
សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសលោក កែវ សុខវ៉ាត សហជីពតំណាងកម្មករនៅក្រុមហ៊ុនស៊ីនទ្រី បានប្រាប់សារព័ត៌មានខ្មែរណាស់ថា ក្រុមកម្មករដែលជាអ្នកបើករថយន្តដឹកសំរាម និងក្រុមកម្មករផ្នែកចុះប្រមូលសំរាម គឺនៅបន្តតវ៉ាដដែល និងមិនទាន់យល់ព្រមចេញធ្វើការងារវិញ តាមការបញ្ចុះបញ្ចូលរបស់អភិបាលក្រុងនៅឡើយទេ។
លោកបញ្ជាក់ថា នៅក្រោយពីបានជួបជាមួយអភិបាលក្រុងភ្នំពេញលោក ឃួង ស្រេង កាលពីព្រឹកមិញ គឺមានកម្មករដែលយល់ព្រមចេញធ្វើការងារវិញតិចតួចប៉ុណ្ណោះ ដែលជាក្រុមកម្មករផ្នែកបោសសម្អាតផ្លូវនៅតាមបណ្ដាខណ្ឌមួយចំនួន ប៉ុន្តែមិនមែនជាក្រុមកម្មករបើករថយន្តដឹកសំរាមនិងចុះប្រមូលសំរាមនោះទេ។
លោកថា៖«ប្រសិនបើអ្នកធ្វើគឺអ្នកបោសសំរាមទេ គឺគ្រាន់តែបោសនៅតាមផ្លូវហ្នឹង មិនមែនអ្នកដឹកជញ្ជូនសំរាមចេញពីផ្លូវឯណា។ សំខាន់គឺលើអ្នកដឹកជញ្ជូនសំរាម ដែលជាថៃកុងឡាន និងអ្នកចុះប្រមូល អត់ទាន់ចូលធ្វើការទេ»។
លោក សុខវ៉ាត មិនដឹងចំនួនច្បាស់នៃក្រុមកម្មបើកឡានដឹកសំរាមនិងប្រមូលសំរាមមានគ្នាប៉ុន្មាននាក់ឡើយ ប៉ុន្តែលោកបញ្ជាក់ថា ជារៀងរាល់ថ្ងៃ រថយន្តដែលត្រូវចេញប្រមូលសំរាមនៅពេលថ្ងៃមានជាង២០០គ្រឿង និងនៅពេលយប់មានពី៨០ទៅ៩០គ្រឿង ដែលក្នុងមួយរថយន្ត មានកម្មករពី៤ទៅ៦នាក់។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះទៅជួបជាមួយកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីន ទ្រី នៅព្រឹកថ្ងៃពុធទី៧តុលានេះ ដើម្បីបញ្ចុះបញ្ចូលឱ្យកម្មករកំពុងតវ៉ាជាង២ពាន់នាក់ នាំគ្នាចូលធ្វើការងារវិញ ស្របពេលទីក្រុងកាន់តែប្រឈមខ្លាំងនឹងគំនរសំរាមនៅតាមដងផ្លូវនានា ដែលគ្មានអ្នកចេញប្រមូលអស់ជាច្រើនថ្ងៃមកនេះ។
លោក ឃួង ស្រេង បានសន្យាជាមួយកម្មករថា ប្រសិនបើពួកគាត់ចូលធ្វើការងារវិញចាប់ពីម៉ោង៣រសៀលនេះទៅ នឹងទទួលបានអង្ករឧបត្ថម្ភក្នុងម្នាក់២៥គីឡូពីប្រមុខរដ្ឋាភិបាល។
លោកធានាទៀតថា ក្រុមកម្មករនឹងមិនបាត់បង់ការងារ ប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតឡើយ ថ្វីត្បិតមានការដាក់ឱ្យដេញថ្លៃក្រុមហ៊ុនថ្មីប្រមូលសំរាមខាងមុខនេះក្ដី។
ទោះជាយ៉ាងណា ក្រុមកម្មករមួយចំនួនធំមិនព្រមទទួលយកការបញ្ចុះបញ្ចូលនោះឡើយ និងបានប្ដេជ្ញាជាថ្មីថា នឹងមិនវិលចូលធ្វើការងារវិញនោះទេ ដរាបណាពួកគាត់នៅតែមិនទាន់ដោះស្រាយជាមុន។
លោកស្រី ហួក គឹមហៀង នឹងវិលចូលការវិញ ប្រសិនបើលោកស្រីទទួលបានប្រាក់បំណាច់ឆ្នាំ។
លោកស្រីថា« ខ្ញុំចង់បានលុយបំណាច់ឆ្នាំ និងលុយអតីតភាពរបស់ខ្ញុំ តែថាកំណត់ថ្ងៃណាខែណាឲ្យអត់មានបានប្រាប់ទេ គ្រាន់ថាទទួលខុសត្រូវរក្សាលុយទុកហើយលុយហ្នឹងទុកធ្វើអី។ ដូច្នេះពួកខ្ញុំមិនទទួលយកត្រង់ថារក្សាលុយទុក បើថាបើកបំណាច់ឆ្នាំឲ្យកម្មករឲ្យដាច់ផឹងៗមក»។
ចំណែកលោកស្រី កន កុសល ចង់ឱ្យអភិបាលក្រុងដោះស្រាយនូវអ្វីដែលក្រុមកម្មករកំពុងទាមទារ ទាំង៥ចំណុច។
លោកស្រី« ដំណោះស្រាយអភិបាលក្រុងគឺផ្ទុយពីអ្វីដែលខ្ញុំបានទាមទារ គាត់មិនបាននិយាយថារៀបចំផ្តល់ប្រាក់បំណាច់ឆ្នាំទេ តែគាត់ថានឹងរក្សាទុកប្រាក់នេះ ដោយមិនបានប្រាប់ពេលណាច្បាស់លាស់ថានឹងផ្តល់ជូនពួកខ្ញុំទេ«។
នេះជាលើកទី២ហើយ ដែលក្រុមកម្មករក្រុមហ៊ុនស៊ីនទ្រីប្ដេជ្ញាបន្តតវ៉ា និងមិនចេញប្រមូលសំរាមតាមការស្នើសុំរបស់សាលារាជធានីភ្នំពេញ ចាប់តាំងពីពួកគាត់នាំគ្នាតវ៉ាមិនចេញធ្វើការងារតាំងពីថ្ងៃទី២តុលា។
កាលពីពេលថ្មីៗនេះ សាលារាជធានីភ្នំពេញប្រកាសជ្រើសរើសកម្មករប្រមូលសំរាមថ្មី ក្រោយពីក្រុមកម្មករក្រុមហ៊ុនស៊ីនទ្រីទាំងអស់ មិនព្រមធ្វើតាមការដាក់កំហិតរបស់សាលាក្រុង ដែលចង់ឱ្យពួកគាត់ចេញប្រមូលសំរាមវិញនៅត្រឹមថ្ងៃទី៥តុលា៕