណ្ណា ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យបញ្ចប់មុខតំណែង អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃផងដែរ។
បើតាមនាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ថា ការដំឡើងឋានន្តរស័ក្តិក៏ដូចជាការដាក់ពិន័យរបស់កងកម្លាំង គឺផ្អែកទៅលើលក្ខន្តិកៈ បទបញ្ជា វិន័យរបស់កងកម្លាំង។ហើយអ្វីដែលជាការសម្រេចរបស់ថ្នាក់ដឹកនាំ គឺផ្អែកទៅលើក្រុមប្រឹក្សាវិន័យរបស់អង្គភាពដែលបានធ្វើការវាយតម្លៃនៅក្នុងការអនុវត្តន៍ជាក់ស្តែងរបស់រូបវន្តបុគ្គលនិមួយៗ។
អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានបញ្ជាក់ថា ការបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក សៀន សុវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ គឺមានភាពមិនប្រក្តីជាច្រើនដូចជា ការពោលពាក្យញុះញង់ បំបែកបំបាក់មន្ត្រីទាំងក្នុងអង្គភាព និងក្រៅអង្គភាព បំភ្លៃបំផ្លើសការពិតលើការពិតជាក់ស្តែងក្នុងន័យបំបែកបំបាក់ផ្ទៃក្នុងជួរថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីហើយគ្មានក្រមសីលធម៌ ក្នុងភាពជាអ្នកដឹកនាំ ជាពិសេសក្នុងនាមជាសវនករផ្ទៃក្នុង។ រួមទាំងការពោលពាក្យគំរាមមេដឹកនាំ ក្នុងខណៈដែលខ្លួនបំពេញការងងារខុសឆ្គង និងមានពាក្យបណ្តឹងពីមន្ត្រីនៅថ្នាក់មូលដ្ឋាន។
ក្រុមប្រឹក្សាវិន័យបានរកឃើញលោកឧត្តមសេនីយ៍ឯក សៀន សុវណ្ណា មានកំហុសខុសឆ្គងចំនួន ១៣ចំណុច មានដូចជា ឫកពា ចរិតក្រអឺតក្រទម ញុះញង់បំបែកបំបាក់ផ្ទៃក្នុង និងការធ្វើឲ្យមន្ត្រីមូលដ្ឋានមានការថ្នាំងថ្នាក់មិនសប្បាយចិត្ត រហូតមានពាក្យបណ្តឹងប្តឹងមកដល់ថ្នាក់លើសុំឲ្យជួយអន្តរាគមន៍ថែមទៀតផង៕