លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៅថ្ងៃទី១០មករានេះ បានព្រមានថា អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូនទាំងឡាយណាដែលធ្វើដំណើរចូលមកប្រទេសកម្ពុជា មិនព្រមសហការជាមួយមន្ត្រីចត្តាឡីស័កក្នុងការអនុវត្តវិធានការណ៍សុខាភិបាលដោយគេចវេសមិនធ្វើចត្តាឡីស័ក នឹងត្រូវទទួលរងការពិន័យជាប្រាក់ចាប់ពី ២សែនរៀល ដល់១លានរៀល ទៅតាមទោសកំហុសជាក់ស្តែង ដែលមានចែងនៅក្នុងអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញ-ចូល ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥។ លោកស្រីថា ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ចៀសវាងការចម្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍ គឺបងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករដែលធ្វើដំណើរវិលចូលស្រុកវិញ ត្រូវសហការជាមួយមន្ត្រីសុខាភិបាល និងត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវរយៈពេល ១៤ថ្ងៃជាកំហិត។
បន្ថែមពីលើនេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ថា អ្នកដែលប្រព្រឹត្តិខុសច្បាប់នឹងត្រូវទទួលខុសត្រូវក្នុងក្រមព្រហ្មទណ្ឌផងដែរ។ ទន្ទឹមគ្នានេះ អ្នកដែលបន្លំឯកសារពាក់ព័ន្ធនឹងសុខភាពក្នុងគោលបំណងគេចវេសពីការធ្វើចត្តាឡីស័ក នឹងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។ លោកស្រីថា ករណីបន្លំឯកសារនេះ គឺនឹងមិនអនុញ្ញាតឲ្យចេញ-ចូល ប្រទេសកម្ពុជាឡើយ។
ជាការកត់សម្គាល់កន្លងមក មានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច បានគេចវេសមិនព្រមធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការកំណត់របស់ក្រសួងសុខាភិបាល ក្នុងវិធានការទប់ស្កាត់ការចម្លងរាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។ ការគេចវេស ក៏ដូចជាការមិនព្រមធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ បើតាមលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន វាអាចជាមហន្តរាយដ៏ធំមួយសម្រាប់វិស័យសុខភាពសាធារណៈប្រជាពលរដ្ឋកម្ពុជា។ ដូច្នេះ ទាមទារឲ្យយើងគ្រប់រូបត្រូវចូលរួមទប់ស្កាត់ការចម្លងជំងឺរាតត្បាតសកលនេះទាំងអស់គ្នា។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងសុខាភិបាល អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋអនុវត្តវិធានការ ៣កុំ គឺកុំចូលទៅកន្លែងបិទជិត និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក, កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នាពេលជួបគ្នា។ ត្រូវអនុវត្តវិធានការ ៣ការពារ គឺត្រូវពាក់ម៉ាស់ជាប្រចាំ, ត្រូវលាងដៃជានិច្ចជាមួយទឹកអាកុល ជែល ឬសាប៊ូ និងត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៩១នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៧១នាក់ និងអ្នកជំងឺ២០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
ប្រភព ៖BAYON Radio