បរទេស
អាម៉ាប៉ាប៉ាញ៉ូសកុមារឥណ្ឌាជាង១០លាននាក់ ដែលមានអាយុពី៥ទៅ១៤ឆ្នាំ ត្រូវបានបង្ខំឱ្យធ្វើការងារនៅក្នុងកសិដ្ឋាន រោងចក្រ ភោជនីយដ្ឋាន និងធ្វើជាអ្នកជូតស្បែកជើងនៅតាមដងផ្លូវ នៅក្នុងអំឡុងជំងឺរាតត្បាតកូវីដ១៩។
តាមច្បាប់របស់ឥណ្ឌា កុមារអាយុក្រោម១៤ឆ្នាំ ត្រូវបានហាមឃាត់មិនឱ្យធ្វើការងារឡើយ ហើយកុមារអាយុចន្លោះពី១៤ទៅ១៨ឆ្នាំ ត្រូវបានហាមឃាត់មិនឱ្យធ្វើការក្នុងមុខរបរដែលមានគ្រោះថ្នាក់ រួមមានការងារភោជនីយដ្ឋានមួយចំនួនជាដើម។
អង្គការការពារសិទ្ធិកុមារមួយឈ្មោះ Bachpan Bachao Andolan (BBA) ដែលជាអង្គការមានស្ថាបនិកបានឈ្នះរង្វាន់ណូបែលសន្តិភាពបានលើកឡើងថា ខ្លួនធ្លាប់បានជួយសង្គ្រោះកុមារចំនួន ១ ២០០ នាក់ពីកន្លែងការងារចាប់តាំងពីខែមេសាមក ប៉ុន្តែកុមារកាន់តែច្រើន ត្រូវបានគេបញ្ជូនឱ្យទៅធ្វើការដដែលដោយសារតែការរីករាលដាលនៃជំងឺកូវីដ។
អង្គការនេះបន្តថា ការបិទប្រទេសរាប់ខែដើម្បីទប់ស្កាត់ជំងឺរាតត្បាត គឺបានធ្វើឱ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ឥណ្ឌា ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៣នៅអាស៊ី ហើយបានធ្វើឱ្យប៉ះពាល់ជីវភាពប្រជាជនឥណ្ឌារាប់លាននាក់។
ជាលទ្ធផលកុមារក្រីក្រកាន់តែច្រើន ត្រូវបានគេជំរុញឱ្យចាប់យកការងារ ដើម្បីជួយរកប្រាក់ផ្គត់ផ្គង់គ្រួសារ។
នយោជកមួយចំនួនបាននិយាយថា កុមារមានឆន្ទៈធ្វើការងារបានច្រើនម៉ោង ប៉ុន្តែទទួលបានប្រាក់ខែទាបជាងមនុស្សពេញវ័យ ដែលជាហេតុធ្វើឱ្យពួកគេបើកចំហចំពោះការកេងប្រវ័ញ្ច និងការរំលោភបំពានលើពលកម្មកុមារ៕