
សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសយើងដឹងមកហើយថាកាលពីពេលកន្លងទៅ ការផ្ទេរកម្មសិទ្ធិរថយន្តមានភាពស្មុគស្មាញ និងចំណាយពេលវេលាយូរ ក្នុងការផ្ទេរពីឈ្មោះមួយទៅឈ្មោះអ្នកថ្មីទៀត និងចំណាយប្រាក់ក្រៅផ្លូវការច្រើនទៀត ប៉ុន្តែឥឡូវនេះលែងជាបញ្ហាទៀតហើយ គឺប្រើពេលត្រឹម៣០នាទីប៉ុននោះ ដោយធ្វើនៅទីតាំងតែមួយ។
បើតាមលោករដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តមស៊ុន ចាន់ថុល បានលើកពីករណីប្តូរប័ណ្ណកម្មសិទ្ធិយានយន្តគឺលែងមានភាពស្មុគស្មាញ និងចំណាយពេលតិចជាងមុន ដោយសារមានការសហការជាមួយអង្គភាពពន្ធដារ នីតិវិធីថ្មីប្រើពេលតែ ៣០ នាទី បងប្អូនអាចប្តូរប័ណ្ណកម្មសិទ្ធិយានយន្តយកទៅប្រើប្រាស់បាន។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងបានខិតខំសម្រួលនីតិវិធីក្នុងការផ្ទេរកម្មសិទ្ធិយានយន្ត ក្នុងពេលតែមួយនៅទីតាំងផ្តល់សេវាតែមួយ ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងកាត់បន្ថយពេលវេលា និងការចំណាយសេវាក្រៅផ្លូវការ។ នីតិវិធីថ្មីនេះដូចជាការបង់ប្រាក់សេវា និងពន្ធប្រថាប់ត្រារួមគ្នាក្នុងវិក្កយបត្រតែមួយ។
លោកថា ឲ្យតែមានឯកសារគ្រប់គ្រាន់ ការផ្ទេរកម្មសិទ្ធិយានយន្ត ប្រើពេលត្រឹម ៣០ នាទី ប៉ុណ្ណោះ បងប្អូនអាចទទួលប័ណ្ណកម្មសិទ្ធិថ្មីយកទៅប្រើប្រាស់បាន។
ឯកសារចាំបាច់ដើម្បីសុំផ្ទេរកម្មសិទ្ធិយានយន្តមាន៖
- – ពាក្យសុំផ្ទេរកម្មសិទ្ធិ
- – លិខិតទិញលក់
- – ប័ណ្ណសម្គាល់យានយន្តច្បាប់ដើម
- – អត្តសញ្ញាណប័ណ្ណរបស់ភាគីទាំងអ្នកលក់ និងអ្នកទិញ
- – វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត

