សង្គម
អាម៉ាប៉ាប៉ាញ៉ូសក្រោយពីលោកឧត្តមសេនីយ៍ ទី ចំរើនកុសល បានបង្ហោះបង្ហាញមុខមន្ត្រីជាប់កិច្ចសន្យារបស់សាលារាជធានីដែលបានអនុវត្តការងារខុសពីតួនាទី និងភារកិច្ចរបស់ខ្លួន និងតែងតែធ្វើសកម្មភាពបញ្ឈប់យានយន្តទាំងឡាយដែលល្មើសច្បាប់ចរាចរណ៍នៅលើដងផ្លូវសាធារណៈរួចមក លោកបានប្រាប់ឲ្យដឹងថា មានប្រជាពលរដ្ឋយ៉ាងច្រើនលើសលុបគាំទ្រចំពោះការបង្ហោះ និងចែករំលែកចំណេះដឹងមួយនេះ។
ទន្ទឹមនឹងមានការគាំទ្រ ក៏មានការរិះគន់មកលើរូបលោកផងដែរ ចំពោះការបើកបរមិនគោរពស្លាកសញ្ញាហាមបត់ត្រលប់ក្រោយ និងប្រើប្រាស់ទូរស័ព្ទក្នុងពេលបើកបរ។
លោកបានឲ្យដឹងថា ពាក់ព័ន្ធនឹងរឿងនេះគឺផ្តើមចេញពី មន្ត្រីជាប់កិច្ចសន្យាឈរជើងគោលដៅអគារ៤២ជាន់នៅលើផ្លូវព្រះសីហនុ កែងនឹងផ្លូវព្រះមុន្នីវង្ស បានឃាត់រថយន្តមួយគ្រឿង និងបានត្រួតពិនិត្យប័ណ្ណបើកបរអ្នកបើករថយន្តនោះទាំងដែលខ្លួនមិនមែនជានគរបាលចរាចរណ៍។
ដោយសារតែឃើញមន្ត្រីជាប់កិច្ចសន្យារូបនេះកំពុងអនុវត្តខុសនឹងតួនាទីភារកិច្ចរបស់ខ្លួន ទើបលោកមានគំនិតបង្កើតកំហុសដោយបត់ត្រលប់ក្រោយដើម្បីឲ្យបុគ្គលរូបនេះឃាត់រថយន្តរបស់លោក។
ហើយដូចការរំពឹងទុក គឺមន្ត្រីជាប់កិច្ចសន្បាបានចេញមកឃាត់រថយន្តរបស់លោកមែន(ដូចដែលមានរូបភាពភ្ជាប់មកជាមួយស្រាប់)។
ក្រោយពេលថតបានហើយ លោកបានបញ្ជូនរូបភាពនេះទៅលោកនាយការិយាល័យចរាចរណ៍ផ្លូវគោករាជធានី តាមប្រព័ន្ធ WhatsApp និងបញ្ជូនចូលទៅក្នុងប្រអប់សារហ្វេសប៊ុករបស់ឯកឧត្តមស្នងការដើម្បីបានជ្រាប។ ភ្លាមៗនោះ លោកបានទទួលត្រលប់មកវិញនូវការអរគុណពីលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចំពោះការបញ្ជូនរូបភាពនេះ លោកមិនកាន់ជើងកូនចៅទាល់តែសោះ និងបានសន្យាយកមន្ត្រីដែលមានកំហុសនោះទៅអនុវត្តវិន័យ(បញ្ឈរជើង) នៅការិយាល័យនគរបាលចរាចរណ៍រាជធានី។
ទោះបីមានការខិតខំប្រឹងប្រែងលុបបំបាត់ភាពអសកម្មទាំងអស់នេះយ៉ាងណា គឺប្រៀបបានដូចវែកចកនៅលើទឹក គ្មានឃើញលទ្ធផលប្រសើរអ្វីទាំងអស់។ ហេតុដូចនេះហើយទើបបានលោកសម្រេចចិត្តបង្ហោះដើម្បីចែករំលែករូបភាពមួយនេះដល់ប្រជាពលរដ្ឋបានដឹងថាតើភាពខុសគ្នារវាងមន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីនគរបាលចរាចរណ៍ខុសគ្នាត្រង់ណា ?
