header ads

Sponsor

យ៉ាងហោចណាស់មានរថយន្តកុង​តឺន័រ​ ចំនួន ១៥០០ គ្រឿង​ ត្រូវបាន​ជាប់ស្ទះ​តាម​ផ្លូវ​នៅត្រង់​តំបន់ Kent ភាគ​អាគ្នេយ៍​ប្រទេស​អង់គ្លេស ដោយ​សារ​បារាំង​បាន​បិទ​ព្រំដែន ក្នុងរយៈពេល ៤៨ ម៉ោង ក្រោម​ហេតុផល​បង្ការ​ការ​ឆ្លង​វីរុស​ថ្មី​បម្លែង​ខ្លួន​ពី​កូវីដ ១៩ កំពុង​ផ្ទុះ​ឆ្លង​ខ្លាំង​នៅ​អង់គ្លេស​ថ្មីៗ​នេះ ស្រប​ពេល​ប្រទេសដល់ទៅ ៥០ ហើយ​បាន​បិទ​ជើងហោះហើរ​ពីប្រទេស​តំបន់អ៊ឺរ៉ុប​មួយនេះ។

​តៃកុង​រថយន្ត​កុងតឺន័រ​ទាំង ១ ៥០០ គ្រឿង​នឹង​ត្រូវ​ធ្វើ​តេស្តរក​វីរុស​ថ្មី ​និង​វីរុស​កូវីដ ១៩ ជាមុន​សិន ទើបអនុញ្ញាត​ឲ្យ​ឆ្លងកាត់ព្រំដែន។

ក្រោយ​ពី​មាន​ការ​ផ្ទុះ​ឡើងនូវ​វីរុស​កូវីដ​១៩ ដែលបំលែងខ្លួនថ្មី​នៅ​ប្រទេស​អង់គ្លេសកាលពីពេលថ្មីៗនេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការពន្យល់ថា វីរុសកូវីដ-១៩ ដែលបំលែងខ្លួននោះ គឺវ៉ារ្យ៉ង់ SARS-Cov-2 ថ្មី ដែលត្រូវបានគេហៅថា SARS-CoV-2 VUI 202012/01 មាន ដើមកំណើតនៅភាគអាគ្នេយ៍នៃប្រទេសអង់គ្លេសក្នុងខែកញ្ញា ហេីយឥឡូវនេះ កំពុងរីករាលដាលយ៉ាងឆាប់រហ័ស និងមានភាពលេចធ្លោរនៅក្នុងចក្រភពអង់គ្លេស ដែលត្រូវបានគេរកឃើញផងដែរ នៅក្នុងប្រទេសដាណឺម៉ាក អូស្ត្រាលី និងហូឡង់។

លទ្ធផលសិក្សាបឋមនៅចក្រភពអង់គ្លេសបង្ហាញថា ប្រភេទវ៉ារ្យ៉ង់ថ្មីនៃវីរុសនេះ អាចឆ្លងបានច្រើនជាងវ៉ារ្យ៉ង់ដែលបានចរាចរពីពេលមុនៗ ហេីយរហូតមកដល់បច្ចុប្បន្ននេះ មិនទាន់មានការបង្ហាញពីការកើនឡើងនៃភាពធ្ងន់ធ្ងរនៃការឆ្លងនេះនៅឡេីយ។ ហើយពេលនេះ ការស៊ើបអង្កេតកំពុងបន្តធ្វេីនៅចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប សម្រាប់ស្វែងរកព័ត៌មានបន្ថែមអំពីភាពធ្ងន់ធ្ងរនៃគ្លីនិក ការឆ្លង ការផ្លាស់ប្តូរអង់ទីគ័រ និងផលប៉ះពាល់ដែលអាចនឹងកើតមានលើប្រសិទ្ធភាពវ៉ាក់សាំង និងការតាមដានករណីឆ្លងឡើងវិញ (re-infection) ផងដែរ។

ជាមួយ​គ្នា​នេះ លោកជំទាវក៏​បាន​បញ្ជាក់ដែរថា ការផ្លាស់ប្តូរនៃប្រភេទវីរុសលេីវ៉ារ្យ៉ង់នេះ មិនប៉ះពាល់ដល់តេស្តធ្វេីរោគវិនិច្ឆ័យដែលត្រូវបានប្រើនៅក្នុងប្រទេសកម្ពុជាឡេីយ។ ហើយ​អ្វីដែលសំខាន់នៅពេលនេះ គឺនៅពេលដែលយេីងកំពុងរងចាំនូវលទ្ធផលសម្រេចនៃវ៉ាក់សាំងកូវីដ-១៩ ដែលនឹងត្រូវចែកចាយមកបណ្តាប្រទេសជាសមាជិក ដោយមជ្ឈមណ្ឌលកូវ៉ាក់ និងការវាយតម្លៃជាមុននូវប្រសិទ្ធិភាព និងគុណភាពវ៉ាក់សាំង មុនការប្រេីប្រាស់នៅកម្ពុជានោះ ដេីម្បីការពារខ្លួនអ្នកពីការចម្លងវីរុសកូវីដ-១៩ (បំលែងបែបណាក៏ដោយ) យេីងត្រូវនាំគ្នាអនុវត្តឲ្យ​បានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួន គឺត្រូវពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡេីង។

លោកជំទាវបន្តថា ត្រូវបន្តការរស់នៅធម្មតាតាមបែបគន្លងថ្មី ដោយចេះកែប្រែឥរិយាបទ និងទម្លាប់នៃការរស់នៅ ដោយប្រកាន់យកនូវការការពារការឆ្លងវីរុសកូវីដ-១៩ តាមការណែនាំខាងលេីនេះ ហើយការប្រហែសខ្លួន ដោយមេីលស្រាលលេីលទ្ធភាពនៃការចម្លងរបស់វីរុសកូវីដ-១៩ គឺជាការមេីលងាយខ្លួនឯង ដោយទុកខ្លួនឯង ឱ្យវីរុសកូវីដ-១៩ សប្បាយចិត្ត អាចវ៉ៃលុកដោយសេរីមកលេីសរីរាង្គខ្លួនឯង ធ្វេីឱ្យធ្លាក់ខ្លួនឈឺ និងអាចមានសភាពធ្ងន់ធ្ងរ អាចស្លាប់បាត់បង់ជីវិតបាន ប្រសិនបេីនៅតែប្រហែសខ្លួន មេីលស្រាលលេីលទ្ធភាពនៃការបង្កជាជំងឺកូវីដ-១៩ នេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post