សង្គម

អាម៉ាប៉ាប៉ាញ៉ូស

លោកបណ្ឌិត អ៊ី លីម៉ា សាកលវិទ្យាធិការរងនៃសាកលវិទ្យាលចេនឡាបាន​លើក​ឡើង​ថា ការ​ទទួលទានដំណេកបានត្រឹមត្រូវ និង​ស្កប់​ស្កល់​ពិតជា​បាន​ជួយ​ដល់​សុខ​ភាព​ខ្លាំង​ណាស់ ទាំងរាងកាយ និងខួរក្បាល។ ប៉ុន្តែប្រសិនបើគេងមិនបានគ្រប់គ្រាន់នោះទេ អ្នក​ច្បាស់​ជាមានអារម្មណ៍ល្ហិតល្ហៃសឹងតែគ្រប់ពេល រហូតដល់ថ្នាក់ឈឺថែមទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាអ្នកបាន​​ញាំគ្រប់គ្រាន់ ឬក៏ហាត់ប្រាណបានគ្រប់គ្រាន់ក៏ដោយ ពេលនោះ​ប្រព័ន្ធ​ភាពសាំនៃរាងកាយនឹងចុះខ្សោយបន្តិចម្តងៗ ហើយបណ្តាលឱ្យអ្នកឡើងទម្ងន់ ទឹក​នោមផ្អែម ស្ទះសរសៃឈាមបេះដូង និងជំងឺផ្សេងៗជាច្រើនទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 ក្នុងអត្ថបទនេះ លោកបង្ហាញមូលហេតុ និងលើកយកនូវវិធីសាស្រ្តមួយចំនួន ដើម្បី​ធ្វើ​អោយ​អ្នកអាចទទួលទានដំណេកបានស្កប់ស្កល់ និងគ្រប់ម៉ោង។

ថ្វីបើ​ការ​គេង​មិន​លក់​ម្ដងម្កាល និង​ក្នុង​រយៈពេល​មួយ​ទៅ​ពីរ​ថ្ងៃ​អាច​ជា​រឿង​ធម្មតា ដែល​មនុស្ស​គ្រប់​គ្នា​អាច​ជួប​ប្រទះ​ក៏​ដោយ​ក្ដី ក៏​ការ​គេង​មិន​លក់​ញឹកញាប់ និង​ក្នុង​រយៈពេល​យូរ ទាមទារ​ឱ្យ​មានការ​ពិគ្រោះ និង​វាយតម្លៃ​ឱ្យ​បាន​ដិត​ដល់ ដើម្បី​ព្យាបាល​ពីគ្រូពេទ្យជំ​នាញទៅ​តាម​មូលហេតុ​ដែល​នាំ​ឱ្យ​គេង​មិន​លក់ ។ ការ​ប្រើប្រាស់​ថ្នាំ​ងងុយគេង​ដោយ​ចិត្ត​​ឯង មិនមែន​ជា​ជម្រើស​ល្អ​ទេ ព្រោះ​ការ​ប្រើ​វា​យូរ​ៗ​ទៅ​អាច​បណ្ដាល​ឱ្យ​ប្រើ​លែង​មាន​ប្រ​សិទ្ធភាពនិង​ត្រូវការ​ប្រើ​ថ្នាំ​កាន់តែ​ច្រើន​ទៅ​ៗ ។

មូលហេតុសំខាន់ៗដែលអាចនាំឱ្យយើងគេងមិនលក់

ការ​គេង​មិន​លក់​អាច​បណ្ដាល​មក​ពី​មូលហេតុ​ច្រើន​យ៉ាងដូច​ជា​៖
១.១. ​មូលហេតុ​ផ្លូវ​កាយ​
៖ ក្រពះ​មិន​រំលាយ​អាហារ លើសឈាម អ្នកមានជំងឺសួត ការ​ឈឺចាប់​លើ​រាង​កាយ ជំងឺ​បេះដូង ជំងឺហឺត រលាកក្រពះ ដំបៅក្រពះ អ្នកមានជំងឺទឹក​នោម​​ផែ្អម ឈឺសសៃប្រសាទ ឈឺសន្លាក់ ឈឺកញ្ចឹងក ឈឺស្មា ឈឺចងេ្កះ រលាក​ឆ្អឹង​ជា​ដើម ។ល។

