header ads

Sponsor

ភ្នំពេញ៖ករណីបាញ់ប្រហារកំពុងកក្រើកនាចុងឆ្នាំនេះ ដោយជនសង្ស័យចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ បើករថយន្តមួយគ្រឿងម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 2A-4546 បាញ់ជាច្រើនគ្រាប់ ធ្វើឲ្យលោក រ៉េត ស៊ីណែត ស្លាប់ នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង១២៖៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមហាវិថីសហព័ទ្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ហើយក្រុមជនបង្កបានបើកឡានគេចខ្លួន ។ 

បើយោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ត្រី ជ្រេង ធី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ បានឲ្យដឹងថា លោកវរសេនីយ៍ទោ រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើករថយន្តបាំងពីមុខរថយន្តជនបង្ក រួចដកកាំភ្លើងខ្លីម៉ាក Glock ភ្ជង់ទៅលើរថយន្តក្នុងគោលបំណងមិនឲ្យបើកគេចខ្លួន ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ។

ដំណើរឿងដែលបានរៀបរាប់ក្នុងរបាយការណ៍ ថា ជនរងគ្រោះ និង ឈ្មោះ ង៉ាន់ ភីលីន បានចេញពីហាងស៊ុបនៅម្តុំវត្តភ្នំ ហើយជនរងគ្រោះបើករថយន្តលើមហាវិថីសហព័ទ្ធរុស្ស៊ី ពីកើតមកលិច ពេលមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 2A-4546 ដោយនៅក្នុងរថយន្តមានគ្នាចំនួន៥នាក់ ប្រុស២នាក់ ស្រី២នាក់ និង ក្មេងតូចម្នាក់ បានបុកពីក្រោយរថយន្ត Ford របស់ជនរងគ្រោះ ផ្នែកខាងឆ្វេងបណ្តាលឲ្យខូចខាត ឯរថយន្ត Lexus RX300 ខូចខាតខាងស្តាំផ្នែកខាងមុខ ។

ពេលនោះ ជនរងគ្រោះ រ៉េត ស៊ីណែត បានបើករថយន្តបាំងពីមុខរថយន្ត Lexus RX300 រួចដកកាំភ្លើងខ្លីម៉ាក Glock ភ្ជង់ទៅលើរថយន្ត Lexus RX300 ក្នុងគោលបំណងមិនឲ្យបើកគេចខ្លួន ហើយជនបង្កទាំង២នាក់ ក៏បានចុះមកចរចារជាមួយជនរងគ្រោះ ដោយព្រមព្រៀងយករថយន្ត Ford ទៅជួសជុសនៅម្តុំក្រោយពេទ្យលោកសង្ឃ ហើយក៏បានបើករថយន្តមកអែបខាងទាំងអស់គ្នា ។

ពេលនោះ មនុស្សស្រី២នាក់ និង ក្មេងតូចម្នាក់ បានជិះ Pass App ចេញពីកន្លែងកើតហេតុទៅមុន ចំណែកជនរងគ្រោះ និង ឈ្មោះ ង៉ាន់ ភីលីន អង្គុយមើលរថយន្ត Ford ដែលខូចខាតក៏ស្រាប់តែជនល្មើស២នាក់ ដែលជាជនបង្កគ្រោះថ្នាក់ចរាចរណ៍ បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក ពណ៌ទឹកប្រាក់ បាញ់សំដៅជនរងគ្រោះពីក្រោយបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ចំណែកជនល្មើស២នាក់ បានបើកឡាន Lexus RX300 ឆ្ពោះទៅទិសខាងលិចតាមមហាវិថីសហព័ទ្ធរុស្ស៊ី គេចខ្លួន ហើយឈ្មោះ ង៉ាន់ ភីលីន បានស្ទុះមកមើលជនរងគ្រោះ ហើយដកកាំភ្លើងរបស់ជនរងគ្រោះពីក្នុងហោប៉ាវខាងស្តាំបាញ់ចំនួន៣គ្រាប់ ឡើងទៅលើ ។

ជុំវិញករណីនេះ សមត្ថកិច្ចក៏បានរកឃើញឡាន Lexus RX300 ដែលជារបស់ជនល្មើស ផងដែរ នៅខណ្ឌព្រែកព្នៅ តែមិនទាន់ចាប់ខ្លួនជនល្មើស បាននៅឡើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post