header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី  ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានបញ្ជាក់ឲ្យដឹងថា ពលការិនីម្នាក់ដែលបានធ្វើវីដេអូឃ្លីបបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា ខ្លួនត្រូវបានមេខ្យល់ឆបោកឲ្យទៅធ្វើការងារនៅឯប្រទេសចិនអស់ជាងពីរឆ្នាំដោយរងទុក្ខលំបាក និងស្នើសុុំសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ដើម្បីបានវិលត្រឡប់មកប្រទេសកម្ពុជា ជាទឹកដីកំណើតរបស់ខ្លួនវិញនោះ  ត្រូវបានត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញដោយសុវត្ថិភាពហើយ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។

ឯកឧត្តម បានរំឮកឲ្យដឹងថា កាលពីថ្ងៃទី៨  ខែតុលា ឆ្នាំ២០២០ នាយកដ្ឋានជំនាញបានទទួលព័ត៌មានពីក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិស្ដីពីព័ត៌មានលើគណនីហ្វេសប៊ុកឈ្មោះ រីណា រីណា ដែលបានបង្ហោះជាឃ្លីបវីដេអូរយៈពេល១នាទី និង៤៩វិនាទី អះអាងថានាងត្រូវចាញ់បោកមេខ្យល់ទៅប្រទេសចិន និងស្នើសុំឲ្យជួយសង្គ្រោះ និងបញ្ជូននាងត្រឡប់មកកម្ពុជាវិញ។ 

អនុវត្តបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងសេនាធិការ និងមតិចង្អុលដឹកនាំ ពីឯកឧត្តម អគ្គស្នងការរងទទួលផែនយុត្តិធម៌ នាយកដ្ឋានបានចាត់មន្ត្រីជំនាញចូលទំនាក់ទំនងក្នុងគណនីហ្វេសប៊ុកឈ្មោះ រីណា រីណា ដោយស្នើសុំផ្ដល់ព័ត៌មានអំពីអាសយដ្ឋានដែលនាងកំពុងស្នាក់នៅប្រទេសចិន និងសាច់ញាតិ លេខទូរស័ព្ទទំនាក់ទំនងនៅប្រទេសកម្ពុជា និងដោយទទួលបានកិច្ចសហការល្អបំផុតជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លេខាធិការដ្ឋានក្រុមការងារសហប្រតិបត្តិការមេគង្គឡានឆាង និងអង្គភាពពាក់ព័ន្ធធ្វើការស្រាវជ្រាវ ទើបដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០  ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានផ្ដល់ព័ត៌មានមកថា ស្ថានអគ្គកុងស៊ុលនៃព្រះរាជណាចក្រកម្ពុជាប្រចាំទីក្រុងសៀងហៃ បានធ្វើកិច្ចសហការជាមួយសមត្ថកិច្ចចិនជួយសង្គ្រោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ រីណា រីណា បានហើយនៅខេត្តជីជាំង ប្រទេសចិន ដែលមានឈ្មោះពិតគឺ សែម ស្រីពេជ្រ ( SEM SREY PHECH) កើតថ្ងៃទី ១៦/០៥/១៩៩៤ មានស្រុកកំណើតនៅភូមិល្វាត្បូង ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាម។

ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ អគ្គលេខាធិការដ្ឋានក្រុមការងារសហប្រតិបត្តិការមេគង្គឡានឆាង និងអង្គការដៃគូពាក់ព័ន្ធ ដែលបានសហការល្អប្រសើរទាំងក្នុងការស្រាវជ្រាវរំដោះនារីរងគ្រោះ និងគាំទ្រដល់សេវាផ្សេងៗដើម្បីនាំនារីរងគ្រោះខាងលើមកកម្ពុជាវិញដោយសុវត្ថិភាព។

បច្ចុប្បន្ន នាយកដ្ឋានការជួញដូរមនុស្ស និងការពារអនីតិជន កំពុងធ្វើកិច្ចសហប្រតិបត្តិការបន្តជាមួយក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា លើករណីនារីរងគ្រោះខាងលើ និងបន្តធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណមេខ្យល់ដែលបានប្រព្រឹត្តអំពើឆបោកលើនារីរងគ្រោះខាងលើ ដើម្បីឈានដល់ការនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post