ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះលេខ១០E0 ផ្លូវលេខ២C បុរីពិភពថ្មី ភូមិថ្មីសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយពីចាប់រំលោភកូនឈ្នួលខ្លួនឯង ខណៈកំពុងដេកចាំបើកទ្វារឲ្យចៅហ្វាយប្រុសមកពីដើរផឹកសុីទាំងយប់ តែនាងសម្ងំមិនហាស្ដីនោះទេលុះមានឱកាសល្អរត់ចេញពីផ្ទះមកតេរកបងប្រុសឲ្យប្តឹងប៉ូលិសតែម្ដង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបម្រើតាមផ្ទះ ស្នាក់នៅផ្ទះកើតហេតុ ចំណែកជនសង្ស័យឈ្មោះ ឆោម ចាន់វិចិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅផ្ទះកើតហេតុជាមួយគ្នា។
នៅក្នុងហេតុការណ៍នោះផងដែរ សមត្ថកិច្ចបានចាប់យកវត្ថុតាងរថយន្ត ១គ្រឿង ម៉ាក FORD RANGER ពណ៌ស សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 2BC-5652 ។
សមត្ថកិច្ចប្រាប់បញ្ជាក់ឲ្យដឹងបន្តថា កាលពីវេលាម៉ោង០០ និង៥០នាទីឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះ កំពុងតែដេកនៅជាន់ផ្ទាល់ដី ម្នាក់ឯង ស្រាប់តែជនសង្ស័យជាម្ចាស់ផ្ទះ បានមកពីខាងក្រៅផឹកស៊ីលូកដៃដោះសោ ដែលទំពក់ជាប់នឹងទ្វារខាងមុខ រួចដើរចូលមកក្នុងផ្ទះ។
ពេលនោះជនសង្ស័យ ក៏បានចាប់ដៃស្តាំរបស់ជនរងគ្រោះ ទាញឱបធ្វើសកម្មភាពរំលោភសេពសន្ថវៈ លើជនរងគ្រោះបានសម្រេច។
ពេលជនសង្ស័យធ្វើសកម្មភាពរំលោភសេពសន្ថវៈនោះ ជនរងគ្រោះពុំបានហ៊ានរើបម្រះ និងស្រែកឲ្យអ្នកដទៃជួយទេ ដោយសារជនរងគ្រោះខ្លាច ជនសង្ស័យសម្លាប់ចោល។ ពេលជនសង្ស័យរំលោភបានសម្រេចហើយ ក៏បានដើរឡើងទៅចូលដេក ក្នុងបន្ទប់ដេកជាមួយប្រពន្ធរបស់ជនសង្ស័យដូចធម្មតា ។
បន្ទាប់មកជនរងគ្រោះ ក៏បានបើកទ្វាររត់ចេញមកខាងក្រៅផ្ទះ ហើយទូរស័ព្ទទៅប្រាប់បងប្រុសបង្កើត ហើយបានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។ ក្រោយទទួលបានពាក្យបណ្តឹងភ្លាមៗលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានបញ្ជាកម្លាំងចុះឃាត់ខ្លួន ជនសង្ស័យយកមកធ្វើការសាកសួរបាន នៅវេលាម៉ោង៤ និង៤០នាទីទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល។
ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើជនរងគ្រោះប្រាកដមែន ហើយកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២ និង៣០នាទី រូបគេក៏ធ្លាប់បានធ្វើសកម្មភាព ប៉ុនប៉ងរំលោភសេពសន្ថវៈលើជនរងគ្រោះម្តងដែរ តែមិនបានសម្រេចនោះទេ។
បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធី ៕