ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉កក្នុងល្បឿនលឿន ហើយគ្មានការប្រុងប្រយ័ត្ន ក៏វាក់អើជាមួយរថយន្ត១គ្រឿង ក៏គេចក៏ជ្រុលទៅបុកពីក្រោយរថយន្តស៊េរីទំនើបទំហឹង បណ្ដាលឲ្យផុងគូថ ព្រមទាំងបែកស្តុបក្រោយ និងកំពិតទ្វារយ៉ាងដំណំ កាលពីម៉ោង៦ល្ងាច ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម៉ូតូរ៉ឺម៉កជួលដឹកអីវ៉ាន់ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ អត់ស្លាកលេខ អ្នកបើកបរ មិនត្រូវបានស្គាល់ឈ្មោះទេ និងបានរត់គេចខ្លួនបាត់ ក្រោយពីជាងវាយតម្លៃការជួសជុលអស់ច្រើនពេក។
រថយន្តស៊េរីទំនើប ម៉ាក Land Cruiser GXR V-6 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BB-7273 ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុ បុរសនោះ បានបើកបរម៉ូតូសណ្ដោងរ៉ឺម៉កធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ដោយពុំដឹងជាប្រញ៉ាប់ទៅណានោះទេ ហើយគ្មានការប្រុងប្រយ័ត្ន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុស្រាប់តែវាក់ជាមួយរថយន្ត ១គ្រឿងផ្សេងទៀត ហើយខំគេចចេញពីរថយន្តនោះ ក៏ជ្រុលទៅបុករថយន្តម៉ាក Land Cruiser ខាងលើ ដែលចតស្ងៀម នៅលើចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាតតែម្ដង។
ក្រោយពេលកើតហេតុភាគីទាំង ២ និយាយសម្រួលគ្នា ក៏ត្រូវខាងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ចុះទៅធ្វើការវាស់វែង និងនាំយកទៅកាន់ប៉ុស្តិ៍ ដើម្បីដោះស្រាយគ្នាបន្ត និងបញ្ចៀសការកកស្ទះចរាចរណ៍ផងដែរ។
ក្រោយទៅដល់ប៉ុស្តិ៍ និងមានការសម្របសម្រួលគ្នា បុរសអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កបានយល់ព្រមជួសជុលរថយន្តសងឲ្យដូចដើមវិញ។
ចំណែកឯម្ចាស់រថយន្ត ក៏បានយល់ព្រមដែរ តែស្នើសុំឲ្យនគរបាល ជួយធ្វើកិច្ចសន្យា ឲ្យបានត្រឹមត្រូវ និងហៅជាងមកវាយតម្លៃពីទំហំទឹកប្រាក់ ក្នុងការជួសជុលអស់ប៉ុន្មានសិន។
ក្រោយជាងប្រាប់ថា តម្លៃជួសជុលអស់ច្រើន ខ្ទង់ ៤ ទៅ ៥ ពាន់ដុល្លារឯណោះ ហើយការដោះស្រាយគ្នា រហូតដល់យប់ ខណៈនោះ ឆ្លៀតពេលដែលម្ចាស់រថយន្តរងគ្រោះ រួមជាមួយសមត្ថកិច្ចនគរបាលរវល់ភ្លេចខ្លួន ស្រាប់តែបុរសអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កនោះ បានរត់គេចខ្លួនបាត់ មិនទទួលខុសត្រូវនូវអ្វីដែលខ្លួនបង្កនោះឡើយ ដែលនេះទំនងឮថា ការជួសជុលអស់ច្រើនពេក។
នគរបាលប៉ុស្តិ៍ចោមចៅទី៣ បានប្រាប់ថា ក្រោយពេលម្ចាស់ម៉ូតូសណ្ដោងរ៉ឺម៉ករត់គេចខ្លួនបាត់ ព្រោះតែអត់លុយសងនោះ ម្ចាស់រថយន្ត ក៏សម្រេចឈប់ប្ដឹង និងបានសុំយករថយន្តត្រឡប់ទៅជួសជុលឡើងវិញ ដោយខ្លួនឯង៕