
សង្គម
អាម៉ាប៉ាប៉ាញ៉ូសក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្តីជូនដំណឹងនៅព្រឹកថ្ងៃទី ៦ ខែតុលាឆ្នាំ២០២០នេះថា កម្ពុជានឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី៧ ដល់ថ្ងែទី១៣ ខែតុលា ឆ្នាំ២០២០។ តាមការវិភាគ នេះគឺជាសម្ពាធទាបសកម្មនៅលើសមុទ្រចិនខាងត្បូង និងបន្តវិវត្តទៅជាវិសម្ពាធឬក៏ព្យុះ ធ្វើដំណើរទៅភាគខាងត្បូងប្រទេសវៀតណាមនៅថ្ងៃទី៧ ខែតុលា។
ព្យុះនេះ ធ្វើឱ្យតំបន់ទំនាបកណ្តាល មានភ្លៀងធ្លាក់រាយប៉ាយពីកម្រិតបង្គួរទៅច្រើន។ ចាប់ពីថ្ងៃទី ៧ដល់ ៩ខែតុលា បណ្តារាជធានីខេត្តភាគខាងត្បូង និងខាងកើតជាប់វៀតណាមអាចនឹងមានភ្លៀងធ្លាក់ច្រើន។
បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីកម្រិតមធ្យមទៅបង្គួរ និងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីកម្រិតបង្គូរទៅច្រើន និងមានភ្លៀងធ្លាក់ច្រើនពីថ្ងៃទី ៧ដល់ទី ៩ខែតុលា។
ជាមួយគ្នានេះ ក្រសួងបានជូនដំណឹងដល់សាធារណៈជនឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្រ្តាក់ និងជំនន់ទឹកភ្លៀង ជាពិសេសអ្នកដែលរស់នៅតំបន់ក្បែរផ្លូវទឹក ជួរភ្នំ និងតំបន់មាត់សមុទ្រ។ សម្រាប់អ្នកនេសាទត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀង ខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗពីថ្ងៃទី ៧ដល់ទី៩ ខែតុលាផងដែរ៕