១.២.​ មូលហេតុ​ផ្លូវចិត្ត៖ មាន​អារម្មណ៍​តានតឹង ព្រួយបារម្ភ​ច្រើន មាន​អារម្មណ៍​ជ្រួល​ច្របល់ ខឹងសម្បា មាន​អារម្មណ៍​សោកសៅ​ មានបញ្ហានៅកនែ្លងធ្វើការ មានបញ្ហាខ្វះ​ខាតលុយកាក់ ឬមនុស្សខ្លះចេះតែព្រួយចិត្ត ទោះជាពុំមានរឿងអ្វីធំដុំ។

១.៣. ​មូលហេតុ​ទាក់ទង​នឹង​របៀបរបបនៃការ​រស់នៅ៖ ផឹក​កាហ្វេ ឬ​តែ​ច្រើន ផឹកស្រា​នៅ​ពេល​យប់ ហូប​អាហារ​ច្រើន​ពេក​មុន​ចូល​គេង ជក់បារី​ច្រើន ធ្វើការ​ខ្លាំង​មុន​ចូល​គេង មិន​សូវ​បាន​ហាត់ប្រាណ គេង​ថ្ងៃ​ច្រើន គេង​មិន​ទៀងពេល​ជាដើម ។

..​ មូលហេតុទាក់ទងនឹងបរិស្ថាន កន្លែង​គេង​មាន​សំឡេង​រំខាន បរិយាកាស​អាប់អួ កន្លែង​គេង​មាន​ពន្លឺ​ខ្លាំង​ពេក រស់នៅ​គ្នា​ច្រើន​ជាដើម ។

ទម្លាប់១១យ៉ាងដែលអ្នកគួរអនុវត្តដើម្បីឱ្យគេងយប់លក់ស្កប់ស្កល់

#ប្រកាន់ខ្ជាប់នូវទម្លាប់ចូលគេងនិងភ្ញាក់ឱ្យបានទៀងទាត់

យើងត្រូវរៀបចំទម្លាប់នៃការចូលគេងទៅតាមម៉ោងពេល ដែលបាន​កំណត់​ឱ្យ​បាន​ច្បាស់​​លាស់។ ម្យ៉ាងទៀតទាក់ទងនិងការក្រោកពីដំណេកវិញ យើងក៏ត្រូវកំណត់ពេល​វេលា​​ឱ្យបានត្រឹមត្រូវដែរ សូម្បីតែថ្ងៃសំរាកចុងសប្តាហ៍ ក៏យើងមិនត្រូវ​ដេក​នៅ​លើ​គ្រែ​យូរ​ពេកដែរ​។​ កំណត់ពេលវេលាយ៉ាងណាក៏ដោយគឺយើងត្រូវធានាឱ្យបានថា យើង​ដេក​លក់​បានជាមធ្យម​៧ម៉ោងក្នុង១យប់។

#ហាត់ប្រាណនៅពេលថ្ងៃ

ក្រោយពេលបញ្ចេញចលនារាងកាយសកម្មនៅពេលថ្ងៃរួចមក ជាធម្មតាវា​នឹង​ធ្វើ​ឱ្យ​យើង​មានអារម្មណ៍ថាអស់កម្លាំងពេលយប់។ សកម្មភាពទាំងនេះ ធ្វើឱ្យអ្នកហត់នឿយ និង​ជួយ​ឱ្យអ្នកឆាប់គេងលក់។ក្រៅពីធ្វើលំហាត់ប្រាណដើម្បីឱ្យគេងលក់ស្រួល យើង​ក៏គប្បីហាត់ប្រាណ​ដើម្បីថែរាងឱ្យមានសុខភាពល្អផងដែរ។ ការសម្រាកគ្រប់​គ្រាន់​នៅ​ពេល​យប់ និងហាត់​ប្រាណពេលថ្ងៃបានត្រឹមត្រូវ អាចជួយឱ្យយើង​រស់​នៅ​មាន​សុខ​ភាព​ល្អ​។

