header ads

Sponsor

តាកែវ៖ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ត្រូវបានមន្ត្រីនគរបាលថ្នាក់ក្រោម និងប្រជាពលរដ្ឋក្នុងក្រុងដូនកែវ ប្តឹងទៅសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងភាពមិនស្របច្បាប់មួយចំនួនដែលលោកស្នងការរងរូបនេះបានប្រព្រឹត្តអំពើពុករលួយថាបានជំរិតទារប្រាក់ពីពលរដ្ឋ។

នៅពេលថ្មីៗនេះអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃបានចេញលិខិតបង្គាប់ការមួយទៅ លោកឧត្តមសេនីយ៍ឯក សេង វណ្ណៈ ប្រធាននាយកដ្ឋាន ប្រធាននាយកដ្ឋានទទួលពាក្យបណ្ដឹង និងអង្កេតស្រាវជ្រាវកិច្ចការនគរបាល ដឹកនាំសហការីចំនួនប្រាំនាក់ចុះមកកាន់ខេត្តតាកែវរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី ២៥ ខែមករាឆ្នាំ រាល់ថ្ងៃទី ៩ ខែមករាឆ្នាំ ២០២១ ដើម្បីអង្កេតស្រាវជ្រាវពាក្យបណ្ដឹងទាំងអស់នេះ។ ការចាត់អោយមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃចុះមកអង្កេតស្រាវជ្រាវ លើលោកលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្តតាកែវ គឺយោងទៅតាមពាក្យបណ្ដឹងរបស់មន្ត្រីនគរបាលខេត្តតាកែវ និងបងប្អូនប្រជាពលរដ្ឋមួយចំនួនក្នុងខេត្តតាកែវ ដែលបានប្ដឹងទៅកាន់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគបាលជាតិ និងប្ដឹងទៅកាន់ក្រសួងមហាផ្ទៃ ដោយបានចោទប្រកាន់លោកឧត្តមសេនីយ៍ត្រីស្នងការរង ថាពុំមានស្នាដៃក្នុងការបង្ក្រាបបទល្មើស គឺបានតែអួតអាងបង្កើតបក្សពួកគំរាមកំហែងថ្នាក់ក្រោមគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន។

បើយោងតាមពាក្យបណ្ដឹងមន្រ្តីនគបាល និងប្រជាពលរដ្ឋ ដែលអគ្គាធិការក្រសួងមហាផ្ទៃក៍បានផ្ញើជូនបន្តទៅសម្ដេចក្រឡាហោម ស ខេង បានរៀបរាប់បន្តថា កាលពីចុងឆ្នាំ ២០១៩ កន្លងមកនេះលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង រួមជាមួយបក្សពួកបានចាប់បង្ខាំងជនរងគ្រោះជំរិតយកប្រាក់ចំនួន ២០ម៉ឺនដុល្លារកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ នៅពេលនោះលោកឧត្តមសេនីយ៍ត្រីស្នងការរង និងវីរៈសេនីយ៍ទោ សេក ទូច រួមទាំងបក្ខពួកបានធ្វើសកម្មភាពចាប់បង្ខាំងជនរងគ្រោះជនជាតិវៀតណាមចំនួន ៣នាក់និងជនជាតិខ្មែរចំនួន ២នាក់ជំរិតទារប្រាក់ ១០ម៉ឺនដុល្លារ និងបានដកហូតយកខ្សែដៃខ្សែកចិញ្ចៀនពេជ្រពីជនរងគ្រោះដោយមានលោកវរសេនីយ៍ទោ រស់ សេន នាយរងការិយាល័យបុគ្គលិកជាអ្នកបកប្រែ ហើយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០ មានតំណាងជនរងគ្រោះចំនួន ២នាក់បានមកប្ដឹងតវ៉ាដល់ស្នងការដ្ឋាននគរបាលខេត្តតាកែវគឺលោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី និងលោកឧត្តមសេនីយ៍ទោ សុខ សម្បត្តិ បម្រើការងារនៅអគ្គនាយកដ្ឋានភស្តុភារវត្ថុនៃក្រសួងការពារជាតិក្នុងគោលបំណងទាមទារអោយអនុវត្តច្បាប់ចំពោះមន្ត្រីនគរបាលជាន់ខ្ពស់ខាងលើនិងទាមទារយកសម្ភារៈដែលបានដកហូតពីជនរងគ្រោះត្រឡប់មកវិញ។

ក្រោយពីមានបណ្ដឹងតវ៉ាក៏មានស្នងការរងនៅស្នងការដ្ឋាននគរបាលខេត្តតាកែវម្នាក់មិនស្គាល់ឈ្មោះបានយកសម្ភារៈប្រគល់ជូនជនរងគ្រោះវិញនៅរាជធានីភ្នំពេញ។ ករណីយ៍ខាងលើនេះតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវធ្លាប់បានកោះហៅលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង មកសាកសួរដំណើររឿងបង្ខាំងមនុស្សដោយខុសច្បាប់រូបម្ដងរួចមកហើយដែរ។

ម្យ៉ាងវិញទៀតលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង បានធ្វើឲ្យពលរដ្ឋក្នុងខេត្តតាកែវភ័យខ្លាចនិងបាត់ទំនុកចិត្តមកលើសមត្ថកិច្ចដែលជាអ្នករក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមពិសេសការកើតមានបទល្មើសជាបន្តបន្ទាប់ក្នុងមូលដ្ឋានខេត្តតាកែវហើយម្យ៉ាងទៀតលោកស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌរូបនេះរង់ចាំតែហើយអាជាមួយបទល្មើសមានចំណាត់ការជាក់ស្ដែងឡើយ។
ពាក់ព័ន្ធនិងការចុះអង្កេតស្រាវជ្រាវពីសំណាក់មន្រ្តីក្រសួងមហាផ្ទៃទៅលើមន្រ្តីស្នងការរងខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគបាលខេត្តតាកែវមិនអាចសុំការបំភ្លឺបានទេនៅថ្ងៃនេះ ក៍ប៉ុន្តែប្រភពពីមន្រ្តីនគបាលនៅស្នងការដ្ឋានបានលួចបង្ហើបថា លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង ស្នងការរងទទួលបន្ទុកព្រហ្មទ័ណ្ឌគឺជាមឹត្តភ័ក្រស្និទ្ធស្នាលរបស់លោកស្នងការដែលទើបតែផ្ទេមកពីខេត្តកំពតឲ្យមកកាន់ជាស្នងការរងទទួលបន្ទុកព្រហ្មទ័ណ្ឌនៅខេត្តតាកែវ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post