
សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជាបានច្រានចោលទាំងស្រុងនូវការផ្សាយដែលមិនត្រឹមត្រូវ ស្តីពីតម្លៃរបបអាហារ និងការស្នាក់ធ្វេីចត្តាឡីស័ក របស់បុគ្គលដែលមានអាក់ខានឈ្មោះ San Sek Sokhom ដែលមានចរិតបំពុលសង្គម និងចោទប្រកាន់ដោយមិនទាំងយល់ពីនិតិវិធីក្នុងការជ្រេីសរេីសកន្លែងធ្វេីចត្តាឡីស័ក ក្នុងពេលដែលក្រសួងសុខាភិបាលកំពុងតែខិតខំអនុវត្តវិធានការទប់ស្កាត់កុំឲ្យមានការចម្លងដោយសារការនាំចូលវីរុសកូវីដ-១៩ ពីក្រៅប្រទេសមកកម្ពុជា។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការជ្រេីសរេីសសណ្ឋាគារសម្រាប់ធ្វេីចត្តាឡីស័ក ដោយបង់ថ្លៃ គឺជាការសម្រេចចិត្តរបស់បុគ្គលរូបនោះដោយខ្លួនឯង ដោយគ្មានការបង្ខិតបង្ខំឡេីយ ព្រមទាំងមានការចុះហត្ថលេខាលេីទម្រង់ជ្រេីសរេីសទីកន្លែងដោយសាមីខ្លួនផ្ទាល់ទៀតផង។
ប្រសិនបេីបុគ្គលរូបនោះមិនមានថវិកាបង់ថ្លៃសណ្ឋាគារ និងចំណីអាហារខ្លួនឯងនោះ គាត់អាចជ្រេីសរេីសយកកន្លែងដែលរៀបចំដោយរដ្ឋជាអ្នកចេញថ្លៃជួសបាន តែករណីនេះ គឺបុគ្គលរូបនេះ ដឹងហេីយថាត្រូវបង់ថ្លៃសណ្ឋាគារ និងម្ហូបអាហារ ហេីយជ្រេីសយកដោយខ្លួនឯងទៀត តែបែរជាមកចោទប្រកាន់ក្រសួងបែបនេះទៅវិញ ដែលក្រសួង សូមប្រកាសច្រានចោលទាំងស្រុងនូវរាល់ការលេីកឡេីងតាមការផ្សាយនេះ។
ជាមួយគ្នានេះ លោកស្រី បានលើកយក NP Video មកថា គួរតែមុននឹងផ្សាយ ត្រូវស្រាវជ្រាវពិនិត្យមេីលឲ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងការផ្សាយមិនត្រឹមត្រូវ ដែលធ្វេីឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបាន និងកំពុងខិតខំធ្វេីការទាំងថ្ងៃទាំងយប់ មិនទាំងបានឈប់សម្រាកផងនោះ។
រីឯ ការបង់ថ្លៃស្នាក់នៅ ហូបចុកសម្រាប់ជនជាតិខ្មែរ គឺបង់ឲ្យទៅសណ្ឋាគារផ្ទាល់តែម្តងដោយខ្លួនឯង ដែលសណ្ឋាគារជាអ្នកទទួលបន្ទុកផ្តល់សេវាសម្រាប់បុគ្គលស្នាក់នៅ។
ក្រសួងសូមជូននូវការពន្យល់ និងការឆ្លេីយតបចំពោះការលេីកឡេីងពីរឿងនេះ ជូនទៅបុគ្គលរូបនោះ ដែលបានប្រេីប្រាស់អាក់ខោនផ្សេងៗគ្នា តែសាច់រឿងតែមួយ ហេីយក្រសួង ក៏បានពន្យល់គាត់ គាត់ក៏បានឆ្លេីយតបបំភ្លឺលេីការយល់ច្រឡំរបស់គាត់រួចហេីយដែរ (មានដូចខាងក្រោមនេះ) តែ NP Video អនឡាញ នៅតែបន្តបំផុសរឿងដែលមិនត្រឹមត្រូវនេះ។
ក្រសួងសូមស្នេីសុំអាជ្ញាធរមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ មេត្តាជួយចាត់ការលេីសារព័ត៌មាន ដែលផ្សព្វផ្សាយមានចរិតមិនត្រឹមត្រូវ បំពុលសង្គមនេះផង ដែលក្នុងកាលៈទេសៈនេះ យេីងគួរតែរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ និងអនុវត្តវិធានការសុខាភិបាលឲ្យបានហ្មត់ចត់ ដេីម្បីប្រទេសកម្ពុជាមិនមានការចម្លងចូលក្នុងសហគមន៌។
សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។