header ads

Sponsor

(ភ្នំពេញ)៖ ក្រោយពីមានការចែករំលែកវីដេអូនៅលើបណ្ដាញសង្គម ហ្វេសប៊ុក ពីសកម្មភាពចាប់ជនសង្ស័យម្នាក់ ដែលបានប្រព្រឹត្តបទល្មើស នៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងនោះក៏ថតជាប់សកម្មភាពនៃការប្រើប្រាស់អំពើហិង្សាទៅលើជនសង្ស័យផងដែរ ទើបធ្វើឲ្យមហាជនមានការប្រតិកម្មទៅនឹងករណីនេះ។

តាមរយៈវីដេអូនេះ ដំបូងឡើងគេសន្និដ្ឋានថា អ្នកប្រើប្រាស់អំពើហិង្សាទៅលើជនសង្ស័យ គឺជាភ្នាក់ងារសន្ដិសុខឯកជន ដែលជាអ្នកចាប់បានជនសង្ស័យនោះ ប៉ុន្ដែក្រោយស្រាវជ្រាវរកឃើញថា អ្នកប្រើប្រាស់អំពើហិង្សានោះ មិនមែនជាភ្នាក់ងារសន្ដិសុខឯកជនឡើយ ពួកគាត់ជាប្រជាពលរដ្ឋរស់នៅ ចំណុចកើតហេតុខាងលើ ដែលស្អប់ជនប្រព្រឹត្តអំពើចោរកម្ម ទើបទប់ចិត្តមិនបានឈានដល់ការប្រើអំពើហិង្សាតែម្តង។

បើតាមរយៈសេចក្ដីបំភ្លឺនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ បានរៀបរាប់ថា ផ្អែកតាមការស្រាវជ្រាវរបស់មន្ត្រីជំនាញ នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន រកឃើញថា ប្រតិបត្តិការឃាត់ជនសង្ស័យប្រព្រឹត្តបទល្មើសចោរកម្មខាងលើ អនុវត្តដោយបុគ្គលិកក្រុមហ៊ុនសន្តិសុខ អឹម ភី ស៊ី អេសស៊ីឃ្យូរីធី ឯ.ក រួមសហការជាមួយប្រជាពលរដ្ឋនៅចំណុចកើតហេតុ ខណៈពេលដែលជនសង្ស័យកំពុងលួចគាស់បន្ទប់ជួលមួយកន្លែង ស្ថិតនៅបណ្តោយផ្លូវ វេងស្រេង មុខមន្ទីរពេទ្យឯករាជ្យ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

សកម្មភាពប្រើអំពើហិង្សាលើជនសង្ស័យដែលធ្វើឡើងដោយបុរស០២នាក់ខាងលើនោះ មិនមែនភ្នាក់ងារ ឬបុគ្គលិកក្រុមហ៊ុនសន្តិសុខ អឹម ភី ស៊ី អេស ស៊ីឃ្យូរីធី ឯ.ក នោះទេពួកគាត់ជាប្រជាពលរដ្ឋរស់នៅចំណុចកើតហេតុខាងលើ ដែលស្អប់ជនប្រព្រឹត្តអំពើចោរកម្ម ទើបទប់ចិត្តមិនបានឈានដល់ការប្រើអំពើហិង្សា តែម្តង។ បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យខាងលើត្រូវបានភ្នាក់ងារសន្តិសុខឯកជនបញ្ជូន ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីចាត់ការបន្ត។

នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន មិនគាំទ្រសន្តិសុខឯកជន ប្រើអំពើហិង្សាលើជនសង្ស័យនោះទេ និងអគុណដល់សាធារណៈជន ដែលបានចូលរួមសហការគ្រប់ទិដ្ឋភាពច្បាប់ក្នុងករណីភ្នាក់ងារ ឬបុគ្គលិកក្រុមហ៊ុនសន្តិសុខឯកជន ប្រព្រឹត្តខុសអំពីការទទួលខុសត្រូវ ដែលមានចែងក្នុងបទបញ្ជាផ្ទៃក្នុង ឬលក្ខន្តិកៈរបស់ក្រុមហ៊ុន។

យ៉ាងណាក៏ដោយ តាមរយៈបទពិសោធន៍មួយនេះ សមត្ថកិច្ចក៏បានបង្ហាញការមិនគាំទ្រចំពោះ ការប្រើប្រាស់អំពើហិង្សាទៅលើជនប្រព្រឹត្តបទល្មើសនោះឡើយ ព្រោះកន្លងទៅករណីខ្លះរហូតបណ្ដាលឲ្យជនសង្ស័យបាត់បង់ជីវិតផងដែរ។ ជនប្រព្រឹត្តបទល្មើស ផ្ទុយនឹងច្បាប់ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ប៉ុន្ដែការប្រើប្រាស់ហិង្សាទៅលើបុគ្គល ក៏ជាទង្វើរមួយខុសច្បាប់ផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post