សង្គម
អាម៉ាប៉ាប៉ាញ៉ូសអាជ្ញាធរខេត្តស្ទឹងត្រែងបានអះអាងថា កាលពីថ្ងៃទី១៣តុលា ប្រទេសឡាវបានបើកទំនប់វារីឱ្យទឹកហូរចូលមកទន្លេសេកុងរបស់កម្ពុជាតែប៉ុន្មានម៉ោងប៉ុណ្ណោះ និងបានបិទវិញ ប៉ុន្តែឡាវអាចនឹងបន្តបើកទំនប់នេះសារជាថ្មីទៀត ដោយសារប្រទេសនេះកំពុងបន្តទទួលរងការធ្លាក់ភ្លៀងខ្លាំងនៅឡើយ។
លោក ម៉ែន គុង អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបានប្រាប់សារព័ត៌មានខ្មែរណាស់ នៅព្រឹកថ្ងៃទី១៤តុលានេះថា មូលហេតុដែលខេត្តអត្តពឺរបស់ឡាវបើកទំនប់ឱ្យទឹកហូរចូលទន្លេសេកុងក្នុងខេត្តស្ទឹងត្រែងនេះ គឺដោយសារនៅខេត្តអត្តពឺក៏ទទួលរងនូវការបង្ហូរទឹកចេញពីទំនប់វារីរបស់វៀតណាមដែលស្ថិតនៅផ្នែកខាងលើ។
លោកបញ្ជាក់ថា ការបើកទំនប់បង្ហូរទឹកបង្ហូរចេញពីឡាវនេះ គឺអាចធ្វើឱ្យជន់លិចផ្ទះពលរដ្ឋនៅក្នុងស្រុកមួយចំនួននៃខេត្តស្ទឹងត្រែងដែលស្ថិតនៅជាប់ទន្លេសេកុង ជាពិសេសគឺខេត្តសៀមប៉ាងទាំងមូលនឹងត្រូវទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ប៉ុន្តែលោកថា ការបើកទំនប់ទឹកតែប៉ុន្មានម៉ោងរបស់ឡាវកាលពីថ្ងៃទី១៣តុលា មិនទាន់បានធ្វើឱ្យទឹកទន្លេសេកុងហក់ឡើងដល់កម្ពស់ត្រូវប្រកាសអាសន្នឡើយ។
ទោះជាយ៉ាងណាក្ដី លោក ម៉ែន គុង បញ្ជាក់ថា គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានត្រៀមរួចជាស្រេចក្នុងការជម្លៀសប្រជាជននៅស្រុកសៀមប៉ាងនិងស្រុកដទៃទៀតមកកាន់កន្លែងសុវត្ថិភាព ប្រសិនបើប្រទេសឡាវប្រកាសបើកទំនប់វារីជាសារជាថ្មីម្ដងទៀត។
លោកថា៖«មកទល់ពេលនេះ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយឃុំទាំង៥នៃស្រុកសៀមប៉ាងបានត្រៀមជម្លៀស និងបានជូនដំណឹងឲ្យប្រជាពលរដ្ឋទាំងអស់ឱ្យបានត្រៀមខ្លួនរួចជាស្រេចហើយ»។
លោកបញ្ជាក់ថា កម្ពស់ទឹកនៅផ្នែកខាងលើទន្លេសេកុងបច្ចុប្បន្ន គឺមានកម្ពស់ត្រឹម១១.២០ម៉ែត្រ ខណៈទឹកដែលត្រូវប្រកាសអាសន្ននៅកម្ពស់ ១១.៥០ ម៉ែត្រ ប៉ុន្តែទឹកទន្លេនេះ នឹងបន្តហក់ឡើងជាបន្តបន្ទាប់ទៀត ដោយសារអាកាសធាតុមិនទាន់ធូរស្រាលនៅឡើយ។
សូមបញ្ជាក់ថា ខាងភាគីខេត្តអត្តពឺរបស់ប្រទេសឡាវ បានជូនដំណឹងមួយកាលពីថ្ងៃទី១២តុលា អំពីទឹកទន្លេសេកុងអាចកើនឡើងខ្ពស់ និងអាចបង្កឲ្យមានទឹកជំនន់ ហើយដើម្បីបញ្ជៀសគ្រោះមហន្តរាយ បានស្នើឱ្យអាជ្ញាធរខេត្តស្ទឹងត្រែង ចាត់វិធានការត្រៀម និងបង្ការចំពោះគ្រោះធម្មជាតិនេះ៕