#រៀបចំកន្លែងគេងឱ្យមានផាសុខភាព

មិនត្រូវបរិភោគ ធ្វើការ មើលទូរទស្សន៍ និយាយទូរសព្ទនៅលើគ្រែនោះទេ។ ចូររក្សា​បន្ទប់​គេងឱ្យមានពន្លឺតិចៗ ស្ងប់ស្ងាត់ ខ្យល់ចេញចូលគ្រប់គ្រាន់ គួរតែប្រើខ្នើយ ភួយ​ និងកម្រាល​ពូកដែលសមស្របផងដែរ។ ការជ្រើសរើសប្រើខ្នើយឱ្យត្រូវ អាចជួយអ្នក​ឱ្យ​មាន​​អារ​ម្មណ៍កាន់តែស្រួលខ្លួននៅពេលដាក់ខ្លួនគេងកើយទៅស្រួលក ក្បាល ស្មា និង​ឆ្អឹង​កងខ្នងរបស់អ្នក។

ប្រសិនបើយើងឡើងលើគ្រែគេង១៥ទៅ២០នាទីហើយនៅតែគេងមិនលក់នោះ ចូរ​ក្រោក​ឡើងធ្វើការងារផ្សេងដូចជា អានកាសែត ស្តាប់ចំរៀង រហូតទាល់​តែ​ងងុយ​គេង​បាន​យើង​​ចូលគេងជាថ្មីម្តងទៀត។

#កាត់បន្ថយការងារចុងម៉ោង

មិនត្រូវធ្វើការងារណា ដែលនៅសេសសល់ក្នុងផ្ទះមុនពេលចូលគេង១ម៉ោងនោះទេ។ ផ្ទុយទៅវិញ យើងគួរតែធ្វើសកម្មភាពស្រាលៗដើម្បីឱ្យរាងកាយយើងហត់នឿយ និង​ជួយឱ្យអ្នកឆាប់គេងលក់។

#ងូតទឹកក្ដៅឧណ្ណៗ

ងូតទឹកក្ដៅឧណ្ណៗនៅពេលយប់ មិនត្រឹមតែជួយឱ្យរាង្គកាយធូរស្រាលប៉ុណ្ណោះទេ ថែម​ទាំង​ធ្វើឱ្យរាង្គកាយសម្របទៅនិងសីតុណ្ហភាពផងដែរ។ នៅពេលដែលអ្នកចេញពី​បន្ទប់​ងូត​ទឹកដែលក្ដៅឧណ្ណៗ ចូលក្នុងបន្ទប់គេងដែលត្រជាក់ សីតុណ្ហភាពក្នុងរាង្គកាយ ចង្វាក់​​​បេះ​ដូង និង ចង្វាក់ដង្ហើមធ្លាក់ចុះ ដែលជាសញ្ញាបង្ហាញថា ដល់ពេល​គេង​ហើយ​។

#មិនត្រូវទទួលទានកាហ្វេអ៊ីនឬតែច្រើននៅពេលល្ងាច

​ប្រយោជន៍​ល្អ​ចំពោះ​សុខភាព​ ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​មាន​ច្រើន​ចំពោះ​អ្នក​ចេះ​ទទួល​ទាន​កាហ្វេ​ ក្នុង​បរិមាណ​សមរម្យ។ ការ​ទទួលទានកាហ្វេ​មុន​ពេល​ចូល​គេង​រំខាន​ដល់ការ​សម្រាក​នៃរាងកាយ​ ដែល​មាន​ពិបាក​សម្របតាម​ពេលវេលា​នៃដំណេក​ និង​អាចយ៉ាប់​យ៉ឺន​ក្នុង​ការ​ក្រោកពី​ដំណេក​ទៅ​វិញ។

