
សង្គម
អាម៉ាប៉ាប៉ាញ៉ូសដោយសារទ្រាំនឹងការតម្លង់នឹងអ្នកជិតខាងច្រៀងខារ៉ាអូខេមិនបាន បុរសវៀតណាមម្នាក់បានច្រកសាំងចូលដបជាច្រើនដបហើយដុត រួចគប់ទៅចូលផ្ទះអ្នកជិតខាង បង្កឲ្យមានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងយប់តែម្ដង។
បើតាមសារព័ត៌មានវៀតបានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ១១ និង ៣០ នាទីយប់ កាលពីថ្ងៃសៅរ៍ ក្នុងទីក្រុងហាណូយ នៃប្រទេសវៀតណាម។
មុនឈានទៅដល់ការយកដបសាំងដុត រួចគប់នេះ គឺបានសម្តែងនូវការមិនពេញចិត្តជាខ្លាំង ចំពោះសំឡេងច្រៀងឡូឡានេះ ព្រមទាំងបានប្រាប់ឲ្យគេឈប់ច្រៀងជាច្រើនដងដែរ ប៉ុន្តែគ្មានមានអ្នកណាម្នាក់ចាប់អារម្មណ៍សោះ ទើបធ្វើឲ្យឈានទៅដល់ការគប់ដបសាំងជាច្រើនដបពីលើផ្ទះជាន់ទី៣របស់គាត់ ចូលទៅរានហាលផ្ទះអ្នកជិតខាងនោះ តែម្ដងរហូតធ្វើឲ្យមានភ្លើងឆាបឆេះ និងបន្តរាលដាលដល់ផ្ទះនៅក្បែរនោះមួយចំនួនទៀតផង។
បើតាមអ្នកនៅកន្លែងបានឲ្យដឹងថាបុរសជាជនបង្កនេះ មានអាយុ ប្រមាណ ៦១ ឆ្នាំ ហើយជាមនុស្សមានចរិតកាច និងឆាប់ខឹងផងដែរ។
បន្ទាប់ពីធ្វើសកម្មភាពបែបនេះរួច បុរសជាអ្នកបង្កហេតុបានបិទទ្វារផ្ទះយ៉ាងជិត និងសម្ងំដេកធ្វើដូចគ្មានដឹងរឿងអ្វីកើតឡើងអ៊ីចឹង រហូតប៉ូលិសទៅធ្វើអន្តរាគមន៍ ទើបគាត់ចេញមកដោះស្រាយទៅ៕