header ads

Sponsor

រថយន្តហ៊ីយ៉ាន់ដាយ ចំណុះ៨តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-0093 ដឹកជ័រកៅស៊ូ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់កន្លែងកើតហេតុ លើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចមុខផ្ទះលោក មាស វណ្ណា ខាងលិចផ្ទះសំណាក់ ស្វិចប៊ូទិច(ហៅ ធីសុខា) ស្ថិតនៅក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង បានបុកទៅលើរថយន្ត១គ្រឿងម៉ាកTOYOTA​ (កែច្នៃដឹកជ័រកៅស៊ូ) ក្នុងទិសដៅពីលិចទៅកើត ចំពេញទំហឹងបង្កការរាំងស្ទះចរាចរណ៍ និងរងផលប៉ះពាល់ខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ នៅវេលាម៉ោងប្រមាណ៤និង៣០នាទីល្ងាចថ្ងៃទី១៧ ខែវិច្ចិកា ឆ្នាំ២០២០។

ប្រភពដែលឃើញហេតុការណ៍បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកហ៉ីយ៉ាន់ដាយ ដឹកជ័រកៅស៊ូ ខាងលើបោះពួយយ៉ាងលឿនធ្វើដំណើរក្នុងទិសដៅពីកើតមកលិច ស្របពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធុនធ្ងន់១គ្រឿងផ្សេងទៀតម៉ាកយីឌុប(អត់ស្គាល់ស្លាកលេខ)បើកបាំងពីមុខ ក្នុងទិសដៅស្របគ្នា(ពីកើតទៅលិច) ហើយរថយន្តហ៉ីយ៉ាន់ដាយ ១គ្រឿងនេះ ក៏ចាប់ផ្តើមវ៉ាជែងរថយន្តយីឌុបនោះ ពីព្រោះប្រញាប់ ខ្លាចជ័រលើឡានស្អុយអស់។

ប្រភពដដែលបន្តថា ខណះកំពុងតែវ៉ាជែងនោះ គេឃើញតៃកុងរថយន្ត ហុឺយ៉ាន់ដាយ ប្រើដៃ១កាន់ចង្គូត ឯដៃម្ខាងទៀតជាប់ និយាយទូរសព្ទ ប៉ុន្តែជាអកុសលស្រាប់តែងាកក្បាលរថយន្តផុតពីគូទរថយន្តយីឌុបភ្លាម រថយន្តម៉ាកតូយូតា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2P-3293 ក្នុងទិសដៅពីលិចទៅកើតបើកមកដល់ល្មមក៏បុកគ្នាតែម្តង។ ក្រោយមករថយន្តតូយូតា ក៏ពន្លត់ម៉ាស៉ីនហ្វ្រាំងមិនសុី ផ្តាច់លេខរយ៉ែរថយក្រោយរហូតធ្លាក់ទៅខាងជើងចិញ្ជើមផ្លូវចំងាយប្រមាណ ២០ម៉ែត្រពីថ្នល់ជាតិ សំណាងល្អពុំបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវណាម្នាក់នោះទេ។ក្រោយកើតហេតុគេឃើញសមត្ថកិច្ចចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តចុះមកព្រោងព្រាតធ្វើការវាស់វែង និងធ្វើកំណត់ហេតុ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថារថយន្តបង្កគឺម៉ាកហុីយ៉ាន់ដាយ ចំណុះ៨តោន ដែលបើកបរពុំគោរពបទដ្ឋានច្បាប់ចរាចរណ៍ផ្លូវគោក(ខ្វះការប្រុងប្រយ័ត្ន)។

ដោយអ្នកបើកបរត្រូវបានគេស្គាល់ឈ្មោះ ម៉ាត់ សាឡេះ ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិកាជូត ឃុំញ៉ាង ស្រុកអណ្តូងមាស។

រថយន្តជនរងគ្រោះម៉ាក តូយូតា អ្នកបើកបរត្រូវបានគេស្គាល់ឈ្មោះ កែវ សាវី ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ(របួសត្រង់ក្បាល) មានទីលំនៅភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង។

តាមការឲ្យដឹងបន្ថែមពីមន្ត្រីចរាចរណ៍ខេត្តថា ភាគីទាំងសងខាងបានព្រមព្រៀងគ្នាចរចានិងសម្របសម្រួលគ្នានៅនិងកន្លែងកើតហេតុតែម្តង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post