សង្គម
អាម៉ាប៉ាប៉ាញ៉ូសកាលពីពេលថ្មីៗនេះ មហាជនមានការប្រតិកម្មយ៉ាងខ្លាំង ទៅលើបុស្ដិ៍ទូរទស្សន៍ថៃ បន្ទាប់ពីធ្វើផ្ទាំងឃោសនា ផ្សព្វផ្សាយភាពយន្តថ្មីៗរបស់ខ្លួនជាច្រើន ដែលផ្ទាំងទាំងនោះសុទ្ធតែមានរូបប្រាសាទអង្គរវត្ត រួមនឹងរូបតារារបស់ខ្លួន ទាំងមិនបានសុំការអនុញ្ញាត និងប្រាប់មកខាងភាគីកម្ពុជាឡើយ។
រហូតមកដល់ព្រឹកថ្ងៃទី ១៧ ខែតុលានេះ បើតាមនាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្ដីជូនដំណឹងមកថា សូមជម្រាបជូនសាធារណជនទាំងអស់បានជ្រាបថា តាមរយៈស្ថានទូតរាជាណាចក្រថៃប្រចាំនៅកម្ពុជា ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ បានធ្វើការសុំអភ័យទោសចំពោះភាគីកម្ពុជា ក្នុងកំហុសនៃការប្រើប្រាស់រូបភាពប្រាសាទអង្គរវត្តលើ Poster ដោយពុំមានការអនុញ្ញាត។
ភាពយន្តភាគរឿង សន្យាស្នេហ៍ នេះ គឺសាច់រឿងពុំមានជាប់ទាក់ទងនឹងប្រាសាទអង្គរវត្តរបស់កម្ពុជាឡើយ ហើយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃក៏បានលុបរូបប្រាសាទអង្គរវត្តចេញពីគ្រប់ការផ្សព្វផ្សាយទាំងអស់ក្នុងខ្សែភាពយន្តភាគរឿងនោះហើយ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។
នាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណចំពោះជនរួមជាតិទាំងអស់ដែលតែងយកចិត្តទុកដាក់ស្រឡាញ់ ថែរក្សា និងការពារនូវវប្បធម៌ជាតិ ដែលជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។