(ភ្នំពេញ)៖ ក្នុងសារជូនបងប្អូនជនរួមជាតិ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «បន្ទាប់ពីខ្ញុំព្រះករុណាខ្ញុំ បានប្រកាសពីការទិញវ៉ាក់សាំងការពារកូវីដ១៩មក មានចលនាគាំទ្រយ៉ាងធំធេងទាំងតាមផ្លូវចិត្ត និងទាំងតាមការផ្តល់ថវិកា ដែលខ្ញុំព្រះករុណាខ្ញុំ ចាត់ទុកថា នេះជា «ខឿនការពារសុខភាពរបស់ប្រជាជន» បន្ទាប់ពីខឿនការពារជាតិរបស់ប្រជាជន នាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១»។
សម្តេចតេជោ បន្តថា សរុបថវិកា ដែលសប្បុរសជនចូលរួម រហូតពេលនេះ មានជាង ១៨លានដុល្លារអាមេរិក ដែលបញ្ជីឈ្មោះមានផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិ និងបណ្តាញផ្សព្វផ្សាយរបស់ Fresh news ព្រមជាមួយបណ្តាញផ្សព្វផ្សាយផ្សេងទៀត។
សម្តេចតេជោ បន្ថែមថា «នៅមានព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនទៀត ដែលចង់ចូលរួម ប៉ុន្តែមិនដឹងថា ចូលនៅកន្លែងណា និងតាមរបៀបណា? ខ្ញុំព្រះករុណាខ្ញុំបានចាត់ចែងតាមច្រកពីរគឺ៖ ១.ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី ដែលមានលេខទូរស័ព្វ 012 961 971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។ ២.តាមរយៈធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy»។
សម្តេចតេជោ បន្ថែមថា «ខ្ញុំព្រះករុណាខ្ញុំសូមទូលប្រគេន និងជំរាបជូនថាក្នុងករណីមានការផ្ទេរតាមធានាគារនេះ សូមកុំភ្លេចដាក់ឈ្មោះ និងទីកន្លែងរស់នៅឱ្យបានត្រឹមត្រូវ ដើម្បីឱ្យខ្ញុំព្រះករុណាខ្ញុំ បានធ្វើលិខិតថ្លែងអំណរគុណចំឈ្មោះពិតប្រាកដ»។
សម្តេចតេជោ ក៏បានប្រកាស ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់ព្រះសង្ឃ និងបងប្អូនជនរួមជាតិក្នុងចលនាប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ដែលសម្តេច ចាត់ទុកថាជា «ខឿនការពារសុខភាពរបស់ប្រជាជន»៕