#មិនត្រូវទទួលទានគ្រឿងស្រវឹងដែលមានជាតិអាល់កុលខ្ពស់ច្រើនពេលល្ងាច

ស្រាគឺជាសារជាតិពុលម៉្យាងដែលត្រូវបានផលិតចេញពីម្សៅមេ ហើយត្រូវ​បានគេ​ប្រើ​ប្រាស់យ៉ាងទូលំទូលាយ ព្រោះវាជាសារជាតិដែលមានឥទ្ធិពលដល់ចិត្តសាស្ត្រ និងធ្វើ​ឱ្យ​មានការផ្លាស់ប្តូរផ្នែកអារម្មណ៍ដល់អ្នកប្រើប្រាស់ទៀតផង។

គេតែងមានការ​ភ័ន្តច្រទ្បំ​ថាសុរាជា​សារ​ជាតិដែលនាំឱ្យមានការភ្ញោចតែតាមពិត​ទៅ​សកម្ម​ភាពទាំងនេះអាចកើតមាននៅពេលពួកគេពិសាវាក្នុងបរិមាណតិចប៉ុណ្ណោះ ដែល​ឥទ្ធិពល​ទាំងនោះមានដូចជា កាត់បន្ថយ​ភាពតានតឹង ធ្វើឱ្យអារម្មណ៍ស្រាកស្រាន្ត និង​សប្បាយរីករាយ។ ផ្ទុយមកវិញ សុរាគឺជាសារជាតិមួយនាំឱ្យមានការចុះខ្សោយ​ដល់​ប្រព័ន្​ធប្រសាទកណ្តាល ដែលឥទ្ធិពលទាំងនោះស្ទើរតែទាំងអស់ប៉ះពាល់ទៅលើ​កោ​សិកា និងប្រព័ន្ធប្រសាទទាំងមូល នៅពេលដែលគេបង្កើនកំហាប់សុរាទៅក្នុងសរីរាង្គ។ 

ហូបស្រានៅពេលយប់ធ្វើឱ្យយើងគេងលក់ស្រួល ប៉ុន្តែពេលអស់ជាតិអាល់កុល វានឹង​ធ្វើ​ឱ្យយើងភ្ញាក់ពាក់កណ្តាលយប់។

#ទទួលទានអាហារពេលល្ងាចឱ្យបានត្រឹមត្រូវ

អ្វីដែលអ្នកត្រូវធ្វើឱ្យប្រាកដ គឺទទួលទានប្រភេទអាហារក្នុងបរិមាណត្រឹមត្រូវ ពិសេស​នៅ​ពេលទទួលទានអាហារពេលល្ងាច។ សូមចៀសវាងការទទួលទានអាហារច្រើនពេក ហិរពេក ឬអាហារដែលមានជាតិជូរខ្លាំងពេក ព្រោះវាអាចបណ្ដាលឱ្យរលាកបេះដូង និង​ពិ​បាក​​កិនរំលាយនៅពេលអ្នកជិតចូលដំណេក។ អ្នកក៏គួរតែកាត់បន្ថយរបបអាហារផ្ទុក​ជាតិស្ករ និងស្ករសុទ្ធដូចជានំប៉័ង បាយ និង មី គុយទាវ ជាដើម ព្រោះវាអាចបណ្ដាល​ឱ្យ​ស្មារតីយើងស្វាង មិនងងុយគេង។

#គិតអ្វីសរសេរដាក់លើក្រដាស

ការគិតច្រើនជ្រុល គឺជាកត្តាបង្កើតនូវបញ្ហាជាច្រើនដល់មនុស្ស ទោះបីជាមិនមាន​បញ្ហា​អ្វី​ផង​ក៏ដោយ។ មិនទាន់ហួសពេលឡើយ ប្រសិនបើអ្នកចង់គ្រប់គ្រង ឫកាត់​បន្ថយ​ការ​គិត​ច្រើនហួសប្រមាណនៅពេល​ចូលគេងនោះ គឺយើងក្រោកចេញពីគ្រែរួចសរសេរលើ​ក្រ​ដាស​នូវអ្វីដែលយើងកំពុងគិត វាគឺជាវិធីសាស្រ្តមួយដែលអាចកាត់​បន្ថយ​នៃ​ការ​គិត​ក្នុង​ខួរក្បាលរបស់យើងបានយ៉ាងមានប្រសិទ្ធិភាព។

#១០កុំគេងពេលថ្ងៃច្រើនពេក

ប្រសិន​ជា​យើងគេង​មិន​គ្រប់គ្រង ឬមាន​អារម្មណ៍​ហត់​ចង់​សម្រាក ​គេង​ថ្ងៃ​ជា​វិធី​មួយ​​អាច​​ជួយយើង​ បាន។ ប៉ុន្តែ​ការ​គេង​ថ្ងៃ​ខុសពេល ឬ​គេង​យូរ​ពេក​អាច​ផ្តល់​ផល​ប៉ះពាល់​ច្រើន។ ដូចនេះ​យើង​គួរ​ដឹង​ថា​គេថ្ងៃ​យ៉ាង​ម៉េច​ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​រាងកាយ។ដើម្បី​ឱ្យយើងកេងលក់ស្កប់ស្កល់នៅពេលយប់នោះ យើងគួរតែគេងពេលថ្ងៃយ៉ាច្រើន​ត្រឹម​តែ​៣០នាទីបានហើយ។

#១១ការគិតបែបវិជ្ជមានចំពោះមនុស្សនៅជុំវិញខ្លួនយើងនិងស្តាប់ភ្លេងដែលមានចង្វាក់ភ្លេងស្រាលៗ

បុគ្គល​ដែល​ទទួលបានភាពជោគជ័យក្នុងជីវិត រមែង​តែង​​តែមាន​ការគិតបែបវិជ្ជមានគ្រប់​ៗរូប ឯ​អ្នក​ដែល​​​បរាជ័យ ព្រោះតែគំនិត​អវិជ្ជមាន​​ស្ថិត​នៅ​ក្នុងខ្លួនរបស់ពួកគេ។សរុប​មក​វិញ អានុភាពនៃគំនិតវិជ្ជមាន នឹងជួយជម្រុញឱ្យ​លោក​អ្នក​ទទួល​បាន​នូវ​ភាព​ជោគ​ជ័យ​យ៉ាង​ធំ​ធេង​ក្នុង​ជីវិត។ មនុស្ស​ដែលមានគំនិតវិជ្ជមានរមែងទទួលបាននូវ​សម្បត្តិ​មហា​សាល​​ទាំងបួនយ៉ាងដូចជា៖ ផ្លូវចិត្ត​​ជ្រះថ្លា ទំនាក់​ទំនង​ដ៏​ប្រសើរ រាងកាយមាំមួន​​ និង​ប្រាជ្ញា​ឈ្លាសវៃ។

ដោយឡែភ្លេងគឺជាបញ្ហាមួយដ៏អស្ចារ្យ ដែលមានផលប្រយោជន៏ជាច្រើន ដូច្នេះយើងគួរ​ជ្រើស​រើសយកភ្លេងណាដែលមានចង្វាក់យឺតល្មម ប្រហែល​៦០​ទៅ​៨០​ក្នុង​១នាទីនោះ​វា​នឹងជួយធ្វើឱ្យយើងអាចគេងលក់យ៉ាងស្កប់ស្កល់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor