header ads

Sponsor

(កំពង់ឆ្នាំង)៖ពលរដ្ឋមួយគ្រួសាររស់នៅក្នុងភូមិដង្ខៅម៉ៅ ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានលើកដៃសំពះស្នើសុំដល់សមត្ថកិច្ចពាក់ព័ន្ធ ពិសេសស្ថាប័នតុលាការ មេត្តាជួយដល់គ្រួសាររបស់គាត់ ដើម្បីជួយពន្លឿនការ ដោះស្រាយ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរ ណ៍ ដែលភាគីបង្កមិនបានចូលខ្លួនមកធ្វើការដោះស្រាយ ដោយបានពន្យារពេលជាង ៨ខែមកហើយ គ្រួសារគាត់មិនទាន់ទទួលបានសំណងអ្វីនៅឡើយ។

ស្ត្រីឈ្មោះ ទួន លីម អាយុ ៣៨ឆ្នាំ បានរៀបរាប់សារព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឲ្យដឹងថា គាត់មានប្ដីឈ្មោះ ភឹម សារី អាយុ៤០ឆ្នាំ មាន
កូនបីនាក់ កូនស្រីច្បងបានស្លាប់នៅក្នុងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅសល់កូន២នាក់ប្រុស ១ស្រី១ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានធ្វើឲ្យបាត់ បង់ជីវិតកូនស្រីរបស់គាត់ម្នាក់ នាងឈ្មោះ ឈាន គឹមលី អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១០ និងប្អូនថ្លៃស្រីរបស់គាត់ម្នាក់
ទៀត ឈ្មោះ ភឹម ស្រីនាង អាយុ ២៨ឆ្នាំ ហេតុការ ណ៍នេះ បានកើតឡើងតាំងតែពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ដែលបង្កឡើងដោយរថយន្ត ក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុនបូព៌ា អាសុី ដឹកអ្នកដំណើរ(BPA)។

ស្ត្រីខាងលើបានរៀបរាប់ទៀតថា នៅថ្ងៃកើតហេតុកូនស្រីរបស់គាត់ និងប្អូនស្រីម្នាក់ទៀតបានជិះម៉ូតូមួយគ្រឿងឌុបគ្នា២នាក់ធ្វើដំណើរ ទៅលេងផ្ទះយាយរបស់គេនៅឃុំត្រពាំងចាន់ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៥ លុះទៅ ដល់ផ្លូវបត់ចូលវត្តយុគន្ធរ ដែលមានចម្ងាយពីផ្ទះរបស់គាត់ប្រមាណជា៣គីឡូម៉ែត្រ ក៏ត្រូវបានរថយន្តក្រុងខាងលើដែលធ្វើដំណើរស្របទិសគ្នាមកបុកកូនស្រី និងប្អូនស្រី របស់គាត់ទាំងពីរនាក់ទាំងកំរោលបណ្ដាលឲ្យរងរបួស ធ្ងន់ និងដឹកដល់មន្ទីរពេទ្យបានដាច់ខ្យល់ស្លាប់ទាំងពីរនាក់មីងនិងក្មួយនៅក្នុងមន្ទីរ ពេទ្យផងដែរ។

បងស្រីបានបន្តរៀបរាប់ឱ្យដឹងទៀតថា បន្ទាប់ ពីកើតហេតុ តៃកុងរថយន្តបានឈប់រថយន្តនិងបានចុះរត់គេចខ្លួនបាត់នាខណៈនោះដែរ ក្រោយសមត្ថកិច្ចធ្វើការវាស់វែងនៅកន្លែងកើតហេតុ សមត្ថកិច្ចបានបញ្ជាក់ថាករណីគ្រោះ ថ្នាក់នេះគឺភាគីរថយន្តក្រុងជាអ្នកបង្ក ដែលបានទៅបុកកូនស្រីនិងប្អូនស្រីរបស់គាត់នៅចំណែកផ្លូវក្រាលគ្រួស ក្រហម ហួសចិញ្ចើម ថ្នល់ជាតិទៅហើយ។ ក្រោយ មកតំណាងក្រុមហ៊ុនបានចូលខ្លួនមកដោះស្រាយម្ដងដែរ ដោយកាលណោះក្រុមហ៊ុនហ៊ានចេញសងតែតម្លៃ ៤,៥០០ដុល្លារ សំណងទៅលើមនុស្សស្លាប់២នាក់ និងខូចខាតទាំងស្រុង នូវម៉ូតូសង់ ០១១មួយគ្រឿង ដែលគាត់ទើបនឹងទិញជិះបានតែជាង១ខែ តម្លៃ១,៧០០ដុល្លារ (ម៉ូតូខូចខាតទាំងស្រុង)។

