តុលាការសាលាដំបូងខេត្តមណ្ឌលគិរី បាចេញសេចក្តីសម្រេចឃុំខ្លួនមន្រ្តីផ្កាយ២ឈ្មោះ ពៅ សុធារ៉ាន់ តួនាទីជាអនុប្រធាននាយដ្ឋាននគរបាលការពារព្រំដែនគោកនៃអគ្គស្នងការនគរបាលជាតិ ពីបទកាប់គាស់រុសរានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃនៅក្នុងខេត្តមណ្ឌលគិរីដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ដីកាបង្គាប់ឱ្យប្រធានពន្ធនាគារខេត្តមណ្ឌលគិរីឃុំខ្លួនបណ្ដោះអាសន្ន ចុះនៅថ្ងៃទី២តុលាបញ្ជាក់ថា លោក ពៅ សុធារ៉ាន់ មានទីលំនៅបច្ចុប្បន្ននៅសង្កាត់ស្រះច្រក ខណ្ឌដូនពេញបានកាប់ឆ្ការរុករានដីព្រៃដើម្បីកាន់កាប់ជាកម្មសិទ្ធិនៅចំណុចភ្នំរហាំង ភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំងខេត្តមណ្ឌលគិរី។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីប្រាប់សារព័ត៍មានខ្មែរណាស់ខ្លីនៅថ្ងៃចន្ទនេះ លោក ពៅ សុធារ៉ាន់ ដែលតុលាការសម្រេចឃុំខ្លួននេះ គឺបានសហការជាមួយមនុស្សមួយចំនួនទៀតបានឈូកឆាយ កាន់កាប់ដីព្រៃខុសច្បាប់ចំនួន ៤១ហិកតា ។
ចំណែកលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីបញ្ជាក់ដែរថា លោកមិនអាចផ្តល់ព័ត៍មានទាំងឡាយជូនអ្នកសារព័ត៍មានទេនៅពេលនេះ ពីព្រោះកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតរបស់អាជ្ញាធរនៅឡើយ ។
លោក គ្រើង តុលា សកម្មជនការពារព្រៃឈើជនជាតិភាគតិចពូនងបានលើកឡើងថា ពាក់ព័ន្ធនឹងការទន្ទ្រានដីព្រៃខុសច្បាប់របស់លោកផ្កាយពីរ ពៅ សុធារ៉ាន់ នេះ គឺមានកម្មករចំនួន៨នាក់ក៏ត្រូវបានចាប់ខ្លួន និងអ្នកពាក់ព័ន្ធផ្សេងទៀត បាននាំរត់ភៀសខ្លួនទៅកាន់ប្រទេសថៃខ្លះនិងវៀតណាមខ្លះ។
លោកថា៖«ប៉ុន្តែអ្នកពាក់ព័ន្ធផ្សេងទៀត ក៏ត្រូវបានវ៉ៃខ្នោះ២ទៅ៣នាក់ អានេះតាមព័ត៌មានដែលខ្ញុំទទួលបាន»។
កាលពីថ្ងៃទី៣០កញ្ញា មន្រ្តីមកពីអគ្គស្នងការនគរបាលជាតិនិងកងរាជអាហត្ថលើផ្ទៃប្រទេស រួមទាំងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានចុះទៅដល់ទីតាំងដែលលោក ពៅ សុធារ៉ាន់ ឈូកឆាយកម្ទេចនោះ ដែលធ្លាប់ជាទីតាំងការពាររបៀងជីវៈចម្រុះសម្បូរទៅដោយព្រៃឈើតូចធំគ្រប់ប្រភេទ៕