ឃាតកដែលបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានរត់គេចខ្លួនមកដល់ស្រុកកោះញែកខេត្តមណ្ឌលគិរី ខណៈសមត្ថកិច្ចបានដឹងមុខសញ្ញាមុន ហើយបានដាក់បារ៉ាស់តាមផ្លូវ បន្ទាប់មករថយន្តឃាតកបានបើកបំបុកបារ៉ាស់សមត្ថកិច្ចនៅស្រុកកោះញែក ហើយបានបើករត់ប្រមាណ១គីឡូម៉ែត្រ ឈប់ចុះរត់គេចខ្លួនពួននៅក្នុងព្រៃទុកប្រពន្ធនិងកូននៅក្នុងរថយន្ត។
ប្រភពពីសមត្ថកិច្ចនៅស្រុកលំផាត់បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ឃាតកបានជិះរថយន្តដឹកដូងមួយគ្រឿងមកចូលស្រុកលំផាត់តាមផ្លូវលំមួយខ្សែឆ្ពោះទៅស្រុកបរកែវ ប៉ុន្តែឃាតកបានដឹងខ្លួនជាមុន ហើយបានលោតចុះពីលើរថយន្តនៅពាក់កណ្តាលផ្លូវ ត្រង់ចំណុចឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
ប៉ុន្តែឥឡូវសមត្ថកិច្ច២ស្រុកកំពុងតាមប្រមាញ់ចាប់ខ្លួនឃាតកដែលបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនោះហើយ។
ដូចនេះគិតត្រឹមម៉ោង១២និង២០នាទី ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ សមត្ថកិច្ចមិនទាន់ចាប់បានឃាតកនៅឡើយ៕