សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ «ថ្ងៃនេះទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំបានធ្វើនូវកំហុសដោយអចេតនាមួយ នោះគឺការប្រើវ៉ែនតាពណ៍ខ្មៅក្នុងពេលដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែយាងចេញទៅសាធារណរដ្ឋប្រជាមានិតចិន នៅព្រលានយន្តហោះពោធិ៍ចិនតុង»។
នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នេះ ។
សម្តេចមានប្រសាសន៍បន្តថា «នេះមិនមែនជាទម្លាប់ខាងពិធីការរបស់ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំឡើយតែ ដោយសារភ្នែកចាញ់ពន្លឺថ្ងៃ ក៏មិនបានដូរវ៉ែនតាជំនួសវិញ ។ ទួលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមព្រះរាជទោសចំពោះព្រះអង្គទាំងទ្វេនិងសូមអភ័យទោសពីបងប្អូនជនរួមជាតិចំពោះកំហុសដោយអចេតនានេះ»។
នៅព្រឹកថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោសស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។
ជាមួយគ្នានេះដែរ សម្ដេចបានថ្វាយព្រះពរព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