header ads

ខ្មែរមានពាក្យស្លោកដ៏មានប្រជាប្រិយភាពមួយដែលដំណាលមកតគ្នាជាច្រើនជំនាន់មកហើយ៖ «ទីណាមានទឹក ទីនោះមានត្រី»។

ជាអកុសលក្នុងអំឡុង៥ឆ្នាំចុងក្រោយនេះ មានអ្នកនេសាទជាច្រើនបានត្អូញត្អែរថា គាត់ចាប់សំរាមបានច្រើនជាងចាប់ត្រី។ មានសំរាមជាច្រើនប្រភេទដែលអ្នកនេសាទចាប់បានពីក្នុងទឹកទន្លេជាមួយនឹងត្រីបន្តិចបន្តួច។ នៅពេលកំណើនប្រជាពលរដ្ឋកើនឡើងខ្ពស់ ស្របពេលជាមួយគ្នានោះដែរ សំរាមក៏កើនឡើងយ៉ាងគំហុកផងដែរ ពិសេសកាកសំណល់ប្លាស្ទិក។ គ្រួសារដែលរស់នៅតាមដងទន្លេមួយចំនួនសម្រេចចិត្តបោះសំរាមចោលទៅក្នុងទឹកទន្លេ។

ពួកគាត់ប្រហែលជាមិនបានដឹងទេថា សំរាមប្រចាំថ្ងៃដែលបានលិចចូលក្នុងទឹកទន្លេ មិនបានចេញទៅណាឆ្ងាយពីផ្ទះរបស់គាត់ ឬពីជីវិតរស់នៅរបស់គាត់ទេ វាបានលិចចុះទៅក្នុងទឹក ទាក់ជាប់ត្រី និងសម្លាប់ត្រីដែលជាអាហារដ៏សំខាន់របស់ប្រជាជនខ្មែរយើងដោយមិនដឹងខ្លួន។ រូបថតទាំងអស់នេះ ថតបានពីចំណុចទន្លេសាប ក្នុងភូមិសាស្ត្រសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្រុងភ្នំពេញ វាបានបង្ហាញអំពីសំរាមដែលអ្នកនេសាទចាប់បានពីក្នុងទន្លេជាមួយនឹងត្រីមួយចំនួន ហើយត្រីខ្លះអាចត្រូវបានសម្លាប់ដោយសំរាមទាំងនេះ។

សូមមេត្តាពិចារណាឡើងវិញដោយជ្រើសរើសយកនូវជម្រើសដទៃផ្សេងទៀត ដូចជាការទុកដាក់សំរាមនៅក្នុងផ្ទះមុនពេលភ្នាក់ងារសំរាមមកប្រមូល បែងចែកសំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់សម្ភារច្នៃពីប្លាស្ទិក ឬជម្រើសប្រើប្រាស់សម្ភារធ្វើពីប្លាស្ទិកឡើងវិញតាមដែលអាចធ្វើទៅបាន កែច្នៃសំរាមដែលងាយរលួយទៅជាជីកំប៉ុស្ត។ល។

យើងទាំងអស់គ្នាអាចជាចំណែកមួយនៃដំណោះស្រាយនៃបញ្ហាទាំងអស់នេះ។ យើងអាចធ្វើការរួមគ្នាថែរក្សាទន្លេរបស់យើងឱ្យមានសុខភាពល្អ និងដើម្បីធានានូវប្រភពអាហារប្រូតេអ៊ីនខ្ពស់របស់យើងឱ្យបានស្ថិតស្ថេរសម្រាប់ពេលអនាគត។

ប្រភព : wonders of The Mekong

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post