ហើយត្រូវដឹងផងដែរថាមន្ត្រីជាប់កិច្ចសន្យារបស់សាលារាជធានីទាំងអស់ គឺគ្មានសិទ្ធិចេញមកឃាត់រាល់យានយន្តដែលល្មើសនឹងច្បាប់ចរាចរណ៍នៅលើដងផ្លូវសាធារណៈនោះទេ។
ជាការពិត លោកបានដឹងច្បាស់ណាស់ថាវានឹងប៉ះពាល់មកលោកវិញចំពោះបញ្ហាដែលលោកបង្ហោះភាពអសកម្មរបស់មន្ត្រីជាប់កិច្ចសន្យានេះ ប៉ុន្តែលោកថាគ្មានជម្រើស ទោះបីប៉ះពាល់ និងមានកាពេបជ្រាយ មានការមិនពេញចិត្តពីថ្នាក់ដឹកនាំមួយចំនួន ប៉ុន្តែលោកសប្បាយចិត្តនូវអ្វីដែលលោកបានជួយសង្គម និងជួយដល់ប្រជាពលរដ្ឋខ្មែរដែលជាជនរងគ្រោះពិតៗ យ៉ាងណាមិញរឿងមន្ត្រីជាប់កិច្ចសន្យារបស់សាលារាជធានីនេះ មិនមែនមានតែម្តងនេះទេ ដែលធ្វើខុសតួនាទីភារកិច្ច គឺមានជារៀងរាល់ថ្ងៃនឹងសឹងគ្រប់គោលដៅនៅក្នុងរាជធានីភ្នំពេញ។
ប្រជាពលរដ្ឋជាច្រើនដែលលោកមើលមិនដឹងថាជាមន្ត្រីជាប់កិច្ចសន្យាទេ លោកគិតថាជានគរបាលចរាចរណ៍ទាំងអស់។
ចុងបញ្ចប់គឺលោកបានយល់ព្រមបង់ប្រាក់ពិន័យចំពោះបញ្ហាល្មើសស្លាកសញ្ញាត្រលប់ក្រោយ និងប្រើប្រាស់ទូរស័ព្ទកំពុងបើកបរ បើច្បាប់ចាំបាច់តម្រូវឲ្យលោកបង់ប្រាក់ពិន័យ។ ព្រោះអីមានប្រជាពលរដ្ឋជាច្រើនដែលកំពុងរងចាំជួយរ៉ៃអង្គាសប្រាក់សម្រាប់បង់ថ្លៃពិន័យនេះ។
ជាចុងក្រោយលោកក៏បានសំណូមពរផងដែរថា៖
១-ស្នើសុំឈប់ឲ្យមានមន្ត្រីជាប់កិច្ចសន្យាតទៅទៀតដើម្បីលុបបំបាត់ភាពអសកម្មដ៏រាំរ៉ៃមួយនេះ។ ក្នុងករណីខ្វះកម្លាំង ស្នើសុំជ្រើសរើសក្របខ័ណ្ឌថ្មីបន្ថែម ដើម្បីផ្តល់ឳកាសដល់និស្សិតមួយចំនួនដែលទើបចេញពីសាលានឹងគ្មានការងារធ្វើ។
២-ស្នើសុំដល់មន្ត្រីជាប់កិច្ចសន្យាទាំងអស់បញ្ឈប់រាល់សកម្មភាពបែបនេះតទៅទៀតបើមិនចង់ឃើញរូបភាពរបស់ខ្លួននៅលើផេករបស់ខ្ញុំ។