
សង្គម
អាម៉ាប៉ាប៉ាញ៉ូសមន្រ្តីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈបានលើកឡើងថា ម្ចាស់សណ្ឋាគារ Le Palais Hotel នៅលើកោះ Phangan ប្រទេសថៃ ដែលបានយករចនាប័ទ្មអង្គរទៅតុបតែងក្នុងសណ្ឋាគារនោះ គឺពុំដល់ថ្នាក់ឲ្យភាគីថៃត្រូវរុះរើចេញវិញនោះទេ។
លោក ឡុង ប៉ុណ្ណាសិរីវត្ថ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងវប្បធម៍បានប្រាប់សារព័ត៍មានខ្មែរណាស់នៅព្រឹកថ្ងៃចន្ទនេះថា ម្ចាស់សណ្ឋាគារនៅក្នុងប្រទេសថៃ ពិតជាបានយករចនាប័ទ្មអង្គរទៅប្រើក្នុងអាជីវកម្មរបស់ខ្លួនពិតមែន និងមិនមានស្នើសុំមកភាគីកម្ពុជាជាមុននោះទេ។
ប៉ុន្តែលោកថា អ្វីដែលបានពិនិត្យឃើញទៅលើការតុបតែងយករចនាប័ទ្មអង្គរនេះ គឺមានលក្ខណៈវិជ្ជមានច្រើន និងមិនមានការរចនាខុសច្បាប់ណាមួយធ្ងន់ធ្ងរនោះទេ ដោយសារភាគីថៃបានរក្សាធាតុដើមអំពីរចនាប័ទ្មបុរាណតាមអង្គររបស់កម្ពុជា។
លោកថា៖«រចនាប័ទ្មអង្គររបស់កម្ពុជា ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកតាំងពីឆ្នាំ១៩៩២ ហើយវាបានក្លាយទៅជាសម្បត្តិសកលលោករួចហើយ។ បើសិនសាធារណៈជនយកទៅប្រើប្រាស់ ហើយគោរពច្បាប់បេតិកភណ្ឌក្នុងន័យផ្សព្វផ្សាយ និងលើកតម្កើន ភាគីកម្ពុជាអនុញ្ញត ក៏ប៉ុន្តែត្រូវធ្វើការស្នើរសុំមកកម្ពុជា»។

លោកបន្ថែមទៀតថា ភាគីថៃមិនបានដាក់លិខិតស្នើរសុំស្របច្បាប់ណាមួយមកកម្ពុជាឡើយ លើការយករចនាប័ទ្មតាមអង្គរ ហើយទាក់ទងនឹងបញ្ហានេះ កម្ពុជាកំពុងប្រជុំពិភាក្សារកដំណោះស្រាយជាមួយរដ្ឋាភិបាលថៃតាមផ្លូវការទូត ជាពិសេសស្នើឲ្យភាគីថៃបំពេញនៅចំណុចខ្វះចន្លោះគឺត្រូវស្នើរសុំឡើងវិញ។
ទំព័រហ្វេសប៊ុករបស់សណ្ឋាគារ Le Palais Hotel បានសរសេរបង្ហោះនៅថ្ងៃទី៤កញ្ញា ដើម្បីសុំទោសចំពោះការយករចនាប័ទ្មអង្គរទៅតុបតែងនាំឱ្យមានខកចិត្តនិងខឹងសម្បារពីសំណាក់ពលរដ្ឋខ្មែរ។ សណ្ឋានគារដែលមានម្ចាស់ជាជនជាតិខ្មែរបានបន្តថា ការតុបតែងនេះ ដើម្បីបង្ហាញពីភាពអស្ចារ្យនៃអង្គរវត្តដែលមានទីតាំងនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសកំណើតរបស់ម្ចាស់សណ្ឋានគារប៉ុណ្ណោះ។
Le Palais Hotelបានសរសេរនៅក្នុងហ្វេសប៊ុកថា៖« យើងបានបើកសណ្ឋាគារនេះ ដោយគ្រាន់តែចង់បង្ហាញការកោតសរសើរ ការពេញចិត្ត និងចំណង់ចំណូលចិត្តចំពោះសិល្បៈដ៏អស្ចារ្យ។ ការស្ថាបនា និងការតុបតែងនៅទីនេះ ធ្វើឡើងដោយដៃនិងបេះដូងពីសំណាក់ក្រុមការងារថៃនិងកម្ពុជា។ ទោះយ៉ាងណាភាពអស្ចារ្យនឹងនៅតែស្ថិតលើប្រាសាទអង្គរវត្តដ៏អស្ចារ្យ ហើយនឹងមិនត្រូវបានប្រៀបធៀបឡើយ»៕