សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានបិទចរាចរណ៍រថយន្តដឹក​ទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២,៣,៤,៥, ផ្លូវជាតិលេខ២០, ២០​អា, ២១, ២១អា និងផ្លូវជាតិលេខ២១បេ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃនេះតទៅ រហូត​ដល់​ថ្ងៃជូនដំណឹងជាថ្មី ដើម្បីការពារផ្លូវ ស្ពាន កុំឲ្យបាក់ស្រុត និងធានាដល់ការ​ធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព។

មន្ទីរសាធារណការ បានសង្កត់ធ្ងន់ថា ដោយស្ថានភាពគ្រោះជំនន់ទឹកភ្លៀង កំពុងជន់​ឡើងយ៉ាងខ្លាំង បណ្តាលឲ្យទឹកលិចកំណាត់ផ្លូវមួយចំនួន នៅក្នុងខេត្តកណ្តាល ស្ថានភាពបែបនេះ ធ្វើឲ្យផ្លូវស្ពាន មិនអាចទ្រាំទ្រ និងទម្ងន់រថយន្តដឹក​ទំនិញធុនធំ​បានទេ។

កន្លងទៅថ្មីៗនេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានណែនាំ​ទៅអភិបាល​រាជធានី ខេត្ត ឱ្យបិទការធ្វើចរាចរណ៍នៅលើផ្លូវដែលមានទឹកលិចខ្លាំង ដើម្បីការពារគ្រោះថ្នាក់ចរាចរណ៍ និងការនាំឱ្យខូចផ្លូវធ្ងន់ធ្ងរ។​សម្តេច ស ខេង ណែនាំដូច្នេះ «នៅកន្លែងណាក៏ដោយសូមអភិបាលរាជធានី ខេត្ត ប្រសិនណាជាលិច ហើយមើលផ្លូវមិនឃើញអាចថា ៣-៤ តឹកឡើង។ អាហ្នឹងសូមឱ្យបិទចរាចរណ៍​កុំឱ្យធ្វើដំណើរ ព្រោះវាមានហានិភ័យពីរយ៉ាង ទី១ គឺជីវិតមនុស្សអាហ្នឹងធំណាស់ ហើយ​ទី២ទៀត វាខូចផ្លូវថែមទៀត»

គិត​ត្រឹម​ថ្ងៃទី​១២ ខែតុលា ឆ្នាំ ២០២០ ទឹកជំនន់បាន​លិច​ផ្លូវ​ប្រវែង​ជាង​១៧​ម៉ឺន​ម៉ែត្រ និង​មាន​ស្ពាន​លិច ចំនួន​១៩​កន្លែង ក្នុង​ខេត្ត​ចំនួន​១៧ របស់កម្ពុជា។ នេះបើយោងតាម​របាយ​ការ​ណ៍រ​បស់​គណៈ​គ​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor