ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជុំ កុសល តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកបានសរសេរសំណេរមួយ នៅថ្ងៃនេះថា៖ «ការពិត កម្ពុជាប្រសិនបើគ្មានបុរសខ្លាំងម្នាក់នេះស្រោចស្រង់ទេ មិនដឹងថានឹងទៅជាយ៉ាងណា?»។
លោក ជុំ កុសល បានសរសេរបន្តថា៖ គាត់ខ្លាំងដើម្បីបុព្វហេតុតែមួយគត់គឺ «ជាតិ សាសនា ព្រះមហាក្សត្រ »។ ដោយសារតែភាពខ្លាំងរបស់គាត់នេះហើយ ទើបអាចនាំកម្ពុជា អោយបានស្គាល់ សន្តិភាពពិតប្រាកដ ដែលក្នុងប្រវត្តិសាស្ត្រ រាប់រយឆ្នាំកន្លងមក មាតុភូមិដ៏កំសត់មួយនេះ មានតែការបែកបាក់ប៉ុណ្ណោះ ! ។ បច្ចុប្បន្ន គាត់នៅតែខ្លាំងនិងបន្តខ្លាំង ដើម្បីទប់ស្កាត់ រាល់ការប៉ុនប៉ង បំផ្លាញកម្ពុជា ជាថ្មី ពីពួកប្រតិកិរិយាខាងក្រៅ និងក្រុមអាយ៉ងនៅខាងក្នុង។ ភាពខ្លាំងរបស់គាត់ គឺជាគោលដៅ វាយប្រហារនិងផ្តួលរំលំ ពីក្រុមដែលមិនចង់អោយ កម្ពុជាបានសុខ។
លោក ជុំ កុសល បានបន្តទៀតថា៖ ពួកគេពិតជាព្យាយាម ម្តងហើយ ម្តងទៀត គ្រប់យុទ្ធសាស្ត្រ និងផែនការរបស់គេ ដើម្បីផ្តួលរំលំ បុរសខ្លាំងកម្ពុជារូបនេះ តែការព្យាយាមនោះ ក៏ត្រូវបរាជ័យ ជាបន្តបន្ទាប់ ក្រោមស្នាដៃបុរសខ្លាំងយើង។ ត្រូវដឹងថា ពួកប្រតិរិយាខាងក្រៅ និងអាយ៉ង របស់គេនៅតែមានមហិច្ឆតា បន្តយុទ្ធសាស្ត្រ បំផ្លាញកម្ពុជា មិនបញ្ចប់ឡើយ ដើម្បីផលប្រយោជន៍គេ។ ដូច្នេះចូរយើងត្រូវនាំគ្នា នៅជាមួយ«បុរសខ្លាំង» កម្ពុជារបស់យើង ដើម្បីការពារសន្តិភាព ដែលកំពុងមានសព្វថ្ងៃនេះ អោយបានស្ថិតសេ្ថរជានិរន្តរ៍។ ជាមួយគ្នានេះ យើងប្រឆាំងដាច់ខាត ចំពោះក្រុមឧទ្ទាម ដែលកំពុងតែមានសកម្មភាព នៅខាងក្រៅ ដើម្បីរិះរកមធ្យោយបំផ្លាញកម្ពុជា៕