សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចបានចាប់បានមេខ្លោងរុករានដីព្រៃនៅខេត្តមណ្ឌលគិរី នៅឯខេត្តកំពត កាលពីថ្ងៃទី១៣តុលា ឆ្នាំ២០២០ រួចបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ ដើម្បីបន្តនីតិវិធី ។

បើតាមប្រភពព័ត៌មានក្រៅផ្លូវការបានឲ្យដឹងថា មេខ្លោងរុករានដីព្រៃនោះ ជាមន្ត្រីយោធាម្នាក់ពាក់ស័ក្តិ៥ ជាមេដឹកនាំការទន្ទ្រានដីព្រៃនៅចំណុចភ្នំរហាំ ក្នុងភូមិពូឆបឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានត្រូវចាប់ខ្លួនជាមួយអ្នកពាក់ព័ន្ធ៤នាក់ទៀត ក្រោយពីគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ បើកការស៊ើបអង្កេតទ្រង់ទ្រាយធំ និងស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធជាង១០នាក់ ។

ប្រភពដដែលបន្តថា ក្នុងសំណុំរឿងដ៏កក្រើកនេះ គណៈកម្មការបានរកឃើញមានអ្នកពាក់ព័ន្ធជាង១០នាក់ ឃាត់ខ្លួនបាន៥នាក់ហើយ ឯអ្នកនៅសល់ពីនេះកំពុងគេចខ្លួន ហើយភាគច្រើនពួកគេជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

មេខ្លោង និងអ្នកពាក់ព័ន្ធដែលសមត្ថកិច្ចឃាត់ខ្លួនបាន៥នាក់នោះ រួមមាន ៖

  • ១-ឈ្មោះ ចាន់ ធី ជាមន្ត្រីយោធា ពាក់ស័ក្តិ៥។
  • ២-ឈ្មោះ ពៅ សុធារ៉ាន់ ជាមន្ត្រីនគរបាល ។
  • ៣-ឈ្មោះ ហង់ ជុង ជាមន្ត្រីនគរបាល ។
  • ៤-ឈ្មោះ ម៉ា ម៉េងធី ជាចាងហ្វាងកាសែតព្រហ្មខ័ន្ធអនឡាញ
  • ៥-មិនទាន់ស្គាល់អត្តសញ្ញាណ ។

សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ បានប្រើកម្លាំងប្រមាណជាង១០០នាក់ បើកប្រតិបត្តិការដ៏ធំមួយប្រើប្រាស់រថយន្តរាប់សិបគ្រឿង ចុះទៅត្រួតពិនិត្យដីព្រៃមួយកន្លែងនៅចំណុចភ្នំក្បាលខ្មោច និងភ្នំរហាំ ជិតព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង រកឃើញព្រៃឈើរាប់រយហិកតារ ត្រូវមេខ្លោង និងបក្ខពួកខាងលើឈូសឆាយយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor