សង្គម
អាម៉ាប៉ាប៉ាញ៉ូសលោកស្រី ឱ វណ្ណឌីន មន្រ្តីនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់នៅយប់ថ្ងៃទី៧តុលាថា ជនជាតិបារាំងអាយុ២៧ឆ្នាំម្នាក់ មានអាយដ្ឋាននៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប គឺបានធ្វើដំណើរចេញក្រៅទៅកន្លែងមួយចំនួន ដូចជាទៅជួបមិត្តភក្តិហូបអាហារជុំគ្នា និងទៅកន្លែងហែលទឹកជាដើម មុនបុរសនេះត្រូវបានធ្វើតេស្ដវិជ្ជមានជំងឺកូវីដ១៩នៅថ្ងៃទី៤តុលា ដែលជាថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ក។
លោកស្រីថា៖«យើងបានខិតខំរកអ្នកប៉ះពាល់ជាមួយគាត់ទាំងផ្ទាល់និងប្រយោល មានចំនួន៣៦នាក់ ប៉ុន្តែក្រោយមកទៀត យើងបានស្រាវជ្រាវឃើញមានព័ត៌មានបន្ថែមទៀត គឺគាត់បានទៅនេះទៅនោះ ហើយយើងក៏ខិតខំធ្វើជាបន្តទៀត។ មកដល់ចុងក្រោយនេះ យើងរកឃើញទាំងអស់៥៧នាក់ ដែលជាអ្នកប៉ះពាល់ផ្ទាល់និងប្រយោល រួមមានអ្នកបម្រើការ មិត្តភក្ដិរបស់គាត់ អ្នកជួបប្រាស្រ័យទាក់ទងជាមួយគាត់ និងអ្នកពិសារអាហារជាមួយគាត់ ដោយសារគាត់បានធ្វើដំណើរទៅនេះទៅនោះ ដូចជាកន្លែងហែលទឹកជាដើម»។
លោកស្រីបញ្ជាក់ថា ក្នុងចំណោមអ្នកប៉ះពាល់ទាំង៥៧នាក់នេះ គឺទទួលបានលទ្ធផលធ្វើតេស្ដអវិជ្ជមានទាំងអស់ ខណៈអ្នកជិះយន្តហោះជាមួយជនជាតិបារាំងនេះ មានចំនួន៩៧នាក់ទៀត ក៏ត្រូវបានមន្រ្តីសុខាភិបាលរកឃើញស្ទើរតែទាំងអស់ និងសុទ្ធធ្វើតេស្ដអវិជ្ជមាន។
ជនជាតិបារាំងអាយុ២៧ឆ្នាំ គឺជាអ្នកដំណើរមកពីប្រទេសបារាំង ឆ្លងកាត់ប្រទេសសិង្ហបុរី និងបានមកដល់កម្ពុជាកាលពីថ្ងៃទី២០កញ្ញា ហើយបន្ទាប់ពីធ្វើតេស្ដលើកទី១អវិជ្ជមាន បុរសរូបនេះ បានធ្វើដំណើរតាមរថយន្តមួយគ្រឿងមានគ្នា៤នាក់ ចេញពីរាជធានីភ្នំពេញនៅថ្ងៃទី២២កញ្ញា ឆ្ពោះទៅកាន់ខេត្តសៀមរាប និងបានទៅស្នាក់នៅក្នុងភូមិវត្តដំណាក់។
កាលពីថ្ងៃទី៧តុលាការ កាសែតខ្មែរថាមស៍បានចុះផ្សាយដែរថា នៅអំឡុងធ្វើចត្តាឡីស័ក១៤ថ្ងៃ ជនជាតិបារាំងនេះ បានចេញពីកន្លែងស្នាក់នៅទៅចូលរួមក្នុងកម្មវិធីជប់លៀងអាងហែលទឹកទ្រង់ទ្រាយធំមួយក្នុងព្រឹត្តការណ៍តន្ត្រីមួយដែលត្រូវបានប្រារព្ធធ្វើឡើងនៅឯ Navutu Dreams Resort។
ទោះជាយ៉ាងណាលោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ការចុះផ្សាយរបស់កាសែតខ្មែរថាមស៍នេះ គឺជាព័ត៌មានមួយដែលពិបាកទទួលយក ដោយសារលោកស្រីបញ្ជាក់ថា ក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់ បានខិតខំធ្វើការងារទាំងយប់ទាំងថ្ងៃ ដើម្បីស្រាវជ្រាវនិងស្វែងរកអ្នកប៉ះពាល់ទៅតាមលទ្ធភាពដែលធ្វើបាន ហើយមិនអាចរកឃើញ អ្នកប៉ះពាល់ជាមួយជនជាតិបារាំងនេះទាំងអស់ត្រឹមរយៈ១ទៅ២ម៉ោងនោះទេ។
កាលពីពេលថ្មីៗនេះ នៅក្នុងខេត្តសៀមរាប ក៏មានបុរសជនជាតិហុងគ្រីម្នាក់ បានធ្វើដំណើរចេញក្រៅផ្ទះនៅអំឡុងពេលកំពុងធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីទៅទិញផ្ទាំងគំនូរនៅគ្រឹះស្ថានអង្គរដែរ ហើយក្រោយមក បុរសនេះ ត្រូវបានធ្វើតេស្ដវិជ្ជមាននៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ក។
ករណីទាំងនេះកើតឡើង ស្របពេលក្រសួងសុខាភិបាល បានណែនាំជាច្រើនលើកឱ្យអាជ្ញាធរតាមរាជធានីខេត្ត ដាក់ពង្រាយមន្រ្តីសមត្ថកិច្ចតាមឃ្លាំងមើលកន្លែងធ្វើចត្តាឡីស័កទាំងអស់ ទាំងមណ្ឌលចត្តាឡីស័ក និងអ្នកធ្វើចត្តាឡីស័កនៅតាមសណ្ឋាគារនិងតាមផ្ទះ៕