ខេត្តស្វាយរៀង៖ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២០ មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្ត បានចុះត្រួតពិនិត្យសត្វជ្រូករស់ចំនួន៦០០ក្បាល ដែលក្រុមហ៊ុន លឹម ស៊ីវម៉ី បានច្បាប់នាំចូលពីប្រទេសថៃដឹកឆ្លងកាត់ខេត្តស្វាយរៀង ឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកទ្វាព្រំដែនអន្តរជាតិបាវិត ហើយប្រជាពលរដ្ឋមានការព្រួយបារម្មណ៍ដែលធ្លាប់មានការលិចឮថា មានក្រុមឈ្មួញដែលបានទទួលអាជ្ញាបណ្ណ័នាំជ្រូករស់ឆ្លងដែនទៅប្រទេសវៀតណាម ពេលមានជ្រូកងាប់ឬ ជ្រូកអន់វៀតណាមមិនទិញត្រូវក្រុមឈ្មួញលក់ឲ្យឈ្មួញកាប់សាច់តាមឡដ៏សត្តឃាដនៅលើទីផ្សារធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្មណ៍ខ្លាចប៉ះពាល់ដល់សុខភាព។
ទាក់ទិនករណីនេះដែរលោក សាយ ពន្លឺមេត្តា អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលមន្ទីរកសិកម្មខេត្តបានឲ្យដឹងថា: អាជ្ញាធរមិនអនុញ្ញាតិឲ្យធ្វើចរាចរណ៍ទំនិញគ្រប់ប្រភេទតាមច្រករបៀងនិងច្រកតំបន់ព្រំដែនទេ។ ហើយក្រុមហ៊ុនដែលមានច្បាប់អនុញ្ញាតិនាំចូលជ្រូករស់ពីប្រទេសថៃឆ្លងកាត់ប្រទេសកម្ពុជា ឆ្លងដែនទៅប្រទេសវៀតណាម គឺដឹកចេញតាមច្រកទ្វាព្រំដែនអន្តរជាតិ មិនអនុញ្ញាតិដឹកចេញតាមច្រករបៀងទេ។
ប្រភពដ៏ដែលបន្តទៀតថា: ជ្រូករស់ចំនួន៦០០ក្បាលដឹកតាមរថយន្តយីឌុប២គ្រឿងដែលមកផ្ទេនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត គឺជ្រូករបស់ក្រុមហ៊ុន លឹម ស៊ីវម៉ី មានច្បាប់អនុញ្ញាតិនាំជ្រូករស់ពីប្រទេសថៃ ឆ្លងកាត់កម្ពុជា ទៅប្រទេសវៀតណាម ក្នុងមួយថ្ងៃ៦០០ក្បាល។
លោក សាយ ពន្លឺមេត្តា បានឲ្យដឹងទៀតថា: បច្ចុប្បន្នមានក្រុមហ៊ុនចំនួន០៣នាំជ្រូករស់ពីប្រទេសថៃ ឆ្លងកាត់ទៅប្រទេសវៀតណាម គឺក្រុមហ៊ុន លឹម ស៊ីវម៉ី ចេញតាមច្រកទ្វាព្រំដែនអន្តរជាតិបាវិត ក្រុមហ៊ុន ជីធីហ្វោនដេស៊ិន និងក្រុមហ៊ុន សុខ អង្គរជ័យ នាំជ្រូករស់ចេញតាមច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល៌៍ល ស្រុកកំពង់រោទ៌។ ហើយក្រុមហ៊ុនមានលិខិតបញ្ជាក់ពីសុខភាពជ្រូកពីដើមទីចេញដោយនាយកដ្ឋានផលិតកម្មសត្វពីប្រទេសថៃ ហើយត្រូវបានមន្ត្រីការិយាល័យផលិកម្មនិងបសុព្យាបាលនៃមន្ទីកសិកម្មខេត្តត្រួតពិនិត្យគ្រប់ចំណតតាមខេត្តដែលឆ្លងកាត់។
ទាក់ទិនករណីនេះដែរ មានក្រុមហ៊ុនអ្នកនាំជ្រូកពីប្រទេសថៃទៅប្រទេសវៀតណាម ម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា: ក្រុមហ៊ុននាំជ្រូកពីប្រទេសថៃ ទៅប្រទេសវៀតណាម មានច្រើនក្រុមហ៊ុន ក៏ប៉ុន្តែក្រុមហ៊ុន លឹម ស៊ីវម៉ី កន្លងមកមាននាំជ្រូករស់ពីប្រទេសថៃ ដាក់ចែកចាយតាមឡដ៏សត្តឃាដក្នុងខេត្តស្វាយរៀងកាប់សាច់លក់នៅលើទីផ្សារផងដែរ។
ហើយក្រុមហ៊ុន ដានី ដេង បាននាំជ្រូករស់ពីប្រទេសថៃមកលក់ចែកចាយតាមឡដ៏សត្តឃាដនានាទូទាំងខេត្តស្វាយរៀង សម្រាប់កាប់សាច់លក់នៅលើទីផ្សាររាប់រយក្បាលក្នុង១ថ្ងៃ១ថ្ងៃ។
លោក ឈិន សៅ មន្ត្រី ផលិតកម្មនិងបសុព្យាបានៃមន្ទីរកសិកម្មខេត្តបានបញ្ជាក់ថា: ករណីប្រជាពលរដ្ឋមានការព្រួយបារម្ភៈថា មានជ្រូកឈឺឬងាប់ឈ្មួញវៀតណាមមិនទទួលឬឲ្យដឹកចូលទីប្រទេសវៀតណាម ឈ្មួញលក់ជ្រូកទាំងនោះឲ្យតាមឡដ៏សត្តឃាតប្រលះលក់ចែកចាយនៅលើទីផ្សារនានាក្នុងខេត្តស្វាយរៀងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគនោះគឺគ្មានជ្រូកឈឺទេ គឺជ្រូកអន់ដឹកឆ្ងាយត្រូវក្តៅ អន់វៀតណាមគេមិនយកទេ ហើយចំពោះជ្រូកងាប់ ក៏មិនមែនងាប់ដោយជម្ងឺទេ គឺងាប់ដោយត្រូវក្តៅ ទោសបីយ៉ាងណាគឺមន្ត្រីជំនាញមិនអនុញ្ញាតិឲ្យលក់ចែកចាយតាមឡដ៏សត្វឃាដទេ គឺត្រូវកប់និងដុតចោល៕ ដោយៈ ស្វាយរៀង