header ads

Sponsor

(ភ្នំពេញ) ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ក្រសួងកសិកម្មទាក់ទងនឹងការជេរប្រមាថជាសាធារណៈ និងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ បានធ្វើការស្រាវជ្រាវ រហូតដល់មានការឃាត់ខ្លួនបុរសម្នាក់ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ដោយមាការសហការជាមួយអធិការដ្ឋានខណ្ឌមានជ័យ ព្រមទាំងមានការសម្របសម្រួលពី ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ នី ណាក់ បានកំពុងប្រើប្រាស់គណនីហ្វេសប៊ុកផេក Iman-KH ដោយប្រើវោហាស័ព្ទដៀមដាមថ្នាក់ដឹកនាំមានដូចជា “ខ្ញុំបានត្រៀមឬព្រៀងលិខិតនិងឯកសាររួចរាល់អស់ហើយក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្ន ព្រោះមូលហេតុ មានមេរោគផ្តាសាយរលាកផ្លូវដង្ហើម កំពុងតែរាតត្បាតក្នុងកសិដ្ឋាន។ ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើអោយខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ ។ ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នាហើយដេកនៅក្នុងទ្រុង កុំចេញក្រៅអោយសោះបើគ្មានការចាំបាច់” ជាដើម។

បច្ចុប្បន្នជនសង្ស័យត្រូវបាន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនជាបណ្ដោះអាសន្នពីបទជេរប្រមាថជាសាធារណៈ និង ញុះញង់ឱ្យមានការរើសអើង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន សូមក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការទទួលខុសត្រូវ ក្នុងការប្រើប្រាស់ប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គម សូមកុំប្រើពាក្យពេចន៍ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្លៃថ្នូររបស់អ្នកដទៃ មន្ត្រីរាជការ ឬថ្នាក់ដឹកនាំ ព្រោះលោកអ្នកអាចប្រឈមនឹងច្បាប់បាន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post