header ads

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មានកិត្តិយសសូមបំភ្លឺបកស្រាយជូនសាធារណៈ អ្នកនិយមប្រើប្រាស់បណ្ដាញសង្គម និងអ្នកសារព័ត៌មានជ្រាបថា៖

ករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២២៖៣០នាទី រវាងរថយន្តម៉ាក Tundra ជាមួយនឹងរថយន្ត Highlander នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ មុខសណ្ឋាគារកាំបូឌីយ៉ាណា ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយរថយន្តម៉ាក Tundra បើកបរដោយជនជាតិចិន បានប៉ះជាមួយរថយន្តម៉ាកហាយឡែនឌ័រ ដែលកំពុងចតចោលនៅលើផ្លូវ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការសម្រុះសម្រួលស្រាប់តែមាន បុរសម្នាក់ពាក់អាវយឺតនគរបាលស្លៀកខោខ្លី ស៊ីវិល និងមានអង្គរក្សជានគរបាល ព្រហ្មទណ្ឌក្រសួង មកជាមួយទៀតផង បានចេញមុខមកអះអាងថា ខ្លួនជាសមត្ថកិច្ច មានឋានៈធំជាងលោក មេប៉ុស្តិ៍ និងបាននិយាយថា ឲ្យលោកនាយប៉ុស្តិ៍ស្តីទី ថាសមត្ថកិច្ចមូលដ្ឋានចេះដឹងស្អី ស័ក្តិតូចជាងខ្ញុំទេ។

ក្នុងករណីខាងលើនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមធ្វើការបដិសេធទាំងស្រុងដែលថា មន្រ្តីនគរបាលទាំង២រូប របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានលោកវរសនីយ៍ទោ អ៊ឹង ជុងហុង និងលោកអនុសេនីយ៍ឯក ប៉ែន ជា បានមកអន្ដរាគមន៍ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺមន្រ្តីទាំង២រូប ទើបតែត្រឡប់មកពីបំពេញបេសកកម្ម បានឃើញហេតុការណ៍មានមនុស្សជុំៗ ក៏បានចូលមើលក្រែងមានបទល្មើសព្រហ្មទណ្ឌកើតឡើង ប៉ុន្ដែដោយមានពាក្យសម្ដី មិនសមរម្យដោយចោទថា មន្រ្តីទាំង០២រូប មកកាងករណីខាងលើនេះ ទើបមន្រ្តីទាំង០២រូបឡើង បើករថយន្ដត្រឡប់ចូលអង្គភាព និងទៅលំនៅដ្ឋានរៀងៗខ្លួន។
ករណីនេះនាយកដ្ឋានបានហៅមន្រ្តីទាំង០២រូបនេះ មកសួរនាំបើក្នុងករណីដូចបណ្ដាញសង្គម និងសារព័ត៌មានបានចុះមែននោះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នឹងអនុវត្តវិន័យនៅអង្គភាព (តាមរូបភាពវិន័យរបស់កងកម្លាំងនគរបាលជាតិ)។ ដោយឡែកករណីគ្រោះថ្នាក់ ចរាចរណ៍នេះបានដោះស្រាយបញ្ចប់ នៅនឹងកន្លែងកើតហេតុ ដោយមានការឯកភាព រវាងភាគីបង្កហេតុ និងភាគីរងគ្រោះ។

ដូចនេះសូមសាធារណៈជនពិសេសអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម អ្នកសារព័ត៌មាន មេត្ដាជា្របជាព័ត៌មាន និងសូមអរគុណដល់អ្នកប្រើប្រាស់ បណ្ដាញទំនាក់ទំនងសង្គម អ្នកសារព័ត៌មានតែងតែ ផ្ដល់ព័ត៌មាន ទាន់ហេតុការណ៍ដល់សមត្ថកិច្ចសូមជៀសវាង ការផ្សព្វផ្សាយព័ត៌មានមិនច្បាស់ ធ្វើឱ្យមហាជនមានការយល់ច្រលំដល់ស្ថាប័នមានសមត្ថកិច្ច និងប៉ះពាល់ដល់កិត្តិយសរបស់កម្លាំង៕ សូមអគុណ

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post