កំពង់ឆ្នាំង៖ យ៉ាងហោចណាស់មានមនុស្សរងគ្រោះរហូតដល់ស្លាប់ចំនួន២នាក់ និងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងចំនួន១៣នាក់ ក្រោយពីពួកគាត់បានផឹកទឹកអណ្តូងដៃ ក្នុងពេលកំពុងច្រូតកាត់កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
តាមការបញ្ជាក់ពីអ្នកភូមិបានឲ្យដឹងថា កាលពីថ្ងៃកើតហេតុ ប្រជាកសិករក្នុងភូមិចំនួន១៥នាក់ បាននាំគ្នាទៅច្រូតស្រូវនៅចំណុចអូរូង ស្ថិតក្នុងភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស។
ពួកគាត់បានយកទឹកពីផ្ទះទៅផឹកចំនួន៣០លីត្រដែរ តែដោយការច្រូតស្រូវពេញមួយថ្ងៃ និងខ្វះទឹកផងនោះ ពួកគាត់បានទៅដងទឹកអណ្តូងដៃមួយ នៅជិតចំការឪឡឹកយកមកផឹក ក្រោយពីផឹករួចប្រមាណជាង១ម៉ោងក៏មានការពុល និងបានស្លាប់បន្តគ្នាចំនួន២នាក់ និង១៣នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យខេត្តនៅឡើយ។
តាមការសន្និដ្ឋានជំហានដំបូងបានអោយដឹងថា អាចមកពីអ្នកចំការប្រើប្រាស់ថ្នាំពុលរួចយកទៅលាងនៅក្បែរអណ្តូងនោះ នាំឲ្យមានគ្រោះថ្នាក់បែបនេះតែម្តងទៅ។
នៅព្រឹកនេះផងដែរ អភិបាលខេត្តកំពង់ឆ្នាំងកំពុងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមទៅចែកជូនគ្រួសារសពផងដែរ និងបន្តទៅជួបជនរងគ្រោះក្នុងមន្ទីរពេទ្យនៅរសៀលនេះ៕