
សង្គម
អាម៉ាប៉ាប៉ាញ៉ូសបើយោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី ៥ តុលា ២០២០ ថ្នាក់ដឹកនាំសណ្ឋាគារ Le Palais Hotel នៅលើកោះ Phangan ប្រទេសថៃបានធ្វើការសុំទោសដែលបានយករូបចម្លាក់ប្រាសាទខ្មែរមកដាក់លម្អនៅក្នុងទីកន្លែងរបស់ខ្លួន ។

ថ្នាក់ដឹកនាំដដែលបានបញ្ជាក់ថា ខ្លួនគ្រាន់តែចង់បង្ហាញពីភាពថ្កុំថ្កើងនៃអារ្យធម៌ខ្មែរតែប៉ុណ្ណោះ ។


ការសុំទោសនេះ បានកើតឡើងបន្ទាប់ពីមានការរិះគន់យ៉ាងច្រើនចំពោះការយករចនាបទខ្មែរទៅប្រើដោយសណ្ឋាគារនេះ ។ ម្ចាស់សណ្ឋាគារនេះគឺជាប្តីប្រពន្ធសញ្ជាតិខ្មែរ ។







រូប Le Palais Hotel ( រូបថត agoda )



សណ្ឋាគារបាននិយាយថា ស្ថាបនិករបស់ខ្លួនគោរពស្រឡាញ់វប្បធម៌កម្ពុជា ដោយសារពួកគាត់ជាជនជាតិខ្មែរ ហើយទីនោះជាទឹកដីកំណើតរបស់គាត់ ដោយពួកគេបានសរសេររៀបរាប់ថា ៖«ពួកយើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះបញ្ហា ដែលបណ្ដាលឱ្យអ្នកមិនសប្បាយចិត្ត និងចង់បញ្ជាក់ចក្ខុវិស័យចេញពីបេះដូង និងចេតនារបស់ស្ថាបនិករបស់យើង។ សណ្ឋាគារ Le Palais Hotel កោះ Koh Phangan គឺត្រូវបានបំផុសគំនិតដោយភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត ដែលមានទីតាំងនៅប្រទេសកម្ពុជា។ ប្រទេសកម្ពុជាជាមាតុភូមិនៃស្ថាបនិករបស់យើង ហើយទីនោះស្ថិតនៅក្នុងបេះដូងរបស់គាត់ជានិច្ច។ ថៃជាផ្ទះទី២ ដែលគាត់បានរកឃើញសន្តិភាពផ្លូវចិត្ត នៅក្នុងទឹកដីនៃស្នាមញញឹម»។
សណ្ឋាគារបានបន្ដថា៖«យើងបានបើកសណ្ឋាគារនេះដោយក្ដីកោតសរសើរ ដឹងគុណ និងចំណង់ចំណូលចិត្តចំពោះសិល្បៈដ៏អស្ចារ្យ។ ការស្ថាបនាការតុបតែងនៅទីនេះ ធ្វើឡើងដោយដៃនិងបេះដូង ធ្វើដោយក្រុមការងារថៃ និងកម្ពុជា។ ទោះយ៉ាងណាភាពអស្ចារ្យនឹងនៅតែស្ថិតនៅលើប្រាសាទអង្គរវត្តដ៏អស្ចារ្យ ហើយនឹងមិនត្រូវបានប្រៀបធៀបឡើយ»។
យ៉ាងណាមិញចំពោះបញ្ហានេះដែរ ខាងការិយាល័យវប្បធម៌ថៃបាននិយាយថា ខ្លួនបានបើកការស៊ើបអង្កេតទៅលើសណ្ឋាគារ ខណៈដែលសណ្ឋាគារនេះសព្វថ្ងៃមិនទាន់បើកទ្វារវិញនៅឡើយ ដោយសណ្ឋាគារបានបិទទ្វារដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ៕