សុខភាព
អាម៉ាប៉ាប៉ាញ៉ូស(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសថា ស្ត្រីខ្មែរ អាយុ ៣៣ឆ្នាំ មកដល់កម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ មានអាសយដ្ឋាន ស្នាក់នៅភូមិក្តុល ឃុំក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដោយបានបន្តជើងហោះហើរ នៅប្រទេសចិន ( តៃវ៉ាន់ )។
បន្ទាប់មក នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ គាត់បានចាកចេញពីភ្នំពេញ ទៅខេត្តបាត់ដំបង ក្រោយលទ្ធផលតេស្តលើកទី១ របស់គាត់ អវិជ្ជមានវីរុសកូវីដ១៩។
ក្រសួងសុខាភិបាល បានបន្ថែមថា នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក នៅផ្ទះរបស់គាត់ គឺត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ការវិភាគវត្ថុសំណាកលើកទី២របស់គាត់ គឺទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្ននេះ អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង។
ក្រសួងសុខាភិបាល បានកត់សម្គាល់ថា មានមិត្តភក្តិពីរនាក់ បានមកដឹកគាត់តាមរថយន្តផ្ទាល់ខ្លួន ចេញពីភ្នំពេញ ទៅអាសយដ្ឋានខាងលើក្នុងខេត្តបាត់ដំបង។
តាមការស្រាវជ្រាវ និងសាកសួរព័ត៌មានជាបឋម និងភ្លាមៗ ដោយក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាល ខេត្តបាត់ដំបង ក្រោយពីទទួលបានលទ្ធផលវិភាគវត្ថុនៃមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ បានបង្ហាញថា អ្នកដែលបានប៉ះពាល់ជាមួយអ្នកជំងឺ មាន ៧នាក់ ( ៥នាក់ ជាក្រុមគ្រួសារ និង២នាក់ ជាមិត្តភក្តិរបស់អ្នកជំងឺ ) ហើយអ្នកដំណើរតាមយន្តហោះ ជាមួយអ្នកជំងឺនេះ សរុបចំនួន ៤០នាក់។ ក្រុមការងារ នឹងបន្តការស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាបន្តទៀត នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ និងថ្ងៃបន្តបន្ទាប់ទៀត ដោយសា្ថភាពអាកាសធាតុនៅខេត្តបាត់ដំបង នៅយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ មានភ្លៀងធ្លាក់មកខ្លាំងពេក និងយប់ជ្រៅផងនោះ។
ក្រសួង នឹងបន្តជម្រាបជូនសាធារណជននូវលទ្ធផលនៃការស្រាវជ្រាវរកអ្នកប៉ះពាល់នៅពេលបញ្ចប់ការងារនេះ។