សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទផ្សារអ៊ីអន១ ជាបណ្តោះអាសន្ន ក្រោយពេលរកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តី ខ្មែរម្នាក់ ដែលរូបគាត់បានចូលទៅកាន់ផ្សារនេះ ដើម្បីញ៉ាំអាហារ និងទិញអីវ៉ាន់មួយចំនួន។
គិតត្រឹមម៉ោង១៖០២នាទីឆ្លងចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យបានបន្តបង្ហាញលទ្ធផលធ្វើតេស្តឲ្យដឹងថា រកឃើញ៤ករណីទៀតវិជ្ជមានកូវីដ ជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ ដែលរស់នៅជាមួយគ្នានៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ។
មន្ទីរពិសោធន៍បាននឹងកំពុងធ្វើតេស្តជាប់រហូត និងបង្ហាញលទ្ធផលបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារណែនាំពិសេសបន្ទាន់មួយទាំងយប់ ដែលជាការឆ្លងក្នុងសហគមន៍លើកដំបូងនៅកម្ពុជា សម្តេច បានណែនាំឲ្យមានការប្រមូលផ្តុំ និងធ្វើចត្តាឡីស័កបន្ទាន់សម្រាប់អ្នកពាក់ព័ន្ធ ក្នុងនោះរួមមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ប្រជាពលរដ្ឋមេត្តាកុំមានការស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ការគ្រប់គ្រង តែត្រូវបង្កើនការយកចិត្តទុកដាក់ពាក់ព័ន្ធការការពារខ្លួនតាមរយៈការពាក់ម៉ាស់ ការលាងដៃ ការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យត្រូវរកការបញ្ជាក់ពីគ្រូពេទ្យឱ្យបានឆាប់។
សម្តេចក៏បានស្នើសុំកុំឱ្យមានការប្រមូលផ្តុំណាមួយ សម្តេចនឹងមិនអំពាវនាវឲ្យមានការបិទសាលារៀននៅភ្នំពេញ និងខេត្តពាក់ព័ន្ធទេ។ អ្វីដែលជាការចាំបាច់នៅពេលនេះ គឺតម្រូវការនូវការពាក់ម៉ាស់ ការលាងដៃ ការរក្សាគម្លាតសុវត្ថិភាពតែប៉ុណ្ណោះ។ សម្តេចតេជោ បានបន្ថែមថា ត្រូវទុកសាលារៀនដំណើរការធម្មតាទៅតាមគន្លងថ្មី។
សម្តេចក៏បានបញ្ជាក់ដែរថា សម្តេចនៅតែដំណើរការកម្មវិធីបើកការដ្ឋានសាងសង់ផ្លូវទាំង៣៨ខ្សែ នៅខេត្តសៀមរាបធម្មតា តែត្រូវបង្កើនការប្រុងប្រយ័ត្ន។
នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ក្រុមគ្រូពេទ្យដាក់ពង្រាយ៥ក្រុម នៅផ្សារអ៊ីអន, គេហដ្ឋានសម្តេចក្រឡាហោ ស ខេង, ក្រសួងមហាផ្ទៃ ពន្ធនាគារព្រៃស និងនៅខេត្តសៀមរាប ព្រមទាំងស្វែងរកអ្នកជាប់ពាក់ព័ន្ធ។