សង្គម
អាម៉ាប៉ាប៉ាញ៉ូសខេត្តសៀមរាប៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នគរបាលចរាចណ៍ផ្លូវគោកនៃស្នងការខេត្តសៀមរាប បានបំភ្លឺជូន សាធារណៈជន និងម្ចាស់គណនីដែលមាន ឈ្មោះ Khin Vanndy ក្រោយពីបានបង្ហោះចែកចាយ ព័ត៌មានទាក់ទង ទៅនឹងការរឹតបន្តឹងអនុវត្តច្បាប់ចរាចណ៍នៅតំបន់អង្គរ។
នគរបាលចរាចណ៍ផ្លូវគោកខេត្តសៀមរាប បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ០៩និង៣០នាទីព្រឹក កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាក់គោលដៅត្រួតពិនិត្យច្បាប់ និងរឹតបន្តឹងចំពោះបើកបរល្មើសនិងស្លាកសញ្ញាហាមឃាត់ (ផ្លូវឯកទិស) នៅចំណុចផ្លូវខ្លោងទ្វារទន្លេអុំ បានធ្វើការឃាត់ម៉ូតូចំនួន ២គ្រឿង ដែលបានបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពទាំង ៤នាក់ (មានទាំងអ្នកបើកបរ និងអ្នករួមដំណើរ) បានបើកបរពីត្បូង ទៅជើង ដើម្បីយកធ្វើការពិន័យ ដោយផ្អែកលើស្ថានភាពជាក់ស្តែង ពួកគាត់បានស្នើសុំអោយសមត្ថកិច្ចយើង ធ្វើការផាកពិន័យ មិនពាក់មួកតែមួយនាក់គត់ និងបានអប់រំណែនាំ ចំនួន៣នាក់ បន្ថែមទៀត ដែលមិនពាក់មួកសុវត្ថិភាព។
ដែលមានបង្កាន់ដៃពិន័យអន្តរការណ៍លេខ០០៩៤៨៣១ និងបង្កាន់ដៃបង់ប្រាក់ពិន័យលេខ ០៧០-២-០២០០០១៧៣៨៩ ចំនួនទឹកប្រាក់ ៦០,០០០ ៛ (ប្រាំមួយម៉ឺន រៀល) ចុះថ្ងៃទី៣១/១០/២០២០ តាមមាត្រា៦ ចំណុច ១ ក នៃអនុក្រឹត្យលេខ ៣៩ អនក្រ.បក អំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
សេចក្តីដូចបានជំរាបជូនខាងលើនេះ សូមសាធារណៈជន អ្នកសារព័ត៌មាន ពិសេសបងប្អូន ដែលនិយមប្រើប្រាស់បណ្តាញទំនាក់ទំនង សង្គមហ្វេសបុក មេត្តាជ្រាបជាព័ត៌មាន នឹងឈប់មានការយល់ច្រឡំ លើសមត្ថកិច្ចយើង ចុះរឹតបន្តឹងច្បាប់ នៅចំណុចខ្លោងទ្វារទន្លេអុំ៕