លុះក្រោយមកទៀត បន្ទាប់ពីកើតហេតុបានប្រមាណជាង ២ខែ តំណាងក្រុមហ៊ុនបានទូរស័ព្ទមកចរចារផ្ទាល់ជាមួយគាត់ ដោយព្រមព្រៀងគ្នាក្នុង តម្លៃ៦,០០០ដុល្លារ តែការសន្យា របស់ក្រុមហ៊ុនគឺសន្យាតែខ្យល់ មិនដែលយកប្រាក់មកប្រគល់ជូនគាត់តាមពាក្យសន្យានោះទេ ពេលគាត់ទូរស័ព្ទទៅសួរនាំ តំណាងក្រុមហ៊ុនរូបនោះបានប្រាប់ថា ចាំសប្តាហ៍ក្រោយ ការសន្យាមួយសប្តាហ៍ហើយ មួយសប្តាហ៍ទៀត រយៈពេល ៣សប្តាហ៍ ពេលគាត់ទាក់ ទងទៅសួរនាំ ទូរស័ព្ទទាក់ទងលែងបានរហូតសព្វថ្ងៃ។

គាត់បានបញ្ជាក់ទៀតថា តាំងតែពីកូនស្រីនិងប្អូនស្រីជួបគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិត មកដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះគឺមានរយៈពេលជិត៨ខែហើយ។

ស្ត្រីជាម្ដាយ និងជាបងរបស់សព និងកូនៗរួមទាំងលោក យាយជាម្ដាយ បានលើកដៃសំពះអង្វរដល់សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាស្ថាប័នតុលាការ សូមលោកមេត្តាជួយកោះហៅតំ ណាងក្រុមហ៊ុនរថយន្តក្រុងខាងលើនេះ មកធ្វើកាដោះស្រាយជាមួយនឹងក្រុមគ្រួសាររបស់គាត់ ឲ្យ បានឆាប់ផង ព្រោះនៅពេលដែលកូនស្រី និងប្អូនស្រីស្លាប់ភ្លាម ក្រុមគ្រួសារបានខ្ចីប្រាក់គេ ដើម្បីយកមកធ្វើ បុណ្យសព នឹងធ្វើបុណ្យ៧ថ្ងៃ ដោយត្រូវចំណាយប្រាក់អស់ជាច្រើន។

ហេតុនេះគាត់មិនមានប្រាក់ដើម្បីសងគេនោះទេ ដោយកន្លង មកសង្ឃឹមទៅលើក្រុមហ៊ុនរថយន្តក្រុង ដែលធានាថានិងជួយសងបានខ្លះ ដើម្បីដោះបំណុលគេ តែមកដល់សព្វថ្ងៃតំណាងក្រុមហ៊ុនមិនបានចូលខ្លួនមកដោះស្រាយជាមួយនឹងក្រុមគ្រួសារគាត់នោះឡើយ។ ម្យ៉ាងទៀតសព្វ ថ្ងៃនេះគាត់ពុំមាន មុខរបររកស៊ីទេ ពីដើមមកគាត់បានទៅធ្វើការរោងចក្រកាត់ដេរ តែតាំងពីប្អូនស្រីបានស្លាប់ទៅ ភារៈទាំងអស់នេះ ត្រូវធ្លាក់មកលើរូបគាត់ទាំងអស់ ដោយត្រូវនៅផ្ទះមើលថែទាំម្ដាយ ក្មេកដែលមានជម្ងឺ ប្រចាំកាយមិនអាចងើបរួចពីកន្ទេល និងបានឆ្លៀតចិញ្ចឹមមាន់ខ្លះផង ដាក់អំពូលយកចង្រិតលក់បានបន្តិចបន្តួច ដើម្បីយកមើលម្ដាយ និងដោះស្រាយជីវភាពក្នុងគ្រួសារ និងសង បំណុលគេខ្លះ ចំណែកប្តីរបស់គាត់សព្វថ្ងៃបានចូលធ្វើការរោងចក្រនិងគេដែរ។

ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះគ្រួសារជនរងគ្រោះសូមសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធក៏ដូចជាស្ថាប័នតុលាការមេត្តាជួយពន្លឿនដំណោះស្រាយជូនគាត់ផងព្រោះករណីបុកស្លាប់ខាងលើនេះរយៈពេល 8 ខែជាងមកហើយគាត់មិនទាន់បានទទួលថវិកានៅឡើយទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post