header ads

Sponsor

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានករណីវិជ្ជមានកូវីដ១៩ ថ្មីនៅកម្ពុជានោះទេ មានតែករណីព្យាបាលជាសះស្បើយអ្នកជំងឺចំនួន ៧នាក់។

វត្ថុសំណាងនៅសល់ពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២០ចំនួន ៥២៧សំណាក និងវត្ថុសំណាកនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ចំនួន ៦០៩សំណាក សរុបមានចំនួនទាំងអស់ ១,១៣៦សំណាក ដែលនៅក្នុងចំនួននេះមានចំនួន ៩១៨សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជនៅថ្ងៃទី ១៥ ខែធ្នូឆ្នាំ២០២០ គឺមានលទ្ធផលអវិជ្ជមានទាំងអស់។ ដោយឡែក មាននៅសល់វត្ថុសំណាកចំនួន ២២៤សំណាកទៀតដែលត្រូវធ្វើវិភាគបន្ត នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

សរុបអ្នកជំងឺកូវីដ១៩ដែលបានរកឃើញពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» ពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៤១នាក់ (ស្រី១៩នាក់ និងប្រុស២២នាក់)។

ក្រសួងបានបញ្ជាក់ផងដែរថា ដោយសារតែមានបុរសជាអ្នកជំងឺកូវីដ១៩ម្នាក់ (មុនពេលរកឃើញថាមានវិជ្ជមានកូវីដ១៩) ធ្លាប់ទៅអង្គុយពិសារកាហ្វេនៅហាងឈ្មោះ Hidden Coffee ដែលមានទីតាំងនៅហាងលេខ ១២៥ ផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ វេលាម៉ោង១៥៖៣០នាទី នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានចូលទៅហាងកាហ្វេនេះ នៅថ្ងៃទី០៤ ខែធ្នូ វេលាម៉ោង១៥៖៣០នាទី ដល់ម៉ោង១៦៖០០នាទីរសៀល អញ្ជើញទៅធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពជាសាធារណៈរៀងរាល់ម៉ោងធ្វើការ និងសូមលោកអ្នកធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនឲ្យបានគ្រប់ចំនួន១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវតាមដានសុខភាពផ្ទាល់ខ្លួនឲ្យបានហ្មត់ចត់បំផុត ប្រសិនបើមានបញ្ហាសុខភាព សូមទាក់ទងលេខទូរស័ព្ទដែលមានជូននៅខាងក្រោមនេះស្រាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post