
សង្គម
អាម៉ាប៉ាប៉ាញ៉ូសមជ្ឈមណ្ឌលបង្ការបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បានធ្វើបច្ចុប្បន្នភាពជាថ្មី អំពីការណែនាំរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ពីមនុស្សម្នាក់ទៅម្នាក់ទៀត។
ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ខ្លួននៅតែបន្តជឿជាក់លើវិទ្យាសាស្ត្រថ្មីៗនេះ ថាការអាចឆ្លងពីគ្នារវាងអ្នកផ្ទុកមេរោគកូវីដទៅកាន់អ្នកមិនផ្ទុកមេរោគនេះ គឺកាន់តែមានចម្ងាយឆ្ងាយជាងមុន។
CDCអាមេរិកបន្តថា ជំងឺកូវីដ១៩បានរីករាលដាលជាចម្បង តាមរយៈការប៉ះពាល់ជិតស្និទ្ធរវាងមនុស្សក្នុងចម្ងាយពីគ្នានៅរវង្វង់តែ៦ហ្វីតឬស្មើនឹង១.៨ម៉ែត្រប៉ុណ្ណោះ។
ការណែនាំរបស់ទីភ្នាក់ងារនេះបាននិយាយថា៖«នៅពេលអ្នកជំងឺកូវីដ១៩ ក្អក កណ្តាស់ ច្រៀង និយាយ ឬដកដង្ហើម ពួកគេបង្កើតដំណក់ទឹកផ្លូវដង្ហើម។ ដំណក់ទឹកទាំងនេះអាចមានទំហំពីដំណក់ទឹកធំ ៗ ដែលខ្លះអាចមើលឃើញ ក្លាយទៅជាដំណក់ទឹកតូចៗ។ ដំណក់ទឹកតូចៗ ក៏អាចបង្កើតជាភាគល្អិតបានដែរ នៅពេលវាស្ងួតយ៉ាងលឿននៅក្នុងលំហរអាកាស»។
ប៉ុន្តែទីភ្នាក់ងារនេះបានលើកឡើងជាថ្មីថា វីរុសនេះអាចឆ្លងតាមរយៈបំណែកតូចៗនៃវីរុស ដែលបានខ្ទាត់ទៅលើអាកាស ហើយអាចឆ្លងមនុស្សដែលនៅឆ្ងាយពីគ្នាបានជាង៦ហ្វីត ដែលជារយៈចម្ងាយមួយកាន់តែឆ្ងាយជាងមុន។
ឧទាហរណ៍នៅក្នុងទីប្រជុំជនដែលមានខ្យល់ចេញចូលមិនគ្រប់គ្រាន់ មនុស្សដែលដកដង្ហើមខ្លាំង ច្រៀងឬដកដង្ហើមនៅពេលហាត់ប្រាណ គឺអាចឆ្លងទៅដល់មនុស្សដែលមិននៅក្បែរគ្នា ហើយសូម្បីទីតាំងនោះទើបមានអ្នកផ្ទុកកូវីដបានចាកចេញក្ដី។
ការណែនាំថ្មីនេះក៏ច្បាស់ដែរថា មនុស្សដែលឆ្លងជំងឺកូវីដ១៩នេះ ហើយមិនទាន់បង្ហាញរោគសញ្ញា ក៏អាចចម្លងវីរុសនេះទៅកាន់អ្នកដទៃដែរ។
ទោះយ៉ាងណា CDCអាមេរិកបាននិយាយទៀតថា ភាគរយតិចណាស់ដែលជំងឺកូវីដបានរីករាលដាលតាមរយៈវត្ថុអ្វីមួយ ដែលទើបបានប៉ះពាល់ឬកាន់ដោយអ្នកផ្ទុកវីរុសនេះ និងកម្រឆ្លងរវាងមនុស្សនិងសត្វ។
ដើម្បីការពារខ្លួនពីការមេរោគឆ្លងនេះ CDC អាមេរិកណែនាំឱ្យរក្សាគន្លាតសុវត្ថិភាពពីគ្នានៅចម្ងាយជាង៦ហ្វីត ពាក់ម៉ាស់ដែលត្រូវគ្របលើច្រមុះនិងមាត់ លាងសម្អាតដៃឱ្យបានញឹកញាប់ សម្អាតវត្ថុផ្សេងៗដែលប៉ះពាល់ដោយគ្នាច្រើន និងត្រូវនៅផ្ទះពេលឈឺ៕