header ads

Sponsor

សៀមរាប៖ កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា មន្ត្រីការិយាល័យផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តសៀមរាប បានប្រាប់អ្នកសារព័ត៌មានថា បន្ទាប់ពីទទួលបានព័ត៌មានពីរដ្ឋបាលស្រុកស្រីស្នំ ថានៅឃុំចំនួន២ ក្នុងស្រុកស្រីស្នំ គឺឃុំជ្រោយនាងងួន និង ឃុំស្លែងស្ពាន មានសត្វគោ-ក្របី សរុប ចំនួន៧០៥ ក្បាល មានជំងឺដោយរោគសញ្ញា ៖ ឈឺក្រចក , ហើមពោះ , ហើមមុខ និង ឈឺមាត់ ក្នុងនោះងាប់អស់ចំនួន៣៤ក្បាល។

មន្ត្រីបន្តថានៅថ្ងៃទី១២ ខែវិច្ឆិកាថា ក្រុមមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរស្រុក ឃុំ និង ពេទ្យសត្វភូមិ ចុះទៅពិនិត្យដោយផ្ទាល់នៅទីតាំងដែលសត្វពាហនៈបាន ឈឺ និង ស្លាប់ ហើយបានរកឃើញថា សត្វដែលឈឺ និង ងាប់នេះ គឺសង្ស័យដោយសារជំងឺអុតក្ដាម ។

មន្ត្រីបន្តថា ជាទូទៅ សត្វគោក្របីដែលឈឺ គឺ៖ ដោយសារមានបញ្ហាជំនន់ទឹកភ្លៀងនោះ មកធ្វើឲ្យចំណីគោក្របី ដូចជាស្មៅមានការលិចទឹក ក្រោយមកក៏ទឹកស្រកទៅវិញអស់ ប៉ុន្ដែស្មៅទាំងអស់នោះវាមានស្លែ មានមេរោគមួយចំនួនជាប់នៅតាមស្មៅ ធ្វើឲ្យសត្វគោក្របីដែលវាស៊ីស្មៅហ្នឹង ធ្វើឲ្យសុខភាពវាមិនសូវល្អ ចុះខ្សោយ ស្ដេស ងាយនឹងទទួលជំងឺ ហើយជំងឺដែលមន្រ្តីជំនាញបានចុះទៅពិនិត្យផ្ទាល់ហ្នឹង យើងសង្ស័យថាជាជំងឺ អ៊ុតក្ដាម ហើយជំងឺអ៊ុតក្ដាមនេះ រោគសញ្ញាសំខាន់គឺឈឺមាត់ និងឈឺជើង ដែលជាទូទៅជំងឺនេះ មិនបណ្ដាលឲ្យគោក្របីធំៗស្លាប់ទេ គឺភាគច្រើនងាប់តែកូនគោតូចៗ ដែលកំពុងបៅដោះ ដោយសារកូនគោនៅពេលដំបៅមាត់ ធ្វើឲ្យបៅដោះមេអត់កើត «ហើយដោយសារការធ្វេសប្រហែសពីម្ចាស់សត្វដោយមិនបានធ្វើការថែទាំ ច្រកបបរ ចំណីបន្ថែមធ្វើឲ្យសត្វហ្នឹងងាប់ដោយសារខ្វះចំណី»។

បើតាមមន្ត្រីថាជារៀងរាល់ឆ្នាំ ដោយមានការគាំទ្រពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ មន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និង បសុព្យាបាល តែងតែចុះទៅចាក់ថ្នាំការពារជំងឺសត្វគោ-ក្របី ជូនដល់ ពលរដ្ឋ នៅក្នុងទូទាំងខេត្តជាទៀងទាត់ តាមប្រតិទិនដែលបានកំណត់។ ដូច្នេះក្នុងស្ថានភាពបច្ចុប្បន្ននេះ មន្ត្រីជំនាញកំពុងចុះណែនាំដល់ពួកគាត់បន្ថែមទៀត លើការថែទាំសុខភាពសត្វផងដែរ។

ពាក់ព័ន្ធករណីខាងលើនេះមន្ត្រីបានបញ្ជាក់ថា ដោយឡែកចំពោះស្ថានភាពជំងឺសត្វគោ-ក្របី នៅតាមបណ្ដាក្រុង ស្រុកផ្សេងៗទៀតនោះ គឺពុំមានលក្ខណៈ ដែលគួរឲ្យចាប់អារម្មណ៍ ឬធ្ងន់ធ្ងរនោះឡើយ។ តែទោះជាយ៉ាងនេះក្ដី មន្ត្រីជំនាញរបស់នៅតែធ្វើការតាមដានដោយយកចិត្តទុកដាក់ខ្ពស់ជាបន្តទៀត ៕

ប្រភព សៀមរាបប៉ុស្តិ៍

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post